(ភ្នំពេញ)៖ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ នៅថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៤ បានជូនដំណឹងថា នៅខែក្រោយនេះ នឹងមានការតាំងពិព័រណ៍ស្នាដៃសិល្បៈ និងការសម្តែងសិល្បៈទស្សនីយភាពគ្រប់ទម្រង់ ដោយសាលាមធ្យមវិចិត្រសិល្បៈ។

សេចក្តីជូនដំណឹង បញ្ជាក់ថា ដោយទទួលបានការអនុញ្ញាត ពីលោកស្រីបណ្ឌិតសភាចារ្យរដ្ឋមន្ត្រី ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ សាលាមធ្យមវិចិត្រសិល្បៈ នឹងរៀបចំកម្មវិធីអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ នៅថ្ងៃទី០១-០២ ខែមេសា ឆ្នាំ២០២៤ ក្នុងគោលបំណងដើម្បីបង្កើនការផ្សព្វផ្សាយ និងការយល់ដឹងពីសិល្បៈវប្បធម៌ ជូនសាធារណជនទូទៅ ក៏ដូចជាដើម្បីបង្ហាញអំពីការបង្ហាត់បង្រៀនរបស់លោកគ្រូ/អ្នកគ្រូ និងការហាត់រៀនរបស់សិស្សានុសិស្ស។

ក្នុងកម្មវិធីនេះ គឺមានការតាំងពិព័រណ៍ស្នាដៃសិល្បៈរបស់សិស្សានុសិស្ស និងមានការចូលរួមពីខាងសិប្បកម្មផ្សេងៗនៅក្នុងរាជធានី និងបណ្តាខេត្តមួយចំនួន ជាពិសេសមានការសម្តែងសិល្បៈទស្សនីយភាពគ្រប់ទម្រង់ដោយសិស្សានុសិស្ស ក៏ដូចជាសិល្បករ សិល្បការិនី និងតារាល្បីៗដែលជាអតីតសិស្សសាលាមធ្យមវិចិត្រសិល្បៈ ព្រមទាំងមានការប្រគំតន្ត្រី (តន្ត្រីបុរាណ-តន្ត្រីសម័យ) ដើម្បីបង្ហាញជូននូវសិល្បៈវប្បធម៌ ប្រពៃណីដ៏ល្អផូរផង់របស់ខ្មែរ (ការថែរក្សា អភិរក្ស បេតិកភណ្ឌវប្បធម៌ (រូបី និងអរូបី) គឺជាភារកិច្ចរបស់កូនខ្មែរគ្រប់ៗរូប)៕