(បាត់ដំបង)៖ សាកលវិទ្យាល័យជាតិបាត់ដំបង នៅព្រឹកថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៤ បានរៀបចំពិធីសម្ពោធដាក់ឲ្យដំណើរការដេប៉ាតឺម៉ង់ភាសាថៃ ក្រោមអធិបតីភាពលោក Cherdkait Atthakor ឯកអគ្គរាជទូតថៃប្រចាំកម្ពុជា លោក Wattnawit Gajaseni អគ្គនាយកស្តីទីនៃទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិថៃ (TICA) និងលោក សុខ ឃន សាកលវិទ្យាធិការនៃសាកលវិទ្យាល័យជាតិបាត់ដំបង។
សាកលវិទ្យាល័យនឹងបើកដំណើរការថ្នាក់បរិញ្ញាបត្រសិល្បៈ ជំនាញភាសាថៃ ចាប់ពីឆ្នាំសិក្សា២០២៣-២០២៤ នេះតទៅបន្ទាប់ពីទទួលបាន ការអនុញ្ញាតជាផ្លូវការ របស់ក្រសួងអប់រំ យុវជន និងកីឡា តាមរយៈប្រកាសលេខ១១៤៩ អយក.ប្រក ចុះថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៣។
ថ្លែងនៅក្នុងពិធីនេះ លោក សុខ ឃន បានឱ្យដឹងថា សាកលវិទ្យាល័យជាតិបាត់ដំបង បន្ទាប់ពីធ្វើកំណែទម្រង់ប្រកបដោយយជោគជ័យ ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់អភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងជាប្រធានក្រុមប្រឹក្សាភិបាល នៃសាកលវិទ្យាល័យជាតិបាត់ដំបង សាកលវិទ្យាល័យទទួលបានការអបអរសាទរ និងគាំទ្រពីសំណាក់សាធារណៈជន អាណាព្យាបាល មជ្ឈដ្ឋានអ្នកសិក្សា និងជាពិសេសដៃគូសហការជាតិ និងអន្តរជាតិ។ ជាក់ស្តែង ការបើកដំណើរការដេប៉ាតឺម៉ង់ភាសាថៃ នាពេលនេះ សាកលវិទ្យាល័យ ទទួលបានការសហការឧបត្ថម្ភគាំទ្រ ពីសំណាក់ស្ថានទូតថៃប្រចាំកម្ពុជា ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិថៃ និងសាកលវិទ្យាល័យ Rambhai Barni Rafabhat University តាមរយៈគម្រោងអភិវឌ្ឍភាសាថៃ (Thai Language Teaching Development Project)។
លោកបន្តថា មូលហេតុចម្បងដែលសាកវិទ្យាល័យជាតិបាត់ដំបង បានសម្រេចចិត្តបើកដំណើរការដេប៉ាតឺម៉ង់ភាសាថៃនេះ គឺដើម្បីធ្វើការបណ្តុះបណ្តាលធនធានមនុស្ស លើជំនាញភាសាថៃប្រកបដោយចំណេះ ជំនាញ និងបំណិនពិតប្រាកដបម្រើឲ្យវិស័យសិល្បៈ វប្បធម៌ អប់រំ ស្រាវជ្រាវ សុខាភិបាលនិងធុរៈកិច្ចរវាងព្រះរាជាណាចក្រកម្ពុជា និងព្រះរាជាណាចក្រថៃដែលជាប្រទេសមានភូមិផងរបងជាប់គ្នា។ ក្នុងន័យនេះ វត្តមានដេប៉ាតឺម៉ង់ភាសាថៃ នឹងចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងការអភិវឌ្ឍសេដ្ឋកិច្ចសហគមន៍ និងសេដ្ឋកិច្ចជាតិ។
ថ្លែងនាឱកាសនេះដែរ លោក Wattanawit Gajaseni បានគូសបញ្ជាក់ថា ភាសាពិតជាមានសារៈសំខាន់ណាស់ ក្នុងការភ្ជាប់ទំទាក់ទំនងមិត្តភាពអន្តរជាតិ ក៏ដូចជាជួយជម្រុញឱ្យកិច្ចសហប្រតិបត្តិការ លើវិស័យផ្សេងៗរវាងប្រជាជាតិមួយ និងប្រជាជាតិមួយទៀតកាន់តែល្អប្រសើរ។ ភាសាជួយបង្កើតឱកាស វិនិយោគ ឱកាសការងារ ព្រមទាំងជួយជម្រុញកំណើនសេដ្ឋកិច្ចជាតិផងដែរ។ ដូច្នេះ ការសិក្សាភាសាថៃនឹងផ្តល់ឲ្យអ្នកសិក្សានូវគុណប្រយោជន៍ជាច្រើនសម្រាប់ប្រើប្រាស់ក្នុងការបំពេញការងារក្នុងស្ថាប័នរដ្ឋ-ឯកជន ទាំងក្នុងព្រះរាជាណាចក្រកម្ពុជា និងព្រះរាជាណាចក្រថៃ។ នាពេលបច្ចុប្បន្ននេះ វត្តមានក្រុមហ៊ុនថៃធំៗនៅកម្ពុជាមានការកើនឡើងជាលំដាប់។ តម្រូវការធនធានមនុស្សផ្នែកភាសាថៃនឹងមានការកើនឡើងដូចគ្នាដែរ។
លោក Wattanawit Gajaseni បានបន្ថែមទៀតថា សាកលវិទ្យាល័យជាតិបាត់ដំបង គឺជាគ្រឹះស្ថានអប់រំដ៏ធំមួយ មានឈ្មោះបោះសម្លេងទទួលបានការគាំទ្រពីសំណាក់មជ្ឈដ្ឋានទូទៅ នៅក្នុងព្រះរាជាណាចក្រកម្ពុជា និងក្រៅប្រទេសដោយសារសាកលវិទ្យាល័យមួយនេះ មានហេដ្ឋារចនាសម្ព័ន្ធរូបវន្តគ្រប់គ្រាន់ មានទីធ្លាធំទូលាយ បរិស្ថានស្រស់បំព្រង បរិយាកាសសិក្សាមានផាសុភាពដែលកត្តាទាំងអស់នេះ ជួយធានាដល់គុណភាពនៃការបំពេញការងារ ការសិក្សា ការបង្រៀន និងការស្រាវជ្រាវ។
គួរបញ្ជាក់ផងដែរថា ជំនាញភាសាថៃគឺជាជំនាញមួយ ក្នុងចំណោមជំនាញដទៃទៀត វិទ្យាស្ថានភាសាបរទេសនៃសាកលវិទ្យាល័យជាតិបាត់ដំបង កំពុងធ្វើការបណ្តុះបណ្តាល ក្នុងនោះមានជំនាញអក្សរសាស្រ្តអង់គ្លេស កូរ៉េ បារាំង ចិន និងទំនាក់ទំនងអន្តរជាតិ៕