(ភ្នំពេញ)៖ គ្រួសារលោកយាយក្រខ្សត់ឥតទីពឹងចំនួន ២គ្រួសារ រស់នៅស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ ដែលជាតំបន់នៅទីឆ្ងាយដាច់ស្រយ៉ាល ធ្លាប់ឆ្លងកាត់សង្គ្រាមដ៏ជូរចត់ពីអតីតកាល បានទទួលផ្ទះចំនួន ២ខ្នង ជាព្រះរាជអំណោយដ៏ឧត្តុង្គឧត្តមរបស់សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ព្រះប្រធានកិត្តិយសកាកបាទក្រហមកម្ពុជា តាមរយៈសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា។

ពិធីសម្ពោធប្រគល់-ទទួលផ្ទះខាងលើនេះ បានធ្វើឡើងនៅថ្ងៃអង្គារ ទី១២ ខែមីនា ឆ្នាំ២០២៤ក្រោមវត្តមាន លោកស្រី ម៉ែន នារីសោភ័គ អគ្គលេខាធិការរងទី១ កាកបាទក្រហមកម្ពុជា និងសហការី រួមជាមួយថ្នាក់ដឹកនាំ-មន្ត្រី អ្នកស្ម័គ្រចិត្ត និងយុវជននៃសាខាកាកបាទក្រហមកម្ពុជា ខេត្តឧត្តរមានជ័យ។

ក្នុងឱកាសនោះផងដែរ ក៏មានពិធីសម្ពោធដាក់ប្រើប្រាស់នូវអណ្តូងទឹកស្អាតចំនួន ៣ផ្សេងទៀត ដែលជាព្រះរាជអំណោយដ៏ឧត្តុង្គឧត្តមរបស់ សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ។

ក្នុងនាមកាកបាទក្រហមកម្ពុជា ដែលមាន សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាព្រះប្រធានកិត្តិយស, លោកស្រី ម៉ែន នារីសោភ័គ បានពាំនាំប្រសាសន៍ផ្ដាំផ្ញើសួរសុខទុក្ខ ក្តីនឹករលឹក និងអាណិតស្រឡាញ់ដ៏ជ្រាលជ្រៅពីសំណាក់ សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ជូនចំពោះម្ចាស់ផ្ទះថ្មីទាំង ២ខ្នង ក៏ដូចជាប្រជាជនទាំងអស់ និងបានជម្រាបជូនថា «កាកបាទក្រហមកម្ពុជា បានទទួលនូវព្រះរាជទ្រព្យចំនួន ២ម៉ឺនដុល្លារអាមេរិក ដែលជាព្រះរាជូបត្ថម្ភពី សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ នៅក្នុងឱកាសនៃទិវាខួបកំណើតរបស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន កាលពីថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៣កន្លងទៅ។

លោកស្រីបន្ដថា «បន្ទាប់ពីបានទទួលព្រះរាជូបត្ថម្ភនេះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានចាត់ឱ្យសហការី ចុះពិនិត្យជ្រើសរើសគ្រួសារដែលជាមុខសញ្ញាងាយរងគ្រោះបំផុតរបស់កាកបាទក្រហមកម្ពុជា និងទីតាំងសមស្រប ដែលអាចសាងសង់ផ្ទះបានសមរម្យ ជាពិសេសរកតំបន់ឆ្ងាយដាច់ស្រយ៉ាលដែលខ្វះខាតទឹកប្រើប្រាស់ ដើម្បីជីកអណ្តូងទឹកស្អាតជូនប្រជាជនប្រើប្រាស់តាមតម្រូវការ។ ជាក់ស្តែង ឆ្លើយតបតាមសំណើសុំរបស់សាខាកាកបាទក្រហមកម្ពុជា ខេត្តឧត្តរមានជ័យ, នៅក្នុងស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ បានពិនិត្យឃើញថា មានគ្រួសារងាយរងគ្រោះបំផុតចំនួន ២គ្រួសារ ដែលសម្តេចកិត្តិព្រឹទ្ធបណ្ឌិត បានសម្រេចសាងសង់ផ្ទះជូន និងប្រគល់ជូននាថ្ងៃនេះ។ ទន្ទឹមនឹងនេះ ក្នុងមូលដ្ឋាននេះក៏ពិនិត្យឃើញកំពុងប្រឈមនឹងការខ្វះខាតទឹកប្រើប្រាស់ ហេតុដូចនេះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ក៏បានសម្រេចផ្តល់អណ្តូងទឹកស្អាតចំនួន ៣បន្ថែមទៀតផងដែរ»។

ផ្ទះទាំងពីរខ្នងខាងលើនេះប្រើពេលវេលាសាងសង់អស់រយៈពេល ២ខែ ដែលផ្ទះនីមួយៗមានទំហំ ៤ម៉ែត x ៦ម៉ែត សង់ពីថ្ម ប្រក់ស័ង្កសី តតាកមុខផ្ទះ មានចង្ក្រានបាយ និងបន្ទប់ទឹកក្រោយផ្ទះ, និងមានចាក់សាបជុំវិញផ្ទះ សរុបតម្លៃចំនួន ៦ ០០០ដុល្លារ ត្រូវបានប្រគល់ជូន៖

