(ពោធិ៍សាត់)៖ ឧត្តមសេនីយ៍ឯក ឯក សំអូន មេបញ្ជាការរងកងទ័ពជើងគោក មេបញ្ជាការយោធភូមិភាគទី៥ បានក្រើនរំលឹកដល់កងទ័ពត្រូវស្មោះត្រង់ដាច់ខាត និងគោរពតាមគោលនយោបាយយុទ្ធសាស្រ្ត បញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល នីតិកាលទី៧ ក្រោមការដឹកនាំរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត។
ការក្រើនរំលឹកបែបនេះរបស់ឧត្តមសេនីយ៍ឯក ឯក សំអូន បានធ្វើឡើងនៅព្រឹកថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៤ ក្នុងឱកាសលោកអញ្ជើញជាអធិបតីភាពពិធីបូកសរុបលទ្ធផលការងារយោធា សន្តិសុខ ឆ្នាំ២០២៣ និងផ្សព្វផ្សាយផែនការការងារយោធាសន្តិសុខ ឆ្នាំ២០២៤ នៅទីបញ្ជាការតំបន់ប្រតិបត្តិការសឹករងពោធិ៍សាត់។
ឧត្តមសេនីយ៍ឯក ឯក សំអូន បានណែនាំអង្គភាពត្រូវយកចិត្តទុកដាក់អនុវត្តឱ្យបានជាដាច់ខាតនូវគោលនយោបាយបញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា។ តាមដានក្តាប់សភាពការណ៍ក្នុង និងក្រៅអង្គភាពជាប់ជាប្រចាំ សកម្មវាយបកនូវរាល់ការឃោសនាញុះញង់បំបែកបំបាក់ ឧបាយកល កលល្បិច របស់ពួកជ្រុលនិយម ជនអគតិមួយចំនួន ដែលមាននិន្នាការប្រឆាំង មានបំណងផ្តួលរលំរាជរដ្ឋាភិបាលស្របច្បាប់ និងត្រូវចាត់តាំងអប់រំរៀនសូត្រនយោបាយចិត្តសាស្ត្រ ពង្រឹងស្មារតី ឆន្ទៈ ស្មោះត្រង់ ដាច់ខាត ការពារជាតិ សាសនា ព្រះមហាក្សត្រ និងការពាររាជរដ្ឋាភិបាលស្របច្បាប់ ដែលប្រសូត្រចេញពីការបោះឆ្នោត។
មេបញ្ជាការយោធភូមិភាគទី៥ ក៏បានណែនាំបន្ថែមដល់កងទ័ពត្រូវពង្រឹងសន្តិសុខ សណ្តាប់ធ្នាប់ផ្ទៃក្នុង រក្សាសុវត្ថិភាព របៀបរៀបរយ ក្នុងអង្គភាពឱ្យបានល្អ។ ត្រូវពង្រឹងការត្រៀមប្រយុទ្ធ ចល័តប្រយុទ្ធ១០០% មានសមត្ថភាព លទ្ធភាពគ្រប់គ្រាន់ក្នុងការអនុវត្តន៍ពេលមានបទបញ្ជា។ បន្តជំរុញសកម្មភាពហ្វឹកហ្វឺន បណ្តុះបណ្តាល បំប៉នជំនាញ តាមផែនការកម្មវិធី។
បន្ថែមពីនេះមេបញ្ជាការរូបនេះ បានបញ្ជាក់បន្ថែមដល់កងទ័ពត្រូវតាមដានស្រាវជ្រាវ ទប់ស្កាត់ការជួញដូរ ប្រើប្រាស់គ្រឿងញៀន និងត្រូវចាត់វិធានការមិនអាចលើកលែងចំពោះយោធិនល្មើសបទបញ្ជា ស្តីពីការដាក់ចេញវិធានការម៉ឺងម៉ាត់ ក្នុងការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ របស់រាជរដ្ឋាភិបាល កាលពីថ្ងៃទី២០ ខែកុម្ភៈកន្លងមក។
ឧត្តមសេនីយ៍ឯក ឯក សំអូន បានគូសបញ្ជាក់ថា កងទ័ពត្រូវពង្រឹងការងារដាំដុះចិញ្ចឹមសត្វ លើកកម្ពស់ជីវភាពរស់នៅ របស់កងទ័ពនិយកចិត្តទុកដាក់អប់រំថែទាំសុខភាព ក្នុងការពិនិត្យ ព្យាបាលជំងឺជូនកងទ័ព និងគ្រួសារ បង្កើនការគ្រប់គ្រង អាវុធគ្រាប់ រថយន្ត គ្រឿងចក្រ និងសម្ភារៈដែលបានបំពាក់ ឱ្យបានម៉ឺងម៉ាត់ ម៉ត់ចត់ និងចាត់តាំងត្រួតពិនិត្យបណ្តាឃ្លាំងអាវុធ និងសម្ភារៈ ធានាបានគុណភាព មានសុវត្ថិភាពល្អ។ ទន្ទឹមនឹងការងារស្នូលរបស់អង្គភាព ត្រូវយកចិត្តទុកដាក់សកម្មលើការងារចុះជួយមូលដ្ឋានដែលក្រុមការងាររបស់អង្គភាពទទួលខុសត្រូវ។
ឧត្តមសេនីយ៍ឯក ឯក សំអូន ក៏បានផ្តល់កិត្តិយសជូនបណ្ណសរសើរ លិខិតសរសើរ ដល់នាយទាហាន ពលទាហាន ដែលមានស្នាដៃឆ្នើមក្នុងការងារ ១ឆ្នាំកន្លងទៅ លោកមេបញ្ជាការ ក៏បានឧបត្ថម្ភថវិកាដល់កម្មវិធី ចំនួន២លានរៀលផងដែរ៕