(ភ្នំពេញ)៖ អំឡុងពេលស្នាក់នៅរាជធានីភ្នំពេញ ដើម្បីមកចូលរួមវេទិការដ្ឋាភិបាលឌីជីថល នៅព្រឹកថ្ងៃអង្គារ ទី១២ ខែមីនា ឆ្នាំ២០២៤ បណ្ឌិត កៅ គឹមហួន អគ្គលេខាធិការអាស៊ាន បានចូលជួបពិភាក្សាការងារជាមួយ លោក កើត រិទ្ធ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌។

នៅក្នុងឱកាសនោះ ភាគីទាំងពីរបានពិភាក្សាអំពីសារៈសំខាន់ នៃកិច្ចសហប្រតិបត្តិការផ្នែកច្បាប់ ការប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្មឆ្លងដែន និងការពង្រឹងនីតិរដ្ឋ ព្រមទាំងយុត្តិធម៌ព្រហ្មទណ្ឌ នៅក្នុងអាស៊ាន។

អគ្គលេខាធិការអាស៊ាន បានថ្លែងអំណរគុណប្រទេសកម្ពុជា សម្រាប់ការចូលរួម និងការចូលរួមចំណែកយ៉ាងសកម្មទៅដល់ការងារ និងកិច្ចខិតខំប្រឹងប្រែង នៅក្នុងយន្តការកិច្ចប្រជុំរដ្ឋមន្ត្រីច្បាប់អាស៊ាន និងកិច្ចប្រជុំរដ្ឋមន្ត្រី/អគ្គព្រះរាជអាជ្ញា នៃអាជ្ញាធរកណ្តាលស្តីពីជំនួយផ្លូវច្បាប់ទៅវិញទៅមកលើបញ្ហាព្រហ្មទណ្ឌ ក្នុងការស្វែងរកកិច្ចសហប្រតិបត្តិការផ្លូវច្បាប់ និងគាំទ្រដល់សហគមន៍អាស៊ានដែលផ្នែកលើច្បាប់។

នៅព្រឹកថ្ងៃអង្គារ បណ្ឌិត កៅ គឹមហួន ក៏បានចូលជួបពិភាក្សាការងារជាមួយលោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្រ្តី និងជាអនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ដើម្បីពិភាក្សាអំពីកាលានុវត្តភាពផ្នែកធុរកិច្ច សេដ្ឋកិច្ច និងការវិនិយោគដែលមិនទាន់បានប្រើប្រាស់ នៅក្នុងអាស៊ាន។

នៅក្នុងឱកាសនោះ អគ្គលេខាធិការអាស៊ាន បានអះអាងចំពោះ ឧបនាយករដ្ឋមន្រ្តី នូវការគាំទ្រឥតងាករេរបស់លេខាធិការដ្ឋានអាស៊ាន នៅក្នុងការជំរុញរបៀបវារៈផ្នែកសេដ្ឋកិច្ចរបស់អាស៊ាន រួមទាំង ការជំរុញភាពទាក់ទាញរបស់អាស៊ាន ជាគោលដៅវិនិយោគសកល។

នៅរសៀលថ្ងៃអង្គារ បណ្ឌិត កៅ គឹមហួន ក៏បានចូលជួបពិភាក្សាការងារជាមួយលោកបណ្ឌិត ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ ដើម្បីពិភាក្សាអំពីការវិវត្តន៍ចុងក្រោយបង្អស់ នៅក្នុងបរិវត្តកម្មឌីជីថល និងសេដ្ឋកិច្ចឌីជីថលនៅក្នុងអាស៊ាន។

នៅក្នុងឱកាសនោះ អគ្គលេខាធិការអាស៊ាន ក៏បានអបអរសាទរក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ នៅក្រោមការដឹកនាំរបស់ ឯកឧត្តមបណ្ឌិត ជា វ៉ាន់ដេត ដែលបានរៀបចំវេទិការដ្ឋាភិបាលឌីជីថលប្រកបដោយភាពជោគជ័យ និងទទួលបានលទ្ធផលប្រកបដោយផ្លែផ្កា និងជាទីមោទនៈ៕