(ភ្នំពេញ)៖ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ លោក ហេង សួរ បានបង្ហាញពីបំណងចង់ឃើញនិស្សិតនៃវិទ្យាស្ថាន ប៉េ អេស អឺ (PSE) ក្លាយជាគំរូដែលនាំយុវជនចាប់អារម្មណ៍ជំនាញវិជ្ជាជីវៈ ហេតុនេះហើយលោកបានផ្តាំនិស្សិតនៃវិទ្យាស្ថាននេះ ជួយផ្សព្វផ្សាយពីផែនការរបស់រាជរដ្ឋាភិបាល ដែលត្រូវការអ្នកចេះជំនាញនេះ ដល់ទៅ ១.៥លាននាក់ ត្រឹមឆ្នាំ២០២៥។

លោក ហេង សួរ ថ្លែងបែបនេះក្នុងពិធីប្រគល់សញ្ញាបត្រជូនដល់សិស្ស-និស្សិត វិទ្យាស្ថាន ប៉េ អេស អឺ នៃអង្គការដើម្បីភាពញញឹមនៃកុមារ សម្រាប់ឆ្នាំសិក្សា ២០១៨-២០២០ ចំនួន ៩០៥នាក់ នៅថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៤។

ក្នុងចំណោមសិស្ស និស្សិតជ័យលាភីទាំង ៩០៥នាក់ (ជនមានពីការភាព ១នាក់ និងស្ត្រីមានផ្ទៃពោះ ១០នាក់ និងស្រីចំនួន ៤៦៤នាក់ ដែលក្នុងនោះមាន៖

* បរិញ្ញាបត្រគ្រប់គ្រងអាជីវកម្ម ចំនួន ៤២នាក់
* សញ្ញាបត្រជាន់ខ្ពស់បច្ចេកទេស ចំនួន ១៣៧នាក់
* សញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈ៣ ចំនួន ៤៥១នាក់
* សញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈ២ ចំនួន ៥៧នាក់
* សញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈ១ ចំនួន ៥នាក់
* និងវិញ្ញាបនបត្រវិជ្ជាជីវៈស្ពានចម្លងបន្តជំនាញ ចំនួន ២១៣នាក់។

លោក ហេង សួរ បានចាត់ទុកថា សិស្ស និស្សិតជ័យលាភីទាំង ៩០៥នាក់នេះ ជាការទទួលបានបន្ថែមទៀតនូវធនធានមនុស្សផ្នែកបច្ចេកទេស សម្រាប់បម្រើឱ្យការអភិវឌ្ឍប្រទេសជាតិ ក៏ដូចជាការដោះស្រាយបញ្ហាទាក់ទងនឹងការអភិវឌ្ឍនៅក្នុងក្រុមគ្រួសាររបស់ខ្លួនផងដែរ។

«ក្នុងនាមក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងក្នុងនាមខ្លួនខ្ញុំ ខ្ញុំសូមសម្តែងនូវការ កោតសរសើរចំពោះវឌ្ឍនភាពនៃវិទ្យាស្ថាន ប៉េ អេស អឺ និងសិក្ខាកាម សិស្ស និស្សិតជ័យលាភី ទាំងអស់ ដែលធ្វើឱ្យសម្រេចបាននូវលទ្ធផលដ៏ល្អប្រសើរ ស្របទៅតាមកិច្ចខិតខំប្រឹងប្រែងរបស់ខ្លួន នារយៈពេលកន្លងមក និងស្របទៅតាមគោលការណ៍បទដ្ឋានបច្ចេកទេសរបស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ក្នុងការបណ្តុះបណ្តាលធនធានមនុស្សទៅតាមតួនាទី និងភារកិច្ចរៀងៗខ្លួន»។ លោក ហេង សួរ បញ្ជាក់បន្ថែម។

អង្គការដើម្បីភាពញញឹមនៃកុមារ ហៅកាត់ជាភាសាបារាំងថា PSE ជាអង្គការក្រៅរដ្ឋាភិបាលមួយ ដែលមិនប្រកាន់សាសនា និងនិន្នាការនយោបាយណាមួយឡើយ។ PSE ត្រូវបានបង្កើតឡើងក្នុងប្រទេសកម្ពុជានៅក្នុងឆ្នាំ១៩៩៦ ដោយលោក និងលោកស្រី Christian និង Marie-France Des Pallières។ ដើម្បីបំពេញបេសកកម្មក្នុងប្រទេសកម្ពុជា យើងបានចុះអនុសារណៈជាមួយ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ក្រសួងអប់រំយុវជន និងកីឡា ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងក្រសួងសង្គមកិច្ច ព្រមទាំងទទួលបានការសហការយ៉ាងជិតស្និទជាមួយ រដ្ឋបាលមូលដ្ឋាន។

លោកស្រី ដេប៉ាលីយែរ លក្ខិណា នាយិកាគ្រប់គ្រងទូទៅនៃអង្គការដើម្បីភាពញញឹមនៃកុមារ បានថ្លែងថា អង្គការនេះ មានទស្សនៈវិស័យដូចតទៅ៖

* កុមារដែលឃ្លាន ត្រូវមានអាហារបរិភោគ
* កុមារដែលមានជំងឺ ត្រូវទទួលបានការព្យាបាល
* កុមារដែលមិនបានចូលរៀន ត្រូវទទួលបាននូវការអប់រំ ទាំងចំនេះដឹងទូទៅ និងការបណ្តុះ បណ្តាលវិជ្ជាជីវៈ
* កុមាររងគ្រោះ ត្រូវទទួលបានការការពារ និងថែទាំ។

