(ភ្នំពេញ)៖ ធនាគារជាតិនៃកម្ពុជានៅព្រឹកថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០១៦ បានរៀបចំពិធីប្រគល់សញ្ញាបត្រថ្នាក់ ប្រកាសនីយបត្រជាន់ខ្ពស់ បចេ្ចកទេសធនាគារ ជូនដល់និស្សិតជយលាភីជំនាន់ទី ២១, ២២ និង២៣ សរុបចំនូន១,៣២២នាក់។ កម្មវិធីនេះធ្វើឡើង ក្រោមអធិបតីភាពលោក ជា ចាន់តូ ទេសាភិបាល ធនាគារជាតិនៃកម្ពុជា រួមទាំងសិស្សានុស្ស និងអ្នកចូលរួមយ៉ាងច្រើនកុះករ នាសាលមហោស្រពកោះពេជ្រ។
លោក ជា ចាន់តូ បានថ្លែងក្នុងកម្មវិធីចែកសញ្ញាបត្រនេះថា «ខ្ញុំមានសេចក្ដីរីករាយ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះថ្នាក់ដឹកនាំនិងបុគ្គលិកសិក្សា នៃមណ្ឌលសិក្សាបច្ចេកទេសធនាគារ ដែលបានជួយបណ្ដុះបណ្ដាល ចែករំលែកចំណោះដឹង និងបទពិសោធន៍ ល្អៗជូនដល់និស្សិតកន្លងមក»។
លោកបានបន្ដទៀតថា លទ្ធផលដែលសម្រេចបាននូវថ្ងៃនេះ ពិតជាបានចូលរួមចំណែក ក្នុងការអនុវត្តន៍គោលនយោបាយអភិវឌ្ឍធនធានមនុស្ស របស់រាជរដ្ឋាភិបាល ដើម្បីឆ្លើយតបទៅនឹងតម្រូវការទីផ្សារការងារ ក្នុងស្រុកក៏ដូចជាក្នុងតំបន់ និងពិភពលោក ស្របតាមចរន្ដនៃការអភិវឌ្ឍន៍ រីកចម្រើននៃសេដ្ឋកិច្ចជាតិ និងសាកលភាវូបនីយកម្ម ការរីកចម្រើននៃធនធានមនុស្ស ជាពិសេសលើជំនាញធនាគារ ក្នុងការដើរតួនាទីយ៉ាងសំខាន់ផងដែរ។
ក្នុងនោះផងដែរ លោកទេសាភិបាលបានផ្ដល់ នូវចំណុចល្អៗមួយចំនួន ទៅដល់សិស្សនិស្សិតក្នុងការបន្ថែម នូវមុខជំនាញដើម្បីឆ្ពោះទៅរក ភាពជោគជ័យគឺត្រូវ បន្ថែមនូវចំណេះដឹងដូចជា៖
- ភាសាបរទេស ព្រោះភាសាបរទេស គឺជាស្ពានសម្រាប់ចំណេះដឹងការងារ និងការប្រាស្រ័យទាក់ទង
- ចំណេះដឹងផ្នែកព័ត៌មានវិទ្យា ព្រោះអាចជួយសម្រួលយ៉ាងច្រើនដល់ការប្រើប្រាស់នូវមូលធនបញ្ញា សម្រាប់ការងារប្រចាំថ្ងៃ។
- ការគោរពវិន័យការងារ និងស្មារតីអភិវឌ្ឍខ្លួនឯង គឺជាកត្តាផ្ទៃក្នុងយ៉ាងសំខាន់របស់យើងផ្ទាល់។
សូមបញ្ជាក់ថាបច្ចុប្បន្ននេះ មណ្ឌលសិក្សាបច្ចេកទេសធនាគារ ក្នុងការបណ្ដុះបណ្ដាល វគ្គសិក្សាតាំងពីជំនាន់ទី១រហូតដល់លើជំនាន់ទី២៥ មណ្ឌលសិក្សាបច្ចេកទេស ធានាគារបានចែកសញ្ញាបត្រដល់និស្សិត ជំនាន់២០ជំនាន់រួចមកហើយ និងមាននិស្សិតទាំងអស់សរុបចំនួន ១,៧៣២នាក់៕