(ភ្នំពេញ)៖ សមាគមអតីតកម្មសិក្សាការី Jica កម្ពុជា នៅថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៤នេះ បានបើកសន្និបាតបបូកសរុបលទ្ធផលការងារ ២០២២-២០២៣ និងការបោះឆ្នោតជ្រើសរើសគណៈកម្មការប្រតិបត្តិរបស់សមាគម JICA កម្ពុជា ដើម្បីបន្តដឹកនាំសកម្មភាពការងារនៅអាណត្ដិថ្មី ជួយអភិវឌ្ឍកម្ពុជា ឲ្យកាន់តែមានការរីកចម្រើន នៅសណ្ឋាគារកាំបូឌីយាណា។

នៅក្នុងកម្មវិធីនេះដែរ ដោយមានការអញ្ជើញចូលរួមដោយលោក ជិន ម៉ាលីន រដ្ឋលេខាធិការក្រសួងយុត្តិធ៌ម និងជាប្រធានសមាគមអតីតកម្មសិក្សាការី JICA កម្ពុជា
លោក Sanui Kazumasa ប្រធានទីភ្នាក់ងារសហប្រតិការអន្តរជាតិ JICA ប្រចាំនៅកម្ពុជា ព្រមទាំងក្រុមការងារ និងសិស្ស និស្សិត ជាច្រើននាក់។

នាឱកាសនេះដែរ លោក ជិន ម៉ាលីន បានលើកឡើងថា សមាគមកម្មសិក្សាការីកម្ពុជា មានរយះពេលជាង២០ឆ្នាំហើយ ដែលទីភ្នាក់សហប្រតិបត្តិការអន្តរជាតិ JICA ប្រចាំនៅកម្ពុជា បានបំពេញបេសកកម្មរបស់ខ្លួនក្នុងគោលដៅបណ្តុះបណ្តាល និងអភិវឌ្ឍធនធានមនុស្សជូនប្រទេសកម្ពុជា។ តាមរយះការបញ្ជូនមន្រ្តីរាជការរបស់រដ្ឋាភិបាល សិស្ស និស្សិត និងអង្គការផ្សេងៗនៅកម្ពុជាទៅធ្វើការបណ្តុះបណ្តាល នៅប្រទេសជប៉ុនទៅតាមជំនាញរបស់គេរៀងៗខ្លួន។

លោក ជិន ម៉ាលីន បានបន្ដទៀតថា អ្វីដែលបានកើតឡើងនៅថ្ងៃនេះ គឺបញ្ជាក់ឲ្យបានច្បាស់អំពីការយកចិត្តកដាក់គាំទ្រអិតសំចៃពីសំណាក់រាជរដ្ឋាភិបាលចំពោះកិច្ចការនេះ ពិសេសការកើតមានឡើងនូវសមាគមនេះ ប្រសិនបើគ្មានការគាំទ្រពីទីភ្នាក់ងារ JICA និងរដ្ឋាភិបាលជប៉ុនទាំងផ្នែកស្មារតីនិងសម្ភារះក៏មិនអាចកើតឡើងបានដែរ។ ហើយសន្និបាតថ្ងៃនេះក្នុងគោលបំណង រាយការណ៍ពីសកម្មភាពដែលសមាគមបានអនុវត្តកន្លងមក និងការលើកទិសដៅដើម្បីអនុវត្តបន្តរសម្រាប់ឆ្នាំ២០២៣-២០២៤។ លោកសង្ឍឹមថា សន្និបាតថ្ងៃនេះ នឹងចូលរួមពង្រីកសកម្មភាពរបស់សមាគមក្នុងការលើកកម្ពស់ និងការយល់ដឹងបន្ថែមទៀតពីវិស័យ នៅក្នុងប្រទេសកម្ពុជារបស់យើង។

ជាមួយគ្នានេះដែរ លោក Sanui Kazumasa បានបន្ដថា ដោយបង្កើតឡើងនៅក្នុងឆ្នាំ ២០១៣ អង្គការ JICA-AC បានសហការគ្នាក្នុងការរៀបចំនូវកម្មវិធីនានាដូចជា កម្មវិធីបង្កើតចំណេះដឹង អាហារូបករណ៍អភិវឌ្ឍធនធានមនុស្សដោយជំនួយឥតសំណងរបស់ជនជាតិជប៉ុន និងគំនិតផ្តួចផ្តើមបណ្តុះបណ្តាលផ្សេងទៀតរបស់ JICA។ ប៉ុន្មានឆ្នាំមកនេះ អតីតនិស្សិតបានចូលរួមក្នុងសកម្មភាពជាច្រើន រួមចំណែកដល់សង្គមកម្ពុជា ពង្រឹងទំនាក់ទំនងមិត្តភាព កិច្ចសហប្រតិបត្តិការ និងការធ្វើទំនាក់ទំនងក្នុងចំណោមសមាជិកទាំងអស់ ក៏ដូចជារវាងជប៉ុន និងកម្ពុជា។ JICA-AC បានដើរតួនាទីយ៉ាងសំខាន់ទាំងក្នុង និងក្រៅប្រទេស។

បន្ថែមពីនេះ លោកបានបន្ដទៀតថា សម្រាប់សកម្មភាពក្នុងស្រុក អតីតនិស្សិតបានផ្តល់ការគាំទ្រដល់សហគមន៍ក្រីក្រ ដោយគំនិតផ្តួចផ្តើមផ្នែកអប់រំ និងសប្បុរសធម៌។ សម្រាប់សកម្មភាពក្រៅប្រទេស JICA-AC តំណាងឱ្យកម្ពុជា ក្នុងន័យមិត្តភាពនៃសមាគមអាស៊ាន-ជប៉ុនសតវត្សរ៍ទី ២១។ រហូតមកដល់ពេលនេះ អ្នកតំណាងរបស់ JICA-AC បានចូលរួមក្នុងយ៉ាងសកម្មក្នុងកិច្ចប្រជុំនៃក្រុមប្រឹក្សាប្រតិបត្តិ (ECM) និងព្រឹត្តិការណ៍ផ្សេងទៀតដែលរៀបចំក្នុងបណ្តាប្រទេសជាសមាជិកអាស៊ាន និងនៅក្នុងប្រទេសជប៉ុន។ កិច្ចខិតខំប្រឹងប្រែងរបស់ JICA-AC បានរួមចំណែកយ៉ាងសំខាន់ដល់សេដ្ឋកិច្ចសង្គម ការអភិវឌ្ឍសហគមន៍នៅកម្ពុជា ក៏ដូចជាពង្រឹងទំនាក់ទំនងរវាងប្រជាជនជប៉ុន និងកម្ពុជា។

សូមជម្រាបថា សន្និបាតសមាគមអតីតកម្មសិក្សាការី JICA កម្ពុជា នាពេលនេះ លោក ម៉ែន ភារម្យ អគ្គលេខាធិការសមាគមអតីតកម្មសិក្សាការី JICA កម្ពុជា ហៅកាត់ថា JICA-AC ត្រូវបានបោះឆ្នោតជាប់ជាប្រធានសមាគម ជំនួសលោក ជិន ម៉ាលីន តាមរយៈនៃការឆ្នោតតាមអាណត្តិ គឺមានរយៈពេល៣ឆ្នាំ។ សមាគមអតីតកម្មសិក្សាការី JICA កម្ពុជា បានកកើតឡើងកាលពីឆ្នាំ២០១២ មកដល់ពេលនេះមានសមាជិក ១៦០០នាក់ និងមានសមាគមអាស៊ាន ជប៉ុន ១១ប្រទេស៕