(ភ្នំពេញ)៖ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលបឹងកក់ទី២ នៃអធិការដ្ឋាននគរបាលខណ្ឌទួលគោក បានឃាត់ខ្លួនចោរឆក់ ១នាក់ បន្ទាប់ពីធ្វើសកម្មភាពឆក់ទូរស័ព្ទដៃ ជនរង់គ្រោះ ១គ្រឿងម៉ាក IPhone11promax នៅសង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ។
យោងតាមរបាយការណ៍បានឱ្យដឹងថា នៅថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៤ វេលាម៉ោងប្រហែល១២:៤៥នាទី កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលបឹងកក់ទី២ នៃអធិការដ្ឋាននគរបាលខណ្ឌទួលគោក បានឃាត់ខ្លួនជនសង្ស័យ១នាក់ ពីបទលួចមានស្ថានទម្ងន់ទោស (ឆក់ទូរស័ព្ទដៃ០១គ្រឿងម៉ាក IPhone 11promax ) ឃាត់ខ្លួននៅចំណុច លើដងផ្លូវលេខ៦១០ កែងផ្លូវលេខ៦០៨ ក្រុម ទី១០១ ភូមិ២១ សង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ ដែលបាន ប្រព្រឹត្តបទល្មើសនៅចំណុចលើដង ផ្លូវលេខ៦០៨ ក្រុមទី១០១ ភូមិ២១ សង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ។
របាយការណ៍ដដែល បានឱ្យដឹងថា ជនសង្ស័យមានឈ្មោះ កៅ វិសាល ហៅ វៀច អាយុ១៧ឆ្នាំ មុខរបរ មិនពិតប្រាកដ ស្នាក់នៅផ្ទះមិនចាំ ផ្លូវលេខ៦៣ សង្កាត់ចតុមុខ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។ (មានសារធាតុញៀន)។
វត្ថុតាងចាប់យកមាន៖ ម៉ូតូ០១គ្រឿងម៉ាក Honda C125 ស៊េរី2018 ពាក់ផ្លាកលេខ ស្វាយរៀង 1M-8119 ដែលមានលេខតួនិងលេខម៉ាស៊ីន: ND125ME5417671 (ជាម៉ូតូរបស់ជនសង្ស័យខាងលើ និងបក្ខពួកជិះធ្វើសកម្មភាពឆក់)។
ចំណែកជនរងគ្រោះមានឈ្មោះ គីម ចាន់ធី ភេទស្រី អាយុ១៦ឆ្នាំ មុខរបរ សិស្សថ្នាក់ទី១០A1 វិទ្យាល័យបឹងត្របែក ស្នាក់នៅផ្ទះលេខ០៨G ផ្លូវលេខ១៧៩ សង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។ សម្ភារៈបាត់បង់មាន៖ ទូរស័ព្ទដៃ០១គ្រឿងម៉ាក IPhone 11promax ពណ៍ទឹកសមុទ្រប្រើប្រាស់ស៊ីមកាតលេខ: 0967033460 (ជារបស់ជនរងគ្រោះដែលជនសង្ស័យខាងលើឆក់យក)
បច្ចុប្បន្ន ជនសង្ស័យខាងលើ កំពុងឃាត់ខ្លួនជាបណ្ដោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌទួលគោក ដើម្បីធ្វើការសាកសួរ និងចាត់ការបន្តតាមនីតិវិធី៕