(ព្រៃវែង)៖ អនុវត្តតាមអនុសាសន៍របស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា និងជាឥស្សរជនឆ្នើមថ្នាក់ជាតិនៃវេទិការពិភពលោកឆ្លើយតបជំងឺអេដស៍ និងមេរោគអេដស៍នៅកម្ពុជា ក្រុមការងារដែលដឹកនាំដោយលោក យូ ឡាណា អគ្គលេខាធិការរងទី២ កាកបាទក្រហមកម្ពុជា។

ពិធីចុះផ្សព្វផ្សាយនេះមានការចូលរួមពីលោក សុខ ផេង អនុប្រធានអចិន្ត្រៃយ៍គណៈសាខា តំណាងលោក សួន សុម៉ាលីន ប្រធានគណៈកម្មាធិការសាខាខេត្តព្រៃវែង  ព្រមទាំងនិមន្តចូលរួមពីព្រះសុខុមសត្ថា ឈួន តុងស្រ៊ីន ប្រធានគណៈកិត្តិយសអនុសាខា លោក សឿង សុជាតិ ប្រធានគណៈកម្មាធិការអនុសាខា ព្រមទាំង មន្ត្រី បុគ្គលិក ប្រជាពលរដ្ឋ អ្នកស្ម័គ្រចិត្ត យុវជនកាកបាទក្រហមកម្ពុជា សិស្សានុសិស្សសរុប ១៧៥នាក់ ស្រី៧៨ នាក់ នាព្រឹកថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៤ បន្តផ្សព្វផ្សាយខ្លឹមសារខួបទី ១៦១ ទិវាពិភពលោក កាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ ឧសភា ២០២៤ ក្រោមប្រធានបទ «រួមគ្នាជាមួយកាកបាទក្រហមកម្ពុជា ដើម្បីសហគមន៍មានសុខភាពល្អ និងមានភាពធន់នឹងអាកាសធាតុ» ជូនប្រជាពលរដ្ឋនៅស្រុកកញ្ជ្រៀច។

លោកអគ្គលេខាធិការរងទី២ បានពាំនាំប្រសាសន៍ផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ជូនដល់អង្គពិធីទាំងមូល និងបានបង្ហាញជូននូវគោលបំណងដូចតទៅ៖ (១)ផ្សព្វផ្សាយពីអ្វីដែល កាកបាទក្រហមកម្ពុជា បាននិងកំពុងធ្វើ  (២)បង្ហាញពីសមិទ្ធផល និងវឌ្ឍនភាពរបស់កាកបាទក្រហមកម្ពុជា (៣)បន្តអំពាវនាវដល់សប្បុរសជនគ្រប់មជ្ឈដ្ឋាន ដើម្បីកៀរគររកមូលនិធិ។

ក្នុងឱកាសនោះ ក្រុមការងារបានផ្សព្វផ្សាយអំពីសុខភាពសហគមន៍ និងសហគមន៍មានភាពធន់នឹងអាកាសធាតុ ព្រមទាំងលើកយកនូវជំងឺឆ្លង និងជំងឺមិនឆ្លងរួមមាន ជំងឺមហារីក, ជំងឺទឹកនោមផ្អែម, ជំងឺរលាកផ្លូវដង្ហើមរ៉ាំរ៉ៃ និងជំងឺបេះដូងសរសៃឈាម និងផ្សព្វផ្សាយពីសហគមន៍មានភាពធន់នឹងការប្រែប្រួលអាកាសធាតុ តាមរយៈការមិនប្រើប្រាស់ថង់ប្លាស្ទិក កុំដុតសំរាម កាត់បន្ថយការប្រើប្រាស់ថាមពលអគ្គិសនី ប្រើប្រាស់ថាមពលកកើតឡើងវិញ ចូលរួមដាំដើមឈើ បន្លែគ្រួសារ និងប្រើប្រាស់ទឹកដោយសន្សំសំចៃ។

ជាមួយគ្នានោះ អ្នកចូលរួមមានសេចក្តីរីករាយ និងឆ្លើយសំណួរ យ៉ាងផុលផុសអំពីការកាត់បន្ថយបញ្ហាសុខភាពសហគមន៍ ការប្រែប្រួលអាកាសធាតុ និងបានទទួលរង្វាន់លើកទឹកចិត្តចំនួន១២នាក់ ក្នុងម្នាក់ទទួលបានបំពង់ទឹក១ និងសាប៊ូ៤ដុំ ដោយឡែកអ្នកចូលរួមផ្សេងទៀតក៏ទទួលបានអង្កសុខភាពក្នុងម្នាក់១កញ្ចប់ផងដែរ។

បន្ថែមលើសពីនេះ លោក យូ ឡាណា បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះលោក លោកស្រី ឧកញ៉ា លោក លោកស្រី គណៈកិត្តិយសសាខា គណៈកម្មាធិការសាខា អនុសាខា មន្ត្រីក្រុមប្រតិបត្តិសាខា-អនុសាខា សប្បុរសជននានា ដែលបានជួយដល់កាកបាទក្រហមកម្ពុជាកន្លងមក និងសូមអំពាវនាវបន្តចូលរួមគាំទ្រជួយដល់កាកបាទក្រហមកម្ពុជា ដើម្បីបុព្វហេតុមនុស្សធម៌ជួយដល់ជនរងគ្រោះ និងជនងាយរងគ្រោះ៕