(ពោធិ៍សាត់)៖ រដ្ឋបាលខេត្តពោធិ៍សាត់ បានរៀបចំពិធីអបអរសាទរ និងដង្ហែជ័យលាភី អង្គភាពផ្តល់សេវាសាធារណៈគម្រូ ក្នុងវិស័យអប់រំ និងសុខាភិបាលឆ្នាំ២០២៣ ដែលបានប្រារព្ធធ្វើនៅក្នុងបរិវេណសាលាខេត្ត នាថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៤ ក្រោមអធិបតីភាព លោក ម៉ក់ រ៉ា ប្រធានក្រុមប្រឹក្សាខេត្ត លោក ខូយ រីដា អភិបាលខេត្ត ក្នុងនោះក៏មានការចូលរួមពីសមាជិកក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត សាលាដំបូងខេត្ត ព្រះរាជអាជ្ញាអមសាលា ដំបូងខេត្ត កងកម្លាំងប្រដាប់អាវុធទាំង៣ រដ្ឋបាលស្រុក ក្រុង មន្ត្រីរាជការ យុវជនទាំង៤អង្គភាព លោកគ្រូ អ្នកគ្រូ យុវជនកាកបាទ យុវជនកាយរឹទ្ធ និងក្មួយៗសិស្សានុសិស្សយ៉ាងច្រើនកុះករ។
លោក ញឹម រដ្ឋា ប្រធានមន្ទីរមុខងារសាធារណៈខេត្តពោធិ៍សាត់ បានជម្រាបជូនថា ការវាយតម្លៃ និងការទទួលស្គាល់អង្គភាពផ្តល់សេវាសាធារណៈគម្រូ ក្នុងវិស័យអប់រំ និងវិស័យសុខាភិបាល ក្នុងឆ្នាំ២០២៣កន្លងទៅ ត្រូវបានដាក់ឱ្យអនុវត្ត ដោយអនុក្រឹត្យ៥៤អន.ក្របក ចុះថ្ងៃទី៣០ ខែមេសា ឆ្នាំ២០១៨។
ក្នុងឆ្នាំ២០១៩ ក្រសួងអប់រំ យុវជន និងកីឡា ក្រសួងសុខាភិបាល ក្រសួងមុខងារសាធារណៈនិងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានកំណត់យកវិទ្យាល័យ និងមន្ទីរពេទ្យបង្អែកគ្រប់រាជធានីខេត្ត ស្រុក ក្រុង ខណ្ឌ ដែលផ្តល់សេវាសំណុំសកម្មភាពបង្គ្រប់កម្រិត១ កម្រិត២ និងកម្រិត៣ ជាអង្គភាពគោលដៅ ក្នុងការវាយតម្លៃ ក្នុងនោះខេត្តពោធិ៍សាត់បានជ្រើសរើសយ៉ាងសម្រិតសម្រាំង ដល់បេក្ខភាពចំនួន៦ ឱ្យទៅចូលរួមប្រឡងប្រណាំង និងប្រកួតប្រជែងនៅថ្នាក់ជាតិ រួមមាន វិស័យអប់រំ សាលាបឋមសិក្សាពោធិ៍សាត់ សាលាបឋមសិក្សាព្រះធាតុ អនុវិទ្យាល័យពោធិ៍សាត់ និងអនុវិទ្យាល័យបឹងខ្នា និងវិស័យសុខាភិបាល មណ្ឌលសុខភាពសំរោង និងមណ្ឌលសុខភាពបឹងបត់កណ្តោល។
ជាលទ្ធផលបេក្ខភាពចំនួន៣ ដែលទទួលបានជ័យលាភីយ៉ាងគាប់ប្រសើរ គឺអនុវិទ្យាល័យពោធិ៍សាត់ ស្ថិតក្នុងសង្កាត់ផ្ទះព្រៃ ក្រុងពោធិ៍សាត់ ទទួលបានជ័យលាភីលេខ៤ ទូទាំងប្រទេសមណ្ឌលសុខភាពសំរោង ស្ថិតក្នុងឃុំសំរោង ស្រុកភ្នំក្រវាញ ទទួលបានជ័យលាភីលេខ១ ទូទាំងប្រទេស និងមណ្ឌលសុខភាពបឹងបត់កណ្តោល ស្ថិតក្នុងឃុំបឹងបត់កណ្តោល ស្រុកបាកាន ទទួលបានជ័យលាភីលេខ៣ ទូទាំងប្រទេស។
