(ភ្នំពេញ)៖ បណ្ឌិត ម៉ៅ ហាវណ្ណាល់ រដ្ឋមន្ដ្រីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល បានស្នើសុំដល់គ្រប់ក្រសួង-ស្ថាប័ន និងរដ្ឋបាលដែនដីទាំងអស់ពាក់ព័ន្ធ ត្រូវសហការឲ្យបានជិតស្និត ជាមួយរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល មុននឹងផ្តល់អាជ្ញាប័ណ្ណ ឬ ផ្ដល់លិខិតអនុញ្ញាតសាងសង់សំណង់អគារគ្រប់ប្រភេទ នៅក្នុងតំបន់អាកាសយានដ្ឋានអន្តរជាតិតេជោ។

ការស្នើសុំបែបនេះ ធ្វើឡើងក្នុងឱកាសដែលបណ្ឌិត ម៉ៅ ហាវណ្ណាល់ អញ្ជើញចូលរួម ក្នុងពិធីចុះពិនិត្យវឌ្ឍនភាព នៃគម្រោងសាងសង់អាកាសយានដ្ឋានអន្ដរជាតិតេជោ ក្រោមអធិបតីភាពសម្ដេចមហាបវធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា នៅថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៤។

បណ្ឌិត ម៉ៅ ហាវណ្ណាល់ បានបញ្ជាក់យ៉ាងដូច្នេះថា «ស្នើសុំដល់គ្រប់ក្រសួង-ស្ថាប័ន និងរដ្ឋបាលដែនដីទាំងអស់ពាក់ព័ន្ធ ត្រូវសហការឲ្យបានជិតស្និត ជាមួយរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល មុននឹងផ្តល់អាជ្ញាប័ណ្ណ ឬ ផ្ដល់លិខិតអនុញ្ញាតសាងសង់សំណង់អគារគ្រប់ប្រភេទ ដោយត្រូវគោរពតាមសេចក្ដីកំណត់ ស្ដីពីការគ្រប់គ្រងកម្ពស់ឧបសគ្គអាកាសយានដ្ឋានអន្តរជាតិតេជោ ជាកំណត់»

បណ្ឌិត ម៉ៅ ហាវណ្ណាល់ បានលើកឡើងថា ការស្នើបែបនេះ ដើម្បីជៀសវាងការបង្កើតឲ្យមានឧបសគ្គ ដែលបង្កឡើងដោយមនុស្ស និងដើម្បីធានាបានសុវត្ថិភាព សន្ដិសុខ និងប្រក្រតីភាព កិច្ចប្រតិបត្តិការអាកាសយានគ្រប់ប្រភេទ នៅក្នុងតំបន់ប្រតិបត្តិការអាកាសយានដ្ឋានអន្តរជាតិតេជោ។

លោកបណ្ឌិតក៏បានស្នើសុំដល់គ្រប់បណ្ដាវិនិយោគិនទាំងអស់ ជាពិសេសធនាគារពាណិជ្ជ នឹងបន្តគាំទ្រផ្ដល់ហិរញ្ញប្បទានបន្ថែមទៀត តាមរយៈការទិញសញ្ញាប័ណ្ណ នៅពេលដែលមានតម្រូវការបោះផ្សាយសញ្ញាប័ណ្ណបន្ថែមរបស់ក្រុមហ៊ុន ខេមបូឌា អ៊ែរផត អ៊ិនវេសមិន ខូអិលធីឌី នៅពេលក្រោយទៀត។

ការស្នើបែបនេះ ដើម្បីឲ្យគម្រោងអភិវឌ្ឍអាកាសយានដ្ឋានអន្តរជាតិតេជោ លំដាប់ថ្នាក់ 4F ធំជាងគេនៅកម្ពុជា និងលំដាប់ថ្នាក់ខ្ពស់បំផុត នៃស្តង់ដាអង្គការអាកាសចរណ៍ស៊ីវិលអន្តរជាតិមួយនេះ បញ្ចប់បានពេញលេញស្របតាមផែនការមេ និងដំណាក់កាលសាងសង់ដែលបានគ្រោងទុក។

