(កំពង់ធំ)៖ លោក ទ្រី ដាលុច បានលើកឡើងបច្ចុប្បន្ននេះស្ត្រីខ្មែរមានសមត្ថភាពមិនចាញ់បុរសនោះឡើយ និងមានអ្នកខ្លាំងជាងបុរសទៅទៀត ដូច្នេះពាក្យសុភាសិត «ស្ត្រីបង្វិលជើងក្រានមិនជុំ» មិនគួរប្រើជាការវាយតម្លៃទៅលើស្ត្រីនោះឡើយ។
លោក ទ្រី ដាលុច បានថ្លែងបែបនេះ ក្នុងពេលអញ្ជើញជាតំណាងអ្នកឧកញ៉ាបណ្ឌិត ទ្រី ភាព និងលោកជំទាវអ្នកឧកញ៉ា គៀន ស្រីនាង ប្រារព្ធខួបលើកទី១១៣ នៃទិវាអន្តរជាតិនារីក្រោមប្រធានបទ «ស្ត្រីនិងក្មេងស្រីក្នុងបរិវត្តកម្មឌីជីថល» នៅព្រឹកថ្ងៃទី១២ ខែមីនា ឆ្នាំ ២០២៤នេះ នៅសាលាស្រុកប្រាសាទបល្ល័ង្ក។ ពិធីនោះមានការអញ្ជើញចូលរួមពីលោក ឈួន រ៉ា ប្រធានក្រុមប្រឹក្សាស្រុក លោក វណ្ណៈ សោភានិត អភិបាលស្រុក ក្រុមការងារ លោកស្រីតំណាងស្ត្រីនៅសាលាស្រុក អ្នកគ្រូ និងមកពីបណ្ដាឃុំនានាជិត ៤០០នាក់។
លោក ទ្រី ដាលុច បានបង្ហាញក្តីសោមនស្សរីករាយក្រៃលែងដែលបានអញ្ជើញចូលរួមអបអរសាទរខួបលើកទី១១៣ នៃទិវាអន្តរជាតិនារី ៨ មីនា ក្រោមប្រធានបទ «ស្ត្រី និងក្មេងស្រី ក្នុងបរិវត្តកម្មឌីជីថល»។ លោក ទ្រី ដាលុច បាននាំផ្តាំផ្ញើសាកសួរសុខទុក្ខ និងក្តីនឹករលឹកពីសំណាក់អ្នកឧកញ៉ា បណ្ឌិត ទ្រី ភាព លោកជំទាវអ្នកឧកញ៉ា គៀន ស្រីនាង ជូនដល់អ្នកចូលរួមក្នុងកម្មវិធីទាំងអស់ផងដែរ។
ក្នុងឱកាសនោះ លោក ទ្រី ដាលុច បានលើកបង្ហាញពីគោលនយោបាយលើកកម្ពស់សិទ្ធិស្ត្រីរបស់គណបក្សប្រជាជនកម្ពុជា ទាំងពេលដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន និងការដឹកនាំរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត ចាប់តាំងពីប្រទេសត្រូវបានរំដោះចេញពីរបបប្រល័យពូជសាសន៍ប៉ុលពតនាថ្ងៃទី៧ ខែមករា ឆ្នាំ១៩៧៩។ លោក បានលើកឡើងថា របបខ្មែរក្រហមកុំថាឡើយសិទ្ធិរបស់ស្ត្រី សូម្បីសិទ្ធិបុរស ក៏ត្រូវបានលុបបំបាត់ផងដែរ។
និយាយពីសិទ្ធិរបស់ស្ត្រី, លោក ទ្រី ដាលុច បានគូសរំលេចពីសមត្ថភាពរបស់ស្ត្រីនាពេលបច្ចុប្បន្ន ដែលមានសមត្ថភាពខ្លាំងពូកែទាំងកិច្ចការគ្រួសារ កិច្ចការសង្គម និងនយោបាយ។ ស្ត្រី ក៏ត្រូវបានរាជរដ្ឋាភិបាលចាត់ទុកជាអ្នកមានតួនាទីសំខាន់ទាំងក្នុងគ្រួសារ និងសង្គម រហូតដល់មានពាក្យស្លោកថា «ស្ត្រីជាឆ្អឹងខ្នងសេដ្ឋកិច្ច»។
«ផ្អែកលើទឡ្ហីករណ៍ទាំងនេះ សុភាសិតថា [ស្ត្រីបង្វិលជើងក្រានមិនជុំ] ពិតជាមិនគួរប្រើទេនៅក្នុងសម័យ កាលសម្តេចតេជោ ហ៊ុន សែន និងសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត តែម្ដង»។ នេះជាការលើកឡើងរបស់លោក ទ្រី ដាលុច។
ពាក់ព័ន្ធនឹងតម្លៃស្ត្រីនេះ លោក ទ្រី ដាលុច បានលើកបង្ហាញដែរថា បច្ចុប្បន្ននេះនៅតាមក្រសួង ស្ថាប័នរដ្ឋ និង ឯកជនតែងតែមានវត្តមានរបស់ស្រ្តីជាពិសេសទៅទៀតនោះ ចំនួនមន្ត្រីរាជការជាស្ត្រីមានការកើនឡើងជាបន្តបន្ទាប់។
លោក ដាលុច ក៏បានគូសរំលេចដែរថា សម្រាប់កម្ពុជា ឱកាសនៃការលើកកម្ពស់សិទ្ធិរបស់ស្ត្រី សិទ្ធិបុរស ក៏ដូចជាសិទ្ធិប្រជាពលរដ្ឋទូទៅ ត្រូវតែទាមទារឱ្យជាចាំបាច់នូវសុខសន្តិភាព និងស្ថេរភាពសង្គម។ បើគ្មានសុខសន្តិភាព ប្រទេសជាតិជួបភ្លើងសង្គ្រាម មិនអាចកសាងអភិវឌ្ឍន៍ប្រទេស មិនអាចអនុវត្តន៍នយោបាយលើកកម្ពស់សិទ្ធិរបស់ស្ត្រី ក៏ដូចជាសិទ្ធិបុរសទូទៅនោះឡើយ។
លោកបន្ថែមថា «និយាយដល់កត្តាសន្តិភាពនេះ យើងចាំបាច់ត្រូវដឹងគុណដល់សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ដែលជាស្ថាបនិកសន្តិភាព សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ដែលជានិច្ចកាលតែងតែយកចិត្តទុកដាក់ដល់សុខទុក្ខរបស់ប្រជាជនជួបការលំបាកនានា»។
ក្នុងឱកាសនោះ លោក ទ្រី ដាលុច បានជំរុញឱ្យស្ត្រីទាំងអស់ខិតខំប្រឹងប្រែងសិក្សារៀនសូត្របន្ថែមទៀត ដើម្បីលើកកម្ពស់សមត្ថភាពរបស់ខ្លួនក្នុងការចូលរួមដឹកនាំមូលដ្ឋានឱ្យមានការរីកចម្រើន។
ក្នុងពិធីនោះ លោក ទ្រី ដាលុច បានផ្តល់ជូនវត្ថុអនុស្សាវរីយ៍មួយចំនួនដល់ស្ត្រី ដែលបានចូលរួមក្នុងពិធីផងដែរ៕