(ភ្នំពេញ)៖ ក្រសួងសាធារណការ និងដឹកជញ្ជូន រួមនិងអង្គការ JICA បាននិងកំពុងសិក្សាពីលទ្ធភាព អនុវត្តគម្រោងប្រព័ន្ធប្រតិបត្តិការ រថភ្លើងស្វ័យប្រវត្តិ (AGT) ពីរាជធានីភ្នំពេញ ឆ្ពោះទៅកាន់ព្រលានយន្តហោះ អន្តរជាតិភ្នំពេញ ដើម្បីសម្រួលការធ្វើដំណើរទៅកាន់ ព្រលានយន្តហោះអន្តរជាតិភ្នំពេញ។
លោកទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល រដ្ឋមន្រ្តីក្រសួងសាធារណការ និង ដឹកជញ្ជូន នៅថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០១៦ម្សិលមិញនេះ បានជួបជាមួយលោក Tanaka Yasushi អគ្គនាយកទទួលបន្ទុក តំបន់អាស៊ីអាគ្នេយ៍ និងប៉ាស៊ីហ្វី នៃអង្គការ JICA ពិភាក្សាទៅលើគម្រោង មួយនេះ។
លោក Yasushi បានថ្លែងក្នុងជំនួបពិភាក្សានោះថា អង្គការ JICA បានធ្វើការសិក្សាអំពីលទ្ធភាពដំបូង នៃគម្រោងបង្កើតប្រព័ន្ធដឹកជញ្ជូន តាមជាយក្រុងសម្រាប់រាជធានីភ្នំពេញ កាលពីឆ្នាំទៅ ហើយបច្ចុប្បន្នកំពុងរៀបចំធ្វើការសិក្សាអំពីលទ្ធភាពពេញលេញបន្ថែមទៀត។
លោកទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល បានប្រាប់ Fresh News តាមទូរស័ព្ទនាព្រឹកថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០១៦នេះថា គម្រោងប្រព័ន្ធប្រតិបត្តិការ រថភ្លើងស្វ័យប្រវត្តិនេះ ជាគម្រោងមួយអាចជួយកាត់បន្ថយ ការកកស្ទះចរាចរណ៍ក្នុងរាជធានីភ្នំពេញ។
តែលោកទេសរដ្ឋមន្រ្តីថា គម្រោងនេះ កំពុងស្ថិតក្នុងដំណាក់កាល ពិចារណាដោះស្រាយនៅឡើយ។ លោករដ្ឋមន្រ្តី ក៏បានស្នើសុំឲ្យអង្គការ JICA ពិភាក្សាអំពីបញ្ហានៃការផ្តល់មូលនិធិ ជាមួយក្រសួងជាមួយ ក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ មុនពេលចាប់ផ្តើមការសិក្សាពី លទ្ធភាពពេញលេញ៕