(ភ្នំពេញ)៖​ លោកស្រីឧត្តមសេនីយ៍ឯក ជ័យ បុប្ផា អគ្គលេខាធិការរង នៃអគ្គលេខាធិការដ្ឋាន អ.ជ.ប.គ.ញ ​បានថ្លែងថា ការបណ្តុះបណ្តាលវិជ្ជាជីវៈមុនធ្វើសមាហរណកម្មចូលក្នុងសហគមន៍ អាចបង្ការបានកុំឱ្យលាប់មកប្រើប្រាស់ គ្រឿងញៀនទ្បើងវិញ។

លោកស្រីបានថ្លែងបែបនេះ ក្នុងឱកាសដឹកនាំកិច្ចប្រជុំស្តីពីការរៀបចំមាតិកាសម្រាប់ដាក់ក្នុងកម្មវិធីទូរស័ព្ទដៃ (APP Stop Drug) ជាមួយមណ្ឌលព្យាបាល និងស្ដារនីតិសម្បទា រដ្ឋ និងឯកជនទូទាំងប្រទេសនាថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៤ ជាកិច្ចប្រជុំ Hybrid ផ្ទាល់ និងពីចម្ងាយ។

ក្នុងឱកាសនោះ លោកស្រីឧត្តមសេនីយ៍ឯក ជ័យ បុប្ផា បានជម្រាបជូនថា អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនបានរៀបចំបង្កើតកម្មវិធីទូរស័ព្ទដៃ (App Stop Drug) ដើម្បីបង្កើនវិសាលភាពនៃការផ្សព្វផ្សាយព័ត៌មានពាក់ព័ន្ធ នឹងបញ្ហាគ្រឿងញៀន ការយល់ដឹងពីផលប៉ះពាល់ និងគ្រោះថ្នាក់នៃគ្រឿងញៀន ការចែករំលែកបទពិសោធន៍ពាក់ព័ន្ធនឹងការស្រាវជ្រាវប្រមូលព័ត៌មាន កំណត់មុខសញ្ញាពាក់ព័ន្ធនឹងបទល្មើសគ្រឿងញៀន និងទីតាំងដែលទទួលការ ព្យាបាល និងស្តារនីតិសម្បទាអ្នកញៀនគ្រឿងញៀនដល់សាធារណជន និងផ្តល់ភាពងាយស្រួលដល់ឱពុកម្តាយ អាណាព្យាបាលជនរងគ្រោះ និងជនរងគ្រោះដោយសារគ្រឿងញៀនស្វែងរកសេវាព្យាបាលនិងស្តារនីតិសម្បទា។

ជាមួយនឹងការលើកឡើងពីបញ្ហាប្រឈមនានា លោកស្រីឧត្តមសេនីយ៍ឯក ជ័យ បុប្ផា បានទទួលយករាល់បញ្ហាទាំងទ្បាយដើម្បីរាយការណ៍ជូនថ្នាក់ដឹកនាំ និងបន្តសម្របសម្រួលជាមួយក្រសួងស្ថាប័នពាក់ព័ន្ធ ដើម្បីពង្រឹងប្រសិទ្ធភាពការងារព្យាបាល ស្តារនីតិសម្បទា និងសមាហរណកម្មជនរងគ្រោះដោយសារគ្រឿងញៀននៅកម្ពុជាឲ្យកាន់តែល្អប្រសើរបន្ថែមទៀត និងបានផ្តល់អនុសាសន៍ជូនលោក- លោកស្រីប្រធានមណ្ឌលទាំងអស់ដូចតទៅ៖

ទី១.ស្នើឱ្យមណ្ឌលព្យាបាល និងស្ដារនីតិសម្បទារដ្ឋ និងឯកជនទាំងអស់ វាយតម្លៃជនរងគ្រោះមុននឹងសម្រេចទទួលជនរងគ្រោះចូលមណ្ឌល
ទី២.ជំហាននៃការព្យាបាល ត្រូវធ្វើឲ្យបានម៉ត់ចត់ពិសេសដោយមានការវាយតម្លៃពីគ្រូពេទ្យជំនាញក្នុងករណីមណ្ឌលដែលអត់មានគ្រូពេទ្យឯកទេសត្រូវសហការជាមួយមន្ទីរពេទ្យបង្អែក និងមណ្ឌលសុខាភាពដែលនៅជិតបំផុត
ទី៣. ជំហាននៃការស្តារនីតិសម្បទានិងបណ្តុះបណ្តាលវិជ្ជាជីវះត្រូវធ្វើផែនការឱ្យច្បាស់លាស់
ទី៤.ការបណ្តុះបណ្តាលវិជ្ជាជីវៈដល់ជនរងគ្រោះមុនធ្វើសមាហរណកម្មចូលក្នុងសហគមន៍វិញដើម្បីឲ្យគាត់មានមុខរបរច្បាស់លាស់ចៀសវាងកុំឱ្យលាប់មកប្រើប្រាស់គ្រឿងញៀនទ្បើវិញ
ទី៥.ជំហាននៃការថែទាំបន្ត ត្រូវសហការជាមួយក្រុមគ្រួសារ ក្រុមគ្រូពេទ្យក្នុងសហគមន៍និងអាជ្ញារធរដែនដីដែលជនរងគ្រោះកំពុងរស់នៅឱ្យបានជិតស្និទ្ធ៕