(បាត់ដំបង)៖ លោកឧត្ដមសេនីយ៍ត្រី ហែម វុទ្ធី មេបញ្ជាការកងរាជអាវុធហត្ថខេត្តបាត់ដំបង បានលើកឡើងថា ស្ត្រីគ្រប់រូប មានតួនាទីយ៉ាងសំខាន់ក្នុងការអភិវឌ្ឍនៅក្នុងក្រុមគ្រួសារ និងសង្គមជាតិ ហេតុដូចនេះស្ត្រីគ្រប់រូបត្រូវមានស្មារតីចូលរួមក្នុងការថែរក្សា ការពារសន្តិភាពនៅកម្ពុជា។
ការលើកឡើងបែបនេះរបស់លោកឧត្ដមសេនីយ៍ត្រី ហែម វុទ្ធី បានធ្វើឡើងក្នុងឱកាសដែលលោកអញ្ជើញជួបសំណេះសំណាល ដល់អាវុធហត្ថនារី និងនាយទាហានក្រោមឱវាទ ព្រមទាំងភរិយា ក្នុងពិធីអបអរសាទរខួបលើកទី១១៣ ទិវាអន្តរជាតិនារី ៨ មីនា ក្រោមប្រធានបទ «ស្រ្តី និងក្មេងស្រីក្នុងបរិវត្តកម្មឌីជីថល» នារសៀលថ្ងៃទី១១ ខែមីនាឆ្នាំ២០២៤ នៅទីបញ្ជាការដ្ឋានអាវុធហត្ថខេត្តបាត់ដំបង។
លោកមេបញ្ជាការបាន លើកឡើងពីប្រធានបទ «ស្រ្តី និងក្មេងស្រីក្នុងបរិវត្តកម្មឌីជីថល» ក្នុងគោលបំណងបន្តរំលេចពីតម្លៃនៃសន្តិភាព និងការលើកកម្ពស់ វប្បធម៌អហិង្សាដែលរាជរដ្ឋាភិបាលបាន និងកំពុងគាំទ្រជំរុញឱ្យមានការចូលរួមពីគ្រប់ស្ថាប័ន រួមទំាងបុរសទាំងស្រ្តី ដើម្បីវឌ្ឍនភាពសង្គមឆ្ពោះទៅលើកកម្ពស់សិទ្ធិ ស្ថានភាពជីវភាព ឋានៈ តួនាទីរបស់ស្ត្រីក៏ដូចជាសុខមាលភាពសង្គម ដោយធ្វើការទប់
ស្កាត់និងកាត់បន្ថយអំពើហិង្សាលើស្រ្តីផងដែរ។
លោកឧត្ដមសេនីយ៍ត្រី ហែម វុទ្ធី បានបញ្ជាក់ថា ក្នុងនាមកងកម្លាំងកងរាជអាវុធហត្ថខេត្តនឹងបន្តធ្វើកិច្វការជាច្រើនបន្ថែមទៀតឱ្យកាន់តែប្រសើឡើង ពិសេសលើកស្ទួយស្រ្តីទាំងអស់មានតួនាទី យេនឌ័រ ជាថ្នាក់ដឹកនាំនៅតាមគ្រប់មូលដ្ឋានកងរាជអាវុធហត្ថក្រុង ស្រុកទាំង
អស់ក្នុងខេត្ត ដែលប្រមុខរាជរដ្ឋាភិបាលបានអនុវត្តកន្លងមក ហើយបន្តលើកកម្ពស់ស្រី្តបន្ថែមទៀតផងដែរ។
នាក្នុងឱកាសនោះផងដែរ លោកមេបញ្ជាការ បានឧបត្ថម្ភដល់អាវុធហត្ថនារីចំនួន១៧នាក់ ក្នុងម្នាក់ៗទទួលបាច់ផ្កា០១ និងថវិកាចំនួន ២០ម៉ឺនរៀលផងដែរ៕