វិទ្យាស្ថាន ប៉េ អេស អឺ ដែលជាកម្មវិធីមួយនៃអង្គការដើម្បីភាពញញឹមនៃកុមារ មានបេសកកម្មជួយកុមារនិងយុវជនឱ្យមានជំនាញវិជ្ជាជីវៈ ដែលអាចប្រកបការងារជាមួយនឹងអាជីពមួយច្បាស់លាស់ និងមានសមត្ថភាពប្រកួតប្រជែងក្នុងទីផ្សារការងារ។ កម្មវិធីបានបង្កើតឡើងក្នុងឆ្នាំ២០០០ និងទទួលបានការទទួលស្គាល់ជាផ្លូវការនៅឆ្នាំ២០១១ ពីសំណាក់រាជរដ្ឋាភិបាលកម្ពុជា ដើម្បីផ្តល់នូវសកម្មភាពអប់រំ និងបណ្តុះ បណ្តាលបច្ចេកទេសវិជ្ជាជីវៈ ដោយស្ថិតនៅក្រោមអាណាព្យាបាល និងការទទួលស្គាល់កម្មវិធីសិក្សាពីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។

បេសកកម្មរបស់វិទ្យាស្ថាន គឺផ្ដល់នូវការបណ្ដុះបណ្ដាលជំនាញសមស្របមួយទៅកាន់សិស្សម្នាក់ៗ ដើម្បីឱ្យពួកគេអាចធ្វើការវិវឌ្ឍន៍ខ្លួនក្នុងការចាប់យកមូលដ្ឋាននៃជំនាញបែបអាជីព ដែលឆ្លើយតបទៅនឹងយុទ្ធសាស្រ្តចតុកោណនៃរាជរដ្ឋាភិបាលកម្ពុជា «យុវជនម្នាក់មានជំនាញមួយយ៉ាងតិចប្រចាំជីវិត»។ បច្ចុប្បន្ន ជាការរួមចំណែក ក្នុងការកសាងធនធានមនុស្សសម្រាប់សង្គមជាតិកម្ពុជា ប៉េ អេស អឺ កំពុងផ្ដល់ការបណ្ដុះបណ្ដាលទៅលើ ១៨ជំនាញ ក្នុង៥វិស័យការងារផ្សេងគ្នាគឺ៖ វិស័យសំណង់ វិស័យមេកានិក វិស័យបច្ចេកទេសភាពយន្ត វិស័យធុរកិច្ចគ្រប់គ្រងអាជីវកម្ម និងវិស័យបដិសណ្ឋារកិច្ច និងទេសចរណ៍។ ប៉េ អេស អឺ ក៏មានផ្ដល់អាហារូបករណ៍ដល់សិស្ស ឱ្យសិក្សាលើឯកទេស/ជំនាញមួយចំនួនផ្សេងទៀត នៅតាមបណ្ដាគ្រឹះស្ថានសិក្សានានា នៅក្នុងប្រទេសកម្ពុជា និងប្រទេសដទៃទៀតផងដែរ។

លោកស្រី ដេប៉ាលីយែរ លក្ខិណា បានបញ្ជាក់ថា «មកដល់ពេលបច្ចុប្បន្ននេះ មានយុវជនសរុបចំនួនជាង ៦៥០០នាក់ (ជាង៥០% ជាយុវនារី និង ៧៤% ស្ថិតក្នុងកម្រិតសញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈ១ ២ និង៣) ដែលទទួលបានការបណ្តុះបណ្តាលពីវិទ្យាស្ថានប៉េ អេស អឺ និងកំពុងបម្រើការក្នុងវិស័យផ្សេងៗគ្នាក្នុងទីផ្សារការងារ។ ជារៀងរាល់ឆ្នាំសិក្សា ជាមធ្យម ៩៥%នៃសិស្សនិស្សិតរបស់យើង ទទួលបានការងារធ្វើភ្លាមៗក្រោយពេលបានបញ្ចប់ការសិក្សា។ ក្នុងនោះ មានយុវជនចំនួនជាង ១៨០០នាក់ ដែលបានឆ្លងកាត់ ការបណ្តុះបណ្តាលពីកម្មវិធីស្ពានចម្លងបន្តជំនាញ មុននឹងទទួលបានការបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈពីកម្មវិធីរបស់យើង»

សូមជម្រាបថា ចាប់តាំងពីឆ្នាំ១៩៩៦ ប៉េ អេស អឺ បានជួយកុមារ និងយុវជនដែលមកពីគ្រួសារទីទ័លក្រ និងមិនបានទទួលការអប់រំ ដែលស្ថិតនៅរាជធានីភ្នំពេញ ខេត្តសៀមរាប និងខេត្តព្រះសីហនុ តាមរយៈកម្មវិធីប្រតិបត្តិចំនួន ៦ ធំៗគឺ៖ កម្មវិធីអាហារ កម្មវិធីសុខភាព កម្មវិធីការពារនិងការស្នាក់នៅ កម្មវិធីអប់រំចំណេះដឹងទូទៅ កម្មវិធីបណ្តុះបណ្តាលវិជ្ជាជីវៈ និងឧត្តមសិក្សា និងកម្មវិធីផ្តល់ជំនួយដល់គ្រួសារ។ កម្មវីធីទាំងអស់នេះ គឺជាការចូលរួមចំណែកជាមួយនឹងគោលនយោបាយរបស់រាជរដ្ឋាភិបាល៕