(ពោធិ៍សាត់)៖ ក្រោយពីបើកកិច្ចប្រជុំជាមួយរដ្ឋមន្ត្រីក្រសួងបរិស្ថាន ដើម្បីពង្រឹងការអនុវត្តច្បាប់ប្រឆាំងនឹងបទល្មើសធនធានធម្មជាតិ កាប់គាស់ រុករានដីព្រៃ ឆ្ការដុត និងឈូសឆាយដីព្រៃដើម្បីយកមកធ្វើជាកម្មសិទ្ធិ នៅក្នុងភូមិសាស្ត្រខេត្តពោធិ៍សាត់, នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាប្រធានគណ:កម្មការជាតិដើម្បីបង្ការទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ បានបញ្ជូនកម្លាំងកងរាជអាវុធហត្ថចំនួន ២៥០នាក់ ទៅកាន់ខេត្តពោធិ៍សាត់។
កម្លាំងកងរាជអាវុធហត្ថទាំង ២៥០នាក់នេះ ត្រូវបានបញ្ជូនមកខេត្តពោធិ៍សាត់ នៅថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៤នេះ មានការទទួលស្វាគមន៍យ៉ាងកក់ក្តៅពីសំណាក់លោកអភិបាលខេត្តពោធិ៍សាត់ ព្រមទាំងមន្ត្រីរាជការមួយជាច្រើនរូបផងដែរ។
គួរឱ្យដឹងថា កាលពីរសៀលថ្ងៃអាទិត្យ ទី១០ ខែមីនា ឆ្នាំ២០២៤ នៅសាលប្រជុំរដ្ឋបាលសាលាខេត្តពោធិ៍សាត់ លោកបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន និងនាយឧត្តមសេនីយ៍ សៅ សុខា បានដឹកនាំកិច្ចពិភាក្សា ដើម្បីពង្រឹងការអនុវត្តច្បាប់ប្រឆាំងនឹងបទល្មើសធនធានធម្មជាតិ កាប់គាស់ រុករានដីព្រៃ ឆ្ការដុត និងឈូសឆាយដីព្រៃដើម្បីយកមកធ្វើជាកម្មសិទ្ធិ នៅក្នុងភូមិសាស្ត្រខេត្តពោធិ៍សាត់
សូមបញ្ជាក់ថា ក្រសួងបរិស្ថាន កន្លងមកបានដាក់ចេញនូវវិធានការយ៉ាងម៉ឺងម៉ាត់បំផុត ក្នុងការទប់ស្កាត់បទល្មើសធនធានធម្មជាតិ ដោយក្នុងនោះរួមមាន៖
១៖ ការអនុវត្តច្បាប់១០០% មិនមានការ លើកលែងជាដាច់ខាត និងបញ្ចប់នូវវប្បធម៌ចុះ កិច្ចសន្យា ហើយដោះលែងអ្នកប្រព្រឹត្តបទល្មើស
២៖ ពង្រឹងកិច្ចសហការជាមួយគណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានី ខេត្ត នោះគឺអាជ្ញាធរមូលដ្ឋានរាជធានី ខេត្ត ដែលមានតួនាទី ភារកិច្ចគ្រប់គ្រងធនធានធម្មជាតិ ឱ្យបានស្អិតរមួតទប់ស្កាត់ការពារនិងអភិរក្សធនធានធម្មជាតិ
៣៖ បន្តសហការជាមួយបញ្ជាការដ្ឋានកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងអង្គភាពប្រឆាំងអំពើពុករលួយ បន្ថែមលើកិច្ចសហការ ជាមួយអាជ្ញាធរមូលដ្ឋាន ដែលបានអនុវត្តកន្លងមក
និង៤៖ ជំរុញការដាំស្តារព្រៃឈើ សំដៅឱ្យមានការដាំដើមឈើឱ្យច្រើនជាងការកាប់ ដើម្បីបង្កើនគម្របព្រៃឈើឲ្យបាន៦០% នៅឆ្នាំ២០៥០។
ដោយឡែកយោងតាមសេចក្តីប្រកាសព័ត៌មានរបស់រដ្ឋបាលខេត្តពោធិ៍សាត់ បានឱ្យដឹងថា រដ្ឋបាលខេត្តពោធិ៍សាត់ បានបង្កើតក្រុមការងារចម្រុះថ្នាក់ខេត្ត ដើម្បីចុះទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិនៅក្នុងភូមិសាស្ត្រស្រុកភ្នំក្រវាញ និងស្រុកវាលវែង ឱ្យបានគង់វង្សដែលជាសម្បត្តិធម្មជាតិដ៏កម្ររបស់ជាតិ។
រដ្ឋបាលខេត្តពោធិ៍សាត់ បានបញ្ជាក់ថា ក្រុមការងារបានចុះបង្ក្រាប ទប់ស្កាត់ជាច្រើនលើករួចមកហើយ និងមានវិធានការបន្តផ្សព្វផ្សាយណែនាំ ធ្វើកិច្ចសន្យាអប់រំ ចំពោះជនកាប់ព្រៃទន្ទ្រានយកដី និងអាស្រ័យផលខុសច្បាប់ ឬអ្នកស៊ីឈ្នួលកាប់ព្រៃឱ្យបញ្ឈប់ សកម្មភាព និងយល់ព្រមចាកចេញពីទីតាំងដែលខ្លួនបានកាប់ទន្ទ្រានយកដោយអនាធិបតេយ្យក្នុងរយៈពេលកន្លងមក។
ដើម្បីទប់ស្កាត់ការបំផ្លិចបំផ្លាញធនធានធម្មជាតិកើតមានសារជាថ្មី និងធានាឱ្យបាននូវការគ្រប់គ្រងថែ រក្សាទ្រព្យសម្បត្តិជាតិដ៏កម្រ ដោយអនុលោមតាមច្បាប់ស្ដីពីតំបន់ការពារធម្មជាតិ មាត្រា៥៩ មាត្រា៦១ មាត្រា៦២ ដែលបានចែងអំពីទោសប្បញ្ញត្តិ គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តពោធិ៍សាត់ សូមប្រគល់ភារកិច្ចការងារពាក់ព័ន្ធនឹងការចុះបង្ក្រាប ការពារ ថែរក្សាធនធានធម្មជាតិ ជូនទៅកងកម្លាំងមានសមត្ថកិច្ចគ្រប់ប្រភេទ ដែលកំពុងឈរជើងក្នុងភូមិសាស្ត្រទទួលខុសត្រូវ អាជ្ញាធរដែនដីថ្នាក់ស្រុក ឃុំ ភូមិ សហគមន៍នៅក្នុងមូលដ្ឋាននៃដែនសមត្ថកិច្ចទទួលខុសត្រូវរបស់ខ្លួន និងមន្ត្រីឧទ្យានុរក្សដែលប្រចាំការនៅក្នុងតំបន់នីមួយៗ ក្រោមការដឹកនាំបញ្ហាផ្ទាល់ ដោយប្រធានអនុគណៈកម្មការទាំង១០ក្រុម ដែលមានភ្ជាប់ជាមួយនូវផែនទីទីតាំងដីដែលបានបង្ក្រាប និងឃ្មុំទុកកន្លង មកដើម្បីស្តារព្រៃឈើឡើងវិញ៕