លោក ខូយ រីដា អភិបាលខេត្ត បានសម្តែងការអបអរសាទរ កោតសរសើរ និងវាយតម្លៃខ្ពស់ ដែលខេត្តពោធិ៍សាត់ទទួលបានចំណាត់ថ្នាក់ ជាអង្គភាពផ្តល់សេវាសាធារណៈគម្រូ ទាំងវិស័យសុខាភិបាល និងវិស័យអប់រំ ចំនួន៣អង្គភាព ត្រូវបានធ្វើពិធីអបអរសាទរ និងដង្ហែនាពេលនេះ។ នៅក្នុងក្របខណ្ឌ នៃការអនុវត្តជាក់ស្តែងនោះ រាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៧នៃរដ្ឋសភា ក្រោមការដឹកនាំរបស់សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នឹងបន្តយកចិត្តទុកដាក់ក្នុងការអភិវឌ្ឍន៍ និងកែទម្រង់សំខាន់ៗ ទៅតាមវិស័យអាទិភាព និងបង្កើននូវយន្តការដោះស្រាយបញ្ហាប្រឈម និងការធានាប្រសិទ្ធិភាព ស័ក្តិសិទ្ធិភាព និងការឆ្លើយតបទានពេលវេលា រួមមានជម្រុញការអនុវត្តវិធានការគន្លឹះ ក្នុងការកែទម្រង់រដ្ឋបាលសាធារណៈ វិស័យអប់រំ និងវិស័យសុខាភិបាល។
ក្នុងនាមរដ្ឋបាលខេត្ត លោកសូមឱ្យអង្គភាពផ្តល់សេវាសាធារណៈគម្រូ ក្នុងវិស័យអប់រំ និងវិស័យសុខាភិបាល ដែលទទួលបានជ័យលាភី ត្រូវរៀបចំចងក្រងបទពិសោធន៍ និងបន្តផ្សព្វផ្សាយជូនអង្គភាពផ្សេងៗ ធ្វើទស្សកិច្ចដកស្រង់បទពិសោធន៍ សម្រាប់កែលម្អក្នុងអង្គភាពរបស់ខ្លួន។ ចំពោះអង្គភាពដែលមិនទាន់បានទទួលជ័យលាភី ត្រូវខិតខំយកចិត្តទុកដាក់ ធ្វើការប្រឡងប្រណាំង ដើម្បីដណ្តើមជ័យលាភីនាឆ្នាំខាងមុខ សម្រាប់ខេត្តយើង។ កន្លងមកខេត្តពោធិ៍សាត់ ក៏ធ្លាប់បានទទួលជ័យលាភីវិស័យសុខាភិបាល និងវិស័យផ្សេងៗទៀតជាបន្តបន្ទាប់ ធ្វើឱ្យមុខមាត់ខេត្តរបស់យើង កាន់តែមានមោទនៈភាព។
ជាក់ស្តែងក្នុងឆ្នាំ២០២៣នេះ គណៈកម្មការវាយតម្លៃថ្នាក់ជាតិបានវាយតម្លៃជ័យលាភី អង្គភាពផ្តល់សេវាសាធារណៈគម្រូ ជាលទ្ធផលខេត្តពោធិ៍សាត់ទទួលបានជ័យលាភីចំនួន៣ គឺអនុវិទ្យាល័យពោធិ៍សាត់ ទទួលជ័យលាភីលេខ៤ អមដោយថវិកា៨០លានរៀល, មណ្ឌលសុខភាពសំរោង ទទួលបានជ័យលាភីលេខ១ អមដោយថវិកា២០០លានរៀល និងមណ្ឌលសុខភាពបឹងបត់កណ្តោល ទទួលបានជ័យលាភីលេខ៣ អមដោយថវិកា១០០លានរៀល៕