ម្ចាស់ផ្ទះទី១៖ លោកយាយ ធិម ធិប អាយុ ៦៣ឆ្នាំ មានកូនសតិមិនគ្រប់ម្នាក់ និងចៅកំព្រាម្នាក់ រស់នៅភូមិសុភាព ឃុំអំពិល ស្រុកស្រុកបន្ទាយអំពិល។

ម្ចាស់ផ្ទះទី២៖ លោកយាយ ហ៊ឹម ភាព អាយុ ៧៣ឆ្នាំ មានកូនជាស្ត្រីមេម៉ាយម្នាក់ និងចៅ៣នាក់ រស់នៅភូមិវល្លិ៍យាវ ឃុំបេង ស្រុកបន្ទាយអំពិល។

ក្នុងនោះម្ចាស់ផ្ទះទាំង២ខ្នងក៏ទទួលបានបន្ថែមផងដែរនូវអំណោយសម្រាប់សង្កត់ផ្ទះនីមួយៗរួមមាន៖ អង្ករ ១០០គីឡូក្រាម, មី ៤កេស, ត្រីខ ៤០កំប៉ុង, ទឹកត្រី ១២ដប, ឃីត (មុង ភួយ សារុង ក្រមា) ២កញ្ចប់, សម្ភារក្នុងផ្ទះមួយចំនួន, សម្ភារៈផ្ទះបាយ១ឈុត, និងថវិកា ៥០ម៉ឺនរៀល។
ដោយឡែក អណ្តូងទឹកស្អាតចំនួន៣ ចំណាយថវិកាអស់ ៦,៦០០ដុល្លារ មានទីតាំងទី១ ស្ថិតក្នុងបរិវេណមណ្ឌលសុខភាពគោកឪឡោក ភូមិគោកឪឡោក ឃុំអំពិល, ទីតាំងទី២ ស្ថិតក្នុងបរិវេណសាលាបឋមសិក្សាពងទឹក ភូមិពងទឹក ឃុំអំពិល, និងទីតាំងទី៣ ស្ថិតក្នុងផ្ទះប្រជាជន ក្នុងភូមិវល្លិ៍យាវ ឃុំបេង ដែលអណ្តូងទាំង៣នេះ សម្រាប់ដោះស្រាយតម្រូវការទឹក ជូនសិស្សានុសិស្ស បុគ្គលិកសុខាភិបាល ប្រជាជនមកទទួលសេវាសុខភាពនៅមណ្ឌលសុខភាព និងប្រជាជនទូទៅរស់នៅក្នុងតំបន់ក្បែរនោះ អាស្រ័យផលប្រើប្រាស់រៀងៗខ្លួនជាដរាបតទៅ។

សម្រាប់ប្រជាជនដែលទទួលផលពីការប្រើប្រាស់អណ្តូងទឹកស្អាតខាងលើ បានបង្ហាញនូវសេចក្ដីសប្បាយរីករាយយ៉ាងខ្លាំង ដែលនៅពេលនេះបានទទួលអណ្តូងទឹកស្អាតចំនួន ៣បន្ថែមទៀត ពីកាកបាទក្រហមកម្ពុជា ដែលកន្លងមកធ្លាប់បានសាងសង់ជូនក្នុងតំបន់នេះចំនួន ១០អណ្តូងរួចមកហើយ កាលពីខែឧសភា ឆ្នាំ២០២៣ ។ជាពិសេសស្របពេលនេះអាកាសធាតុកំពុងក្តៅខ្លាំង ខ្វះខាតទឹកប្រើប្រាស់ ដែលធ្វើឱ្យពួកគាត់កាត់បន្ថយការចំណាយបានយ៉ាងច្រើន ចំណេញពេលវេលា មិនលំបាកក្នុងការស្វែងរកទឹកពីទីឆ្ងាយពីផ្ទះដូចមុនឡើយ។

ក្នុងដំណើរបេសកកម្មមនុស្សធម៌ក្នុងតំបន់ដាច់ស្រយ៉ាលនេះ, លោកស្រី ម៉ែន នារីសោភ័គ អគ្គលេខាធិការរងទី១ និងគណៈប្រតិភូកាកបាទក្រហមកម្ពុជា ក៏បានអញ្ជើញជួបសំណេះសំណាលសួរសុខទុក្ខ និងចែកអំណោយមនុស្សធម៌ជួយសម្រាលការលំបាកដល់ប្រជាជនងាយរងគ្រោះបំផុតចំនួន ២៧៤គ្រួសារ រស់នៅក្នុងភូមិចំនួន ៥៨ភូមិ នៃឃុំអំពិល និងឃុំបេង ស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ ព្រមទាំងស្ត្រីជាមាតាដែលទើបសម្រាលកូន និងមានផ្ទៃពោះ ចំនួន ៥០នាក់ នៅក្នុងមណ្ឌលសុខភាពគោកមនសែនជ័យ និងមណ្ឌលសុខភាពវល្លិ៍យាវផងដែរ។

