(ស្វាយរៀង)៖ លោក សរ សុដានី អភិបាលរងខេត្តស្វាយរៀង សូមប្រកាសគាំទ្រលើកទឹកចិត្តដល់វិស័យឯកជន ឱ្យមកវិនិយោគឱ្យបានច្រើននៅខេត្តស្វាយរៀង ខណៈក្រុមហ៊ុន ហ្គ្រីនលែន អ៉ិនវេសសិន និងអភិវឌ្ឍន៍ (ខេមបូឌា) ខូ.អិល.ធី.ឌី បានបើកការដ្ឋានសាងសង់រោងចក្រផលិតសម្ភារកីឡា នៅឃុំព្រៃតាអី ស្រុកស្វាយទាប ខេត្តស្វាយរៀង។
ពិធីបើកការដ្ឋានសាងសង់រោងចក្រនេះ បានធ្វើឡើងនៅព្រឹកថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៤នេះ ដោយមានការចូលរួមពីលោកជា ហ៊ន អភិបាលស្រុកស្វាយទាប អាជ្ញាធរដែនដី បុគ្គលិកបណ្ដាក្រុមហ៊ុនដៃគូវិនិយោគ រោងចក្រជាច្រើននាក់ផងដែរ។
លោកអភិបាលរងខេត្ត បានថ្លែងថា ស្របពេលដែលប្រទេសជាតិមានសុខសន្តិភាព និងការអភិវឌ្ឍលើគ្រប់វិស័យ ដែលជាឱកាសសម្រាប់អ្នកវិនិយោគទុនទាំងអស់មកបណ្តាក់ទុនរកស៊ីនៅខេត្តស្វាយរៀង ហើយខេត្តស្វាយរៀង ក៏មានទីតាំងដីអំណោយផលជាច្រើនសម្រាប់អ្នកវិនិយោគផងដែរ។
លោក សរ សុដានី បានបន្តថា រាល់ការវិនិយោគវិស័យឯកជន ពិតជាបានរួមចំណែកនូវគោលនយោបាយកាត់បន្ថយភាពក្រីក្រីជាមួយរាជរដ្ឋាភិបាលបានមួយកម្រិតធំដូចជាបានផ្តល់ការងារធ្វើជូនប្រជាពលរដ្ឋនៅមូលដ្ឋានជាដើម។
ជាមួយគ្នានេះ លោកអភិបាលរងខេត្ត ក៏បានផ្ដាំផ្ញើដល់ក្រុមហ៊ុនរោងចក្រផលិតសម្ភារកីឡានេះ ត្រូវចូលរួមសហការជាមួយអាជ្ញាធរដែនដី ដើម្បីឆ្លើយតបរាល់ការសំណូមពរផ្សេងៗក៏ដូចជាការការពារសន្តិសុខ សណ្តាប់ធ្នាប់ និងមួយវិញទៀតសូមយកចិត្តទុកដាក់ដល់កម្មករដែលមកបម្រើការងារនៅក្នុងរោងចក្រនេះ ហើយត្រូវផ្ដល់ភាពកក់ក្តៅដល់ពួកគាត់ បើមានខុសឆ្គងត្រូវហៅពួកគាត់មកអប់រំ ដើម្បីឲ្យកែប្រែដោយ ចាត់ទុកកម្មករដូចជា បងប្អូន កូនក្មួយ គ្រួសារតែមួយផងដែរ។
លោកអភិបាលរងខេត្តក៏បានជូនពរដល់ក្រុមហ៊ុនវិនិយោគរោងចក្រផលិតសម្ភារកីឡានេះ សូមឱ្យមានការរីកចម្រើន និងពង្រីកវិសាលភាព បណ្ដាក់ទុនបន្ថែមទៀតនៅមូលដ្ឋានស្រុកស្វាយទាប ក៏ដូចជានៅទូទាំងខេត្តស្វាយរៀងផងដែរ។
សូមបញ្ជាក់ថា រោងចក្រក្រុមហ៊ុន ហ្គ្រីនលែន អ៉ិនវេសសិន និងអភិវឌ្ឍន៍ (ខេមបូឌា) ខូ.អិល.ធី.ឌី ផលិតសម្ភារកីឡា ស្ថិតនៅភូមិត្រពាំងតាអី ឃុំព្រៃតាអី ស្រុកស្វាយទាប បានបណ្ដាក់ទុនជំហានដំបូង នៅលើផ្ទៃដីប្រមាណ ៤០ហិកតា៕