សូមជម្រាបថា គម្រោងសាងសង់អាកាសយានដ្ឋានអន្តរជាតិតេជោ ត្រូវបានប្រកាសឡើងក្នុងដំណើរទេស្សនកិច្ចរបស់​លោកនាយករដ្ឋមន្ត្រីចិន លី ខឺឈាង មកកម្ពុជា កាលពីខែមករា ឆ្នាំ២០១៨។

សម្តេចតេជោ ហ៊ុន សែន និងលោក លី ខឺឈាង បានអញ្ជើញជាអធិបតីភាព ក្នុងពិធីចុះហត្ថលេខាគម្រោងវិនិយោគ​រវាងក្រុមហ៊ុន​សាជីវកម្មវិនិយោគក្រៅប្រទេសកម្ពុជា (OCIC) របស់អ្នកឧកញ៉ា ពុង ឃាវសែ និងក្រុមហ៊ុនចិននាពេល​នោះផងដែរ។

អាកាសយានដ្ឋានអន្តរជាតិតេជោជាប្រភេទ 4F គឺប្រភេទព្រលានយន្តហោះធំ ដែលអាចស្រូបយក និង​ទទួលបានការហោះហើរពីឆ្ងាយឆ្លងទ្វីប ដែលអាចឲ្យប្រភេទយន្ត​ហោះ​ធុនយក្ស រហូតដល់ Airbus A380-800 និង យន្តហោះ Boeing 747-800 ចុះចតបាន។ ក្រុមហ៊ុនវិនិយោគមានមហិច្ឆិតាអភិវឌ្ឍន៍​ជាព្រលានយន្តហោះថ្មីនេះ​ឱ្យធំ និងទំនើបជាងគេនៅតំបន់អាស៊ី។

គិតត្រឹមថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៤ ការសាងសង់អាកាសយានដ្ឋានអន្តរជាតិតេជោ លំដាប់ថ្នាក់ 4F ដំណាក់កាលទីមួយ សម្រេចបានប្រមាណ ៦៦.១ភាគរយ និងបានចំណាយទឹកប្រាក់សរុប សម្រាប់ការ​សាង​សង់ចំនួន ៩៦១លានដុល្លារអាមេរិក នៃគម្រោងទឹកប្រាក់វិនិយោគសរុបចំនួន ១,៥០០លាន​ដុល្លារ​អាមេរិក។

ហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗនៅក្នុងព្រលានដែលសម្រេចបានរួមមាន៖

* អគារស្ថានីយអ្នកដំណើរ សម្រេចបាន ៥៦.៨ភាគរយ គ្រោងនឹងបញ្ចប់នៅខែធ្នូ ឆ្នាំ២០២៤
* ហេដ្ឋារចនាសម្ព័ន្ធហោះហើរ សម្រេចបាន ៦៤.៤ភាគរយ គ្រោងនឹងបញ្ចប់នៅខែកក្កដា ឆ្នាំ២០២៤
* អគារបញ្ហាចរាចរណ៍ដែនអាកាស សម្រេចបាន ១០០ភាគរយ បញ្ចប់រួចរាល់នៅខែមករា ឆ្នាំ២០២៤
* មជ្ឈមណ្ឌលផ្គត់ផ្គង់ថាមពល សម្រេចបាន ៧៦.៨ភាគរយ គ្រោងនឹងបញ្ចប់នៅខែមេសា ឆ្នាំ២០២៤
* ការភ្ជាប់បណ្ដាញទឹក-ភ្លើង ពីប្រភពដើមចូលមកអាកាសយានដ្ឋានអន្តរជាតិតេជោ សម្រេចបាន ៨៥% គ្រោងនឹងបញ្ចប់នៅខែមេសា ឆ្នាំ២០២៤
* សំណង់-អគារ ទ្រទ្រង់ប្រតិបត្តិការអាកាស និងប្រតិបត្តិការផ្ទៃដីសម្រេចបាន ៦០ភាគរយ គ្រោងនឹងបញ្ចប់នៅខែមិថុនា ឆ្នាំ២០២៤។

អាកាសយានដ្ឋានអន្តរជាតិតេជោលំដាប់ថ្នាក់ 4F ដំណាក់កាលទីមួយ គ្រោងនឹងបើកឲ្យដំណើរការនៅ​ឆមាស​ទីមួយ ឆ្នាំ២០២៥ខាងមុខនេះ៕