ក្នុងឱកាសនោះលោកស្រីអគ្គលេខាធិការរងទី១ ក៏បានពាំនាំនូវក្តីនឹករលឹក ការផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់ សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ជូនចំពោះលោកយាយលោកតា ស្ត្រីជាមាតា និងបងប្អូនប្រជាជនទាំងអស់។

ទន្ទឹមនឹងនេះក្នុងឱកាសនៃយុទ្ធនាការខួបទី១៦១ ទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ ឧសភា ២០២៤ ក្រោមប្រធានបទ «រួមគ្នាជាមួយកាកបាទក្រហមកម្ពុជា ដើម្បីសហគមន៍មានសុខភាពល្អ និងមានភាពធន់នឹងអាកាសធាតុ» លោកស្រីក៏បានអំពាវនាវដល់លោកយាយលោកតា និងប្រជាជនទាំងអស់ សូមយកចិត្តទុកដាក់គិតគូរពីការថែទាំសុខភាព ធ្វើយ៉ាងណាដើម្បីឱ្យខ្លួនយើងម្នាក់ៗមានសុខភាពល្អ ដោយប្រកាន់ខ្ជាប់នូវឥរិយាបថ «ទម្លាប់រស់នៅស្អាត, ស្រឡាញ់ខ្លួន ស្ងួនចំណី, ការពារប្រសើរជាងព្យាបាល» កាត់បន្ថយការទទួលទានអាហារដែលមានជាតិប្រៃ ស្ករ ឬភេសជ្ជៈផ្អែម និងមានជាតិខ្លាញ់-ប្រេងច្រើន ដើម្បីបង្ការជំងឺលើសសម្ពាធឈាម គ្រោះថ្នាក់សរសៃឈាមខួរក្បាល បង្ការការលើសទម្ងន់ ធាត់ ជំងឺទឹកនោមផ្អែម និងជំងឺបេះដូងសរសៃឈាមជាដើម ដោយត្រូវទទួលទានបន្លែ ផ្លែឈើ និងពិសាជាតិទឹកឱ្យបានច្រើន។

បន្ថែមពីនេះលោកស្រី ម៉ែន នារីសោភ័គ លើកទឹកចិត្ដដល់ប្រជាជនទាំងអស់ចូលរួមចំណែកកាត់បន្ថយការប្រើប្រាស់ថង់ប្លាស្ទិក, កុំវេចខ្ចប់របស់ក្តៅក្នុងប្រអប់ប្លាស្ទិក ដោយប្រើស្លឹកចេក ស្លឹកឈូក ឬក្រដាសសម្រាប់វេចខ្ចប់ជំនួសវិញ, សម្អាតបរិស្ថានឱ្យបានស្អាត, ទុកដាក់និងបែងចែកសម្រាមឱ្យបានត្រឹមត្រូវ និងមិនត្រូវដុតសម្រាមប្លាស្ទិកជាដាច់ខាត និងចូលរួមដាំដំណាំគ្រួសារឱ្យបានច្រើន។
ជាងនេះទៅទៀត ក្នុងពេលបច្ចុប្បន្នដែលកំពុងមានអាកាសធាតុក្តៅខ្លាំង សូមនាំគ្នាប្រុងប្រយ័ត្ននិងមានវិធានការដូចជា៖ ការធ្វើយ៉ាងណារក្សាជាតិទឹកក្នុងខ្លួន, ស្លៀកពាក់សមរម្យ, ជៀសវាងការប៉ះកម្តៅខ្លាំង, សម្រាកក្នុងបរិយាកាសត្រជាក់, ប្រើប្រាស់សម្ភារការពារ, តាមដានបុគ្គលដែលងាយរងគ្រោះ, កុំទុកនរណាម្នាក់នៅក្នុងឡានចត និងត្រូវដឹងពីសញ្ញាព្រមាននានាជាដើម។

សូមបញ្ជាក់ថា គ្រួសារងាយរងគ្រោះបំផុតទាំង ២៧៤គ្រួសារ ក្នុងគ្រួសារនីមួយៗទទួលបាន៖ អង្ករ ២៥គីឡូក្រាម, មី ១កេស, ត្រីខ ១០កំប៉ុង, ទឹកត្រី ១យួរ, ឃីត (មុង ភួយ សារុង ក្រមា) ១កញ្ចប់ និងថវិកា ២ម៉ឺនរៀល។ ដោយឡែក ស្ត្រីជាមាតាចំនួន ៥០នាក់ ក្នុងម្នាក់ៗទទួលបាន៖ អង្ករសុខភាព ២កញ្ចប់ (ស្មើនឹង ១គីឡូក្រាម), ឃីត (មុង ភួយ សារុង ក្រមា) ១កញ្ចប់, សាប៊ូដុសខ្លួន ៤ដុំ និងថវិកា ៥ម៉ឺនរៀល៕