(ភ្នំពេញ)៖ ឧត្តមសេនីយ៍ឯក នាក់ យុទ្ធា អគ្គលេខាធិការស្តីទីអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន នៅថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៤ បានថ្លែងថា ការចូលរួមពីប្រជាពលរដ្ឋសម្អាតបានផ្ទះមួយ បឹងមួយ ភូមិមួយ គ្មានគ្រឿងញៀន យើងនឹងឈានឆ្ពោះទៅសម្អាត បានប្រទេសមួយទាំងមូលពីបញ្ហាគ្រឿងញៀន។
ក្នុងឱកាសនោះ ឧត្តមសេនីយ៍ឯក នាក់ យុទ្ធា បានលើកឡើងពីការងារប្រយុទ្ធប្រឆាំងគ្រឿងញៀន ដែលជាការងារអាទិភាពរបស់រាជរដ្ឋាភិបាលនីតិកាលទី៧ ដើម្បីឈានដល់ការបោសសម្អាតគ្រឿងញៀននៅកម្ពុជា ពិសេសការដាក់ចេញនូវបទបញ្ជាម៉ឹងម៉ាត់០០១បប « សម្អាតចកចេញពីបឹង» របស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃកម្ពុជា។
ឧត្តមសេនីយ៍ឯក នាក់ យុទ្ធា បានថ្លែងលើកឡើងពីគោលការណ៍ណែនាំទាំង៦ចំណុច ដែលបានដាក់ចេញដោយសន្តិបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្រ្តី ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន មានការងារផ្សព្វផ្សាយ អប់រំ យន្តការគ្រប់គ្រងសារធាតុគីមីផ្សំ ការទប់ស្កាត់ការនាំចូលគ្រឿងញៀន ការទប់ស្កាត់ការកែឆ្នៃផលិតគ្រឿងញៀន ការលុបបំបាត់ការប្រើប្រាស់និងជួញដូរគ្រឿងញៀន និងការតាមដានត្រួតពិនិត្យ និងវាយតម្លៃការងារ ប្រយុទ្ធប្រឆាំងគ្រឿងញៀនសំដៅសម្រេចបានជោគជ័យនូវការឆន្ទះដ៏មុតស្រួចរបស់រាជរដ្ឋាភិបាលកម្ពុជា។
ជាមួយគ្នានេះ ឧត្តមសេនីយ៍ឯក នាក់ យុទ្ធា ក៏បានលើកយកប្រសាសន៍អភិសន្តិបណ្ឌិត ស សុខា កន្លងមកថា ការចូលរួមពីប្រជាពលរដ្ឋលើការងារប្រយុទ្ធប្រឆាំងគ្រឿងញៀន គឺជាចូលរួមបទបញ្ជារបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត «សម្អាតចកចេញពីបឹង» ព្រោះថាការចូលរួមការងារប្រយុទ្ធប្រឆាំងគ្រឿងញៀនពីប្រជាពលរដ្ឋម្នាក់ ក្រុមគ្រួសារមួយនឹងធ្វើឱ្យគ្រួសារគាត់ និងសហគមន៍គាត់គ្មានគ្រឿងញៀន ហើយការសម្អាតបានផ្ទះមួយ បឹងមួយយើង នឹងឈានឆ្ពោះទៅសម្អាតបានបឹងទាំងមូលកសាងបានប្រទេសជាតិទាំងមូល ចៀសចាកផុតបានពីការប៉ះពាល់ និងការគំរាមកំហែងពីបញ្ហាគ្រឿងញៀន។
ឧត្តមសេនីយ៍ឯក នាក់ យុទ្ធា ក៏បានស្នើសុំឱ្យប្រជាពលរដ្ឋទាំងអស់ ចូលរួមសកម្មភាពឲ្យបានផុលផុសក្នុងការរាយការណ៍តាមប្រព័ន្ធទូរស័ព្ទ Hotline ១២៣៣ និងចូលរួមប្រើប្រាស់កម្មវិធីទូរស័ព្ទ App របស់អាជ្ញាធរជាតិ ប្រយុទ្ធប្រឆាំងគ្រឿងញៀន ដើម្បីទទួលបានព័ត៌មានទូទៅពីគ្រឿងញៀន ការអប់រំ ការព្យាបាលស្តារនីតិសម្បទាអ្នកញៀនគ្រឿងញៀន និងចំណេះដឹងពីផលប៉ះពាល់និងគ្រោះថ្នាក់នៃគ្រឿងញៀន ដើម្បីរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀន៕