(ភ្នំពេញ)៖ គិតត្រឹមដំណាច់ឆ្នាំ២០២៣ អ្នកទទួលផលពីរបបសន្តិសុខសង្គម និងកម្មវិធីជាតិជំនួយសង្គមចំនួន១៦ សំខាន់ៗ មានប្រមាណ៦.៦ លាននាក់ ឬស្មើនឹង ៤២% នៃប្រជាជនសរុប និងកំពុងត្រូវបានពង្រីកវិសាលភាពជាបណ្តើរៗ។ នេះបើតាមការលើកឡើងរបស់លោកស្រី ប៉ែន សុបភា រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានគណៈកម្មាធិការប្រតិបត្តិ នៃក្រុមប្រឹក្សាជាតិគាំពារសង្គម ដែលបានថ្លែងនៅក្នុងកម្មវិធី«សប្តាហ៍គាំពារសង្គមកម្ពុជាឆ្នាំ២០២៤» នាថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៤នេះ។
ប្រជាជនដែលទទួលផលពីប្រព័ន្ធគាំពារសង្គមកម្ពុជា រួមមាន ក្នុងក្របខណ្ឌនៃប្រព័ន្ធជំនួយសង្គម ដែលមានដូចជា ៖
* កម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនស្រ្តីមានផ្ទៃពោះ និងកុមារអាយុក្រោម២ឆ្នាំ មានអ្នកទទួលផលសរុប សរុបចំនួន ៣៦២ ៩០៣ នាក់។
* កម្មវិធីផ្តល់អាហារតាមសាលារៀន ដោយប្រើប្រាស់កសិផលក្នុងសហគមន៍បាននិងកំពុងអនុវត្តនៅសាលារៀនគោលដៅចំនួន ៥៥៣ សាលា ក្នុងខេត្តចំនួន១០ និងមានសិស្សទទួលផលចំនួន ១៤៨ ៧៨៧ នាក់ និងចុងភៅ ១ ៧៤៨ នាក់។
* កម្មវិធីអាហារូបករណ៍សម្រាប់សិស្សក្រីក្រថ្នាក់បឋមសិក្សា និងមធ្យមសិក្សាមានសិស្សក្រីក្រទទួលផលសរុបមានចំនួន ២៦៣ ៧៥១ នាក់។
ទន្ទឹមនេះ ដើម្បីឆ្លើយតបទៅនឹងវិបត្តិផ្ទួនៗនាពេលកន្លងមក គិតបញ្ចូលទាំងវិបត្តិនៃការរីករាលដាលនៃជំងឺកូវីដ-១៩, វិបត្តិនៃសម្ពាធអតិផរណា និងគ្រោះទឹកជំនន់, ប្រព័ន្ធគាំពារសង្គមបានក្លាយជាឧបករណ៍ដ៏មានប្រសិទ្ធភាពរបស់រាជរដ្ឋាភិបាល ដើម្បីផ្តល់ការគាំទ្រដើម្បីទប់លំនឹងជីវភាព កាត់បន្ថយផលជះអវិជ្ជមាន និងស្តារជីវភាពរបស់ពលរដ្ឋផងដែរ តាមរយៈការដាក់ចេញកម្មវិធីជាតិជំនួយសង្គមពិសេស ដូចជា៖
* កម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារក្រីក្រ និងងាយរងគ្រោះ ក្នុងអំឡុងពេលប្រយុទ្ធនឹងជំងឺកូវីដ-១៩ មានអ្នកទទួលផលចំនួន ៧០៤ ២៨០ គ្រួសារ ឬមានសមាជិកស្មើនឹង ២ ៧៧១ ៨០៩ នាក់។ បច្ចុប្បន្ន រាជរដ្ឋាភិបាល បាន និងកំពុងអនុវត្តយុទ្ធសាស្រ្តចាកចេញពីកម្មវិធីនេះ (ខែមករា-មីនា ឆ្នាំ២០២៤) មុននឹងអនុវត្តកម្មវិធីជាតិជំនួយសង្គមក្នុងកញ្ចប់គ្រួសារ ចាប់ពីខែមេសា ឆ្នាំ២០២៤ ខាងមុខ។
* កម្មវិធីជំនួយសង្គមជាសាច់ប្រាក់ក្រោយពេលបិទខ្ទប់៖ ដាក់ឱ្យអនុវត្តក្នុងឆ្នាំ២០២១ ក្នុងគោលបំណងជួយសម្រាលការលំបាកផ្នែកជីវភាពពលរដ្ឋ ដែលស្ថិតក្នុងតំបន់ក្រោមការអនុវត្តវិធានការបិទខ្ទប់ និងមានអ្នកឆ្លងជំងឺកូវីដ-១៩ ឬស្លាប់ដោយសារជំងឺកូវីដ-១៩ ដោយមានអ្នកទទួលផលចំនួន ១២៩ ៦៦៦ គ្រួសារ។
* កម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារងាយរងហានិភ័យក្នុងអំឡុងពេលមានសម្ពាធអតិផរណា៖ មានគោលបំណងជួយស្រូបយកសម្ពាធពីការកើនឡើងខ្ពស់នៃអតិផរណា(ថ្លៃទំនិញលើទីផ្សារ) ក្នុងមួយគ្រានៃវិបត្តិ ដោយបានគ្របដណ្ដប់ គ្រួសារគោលដៅសរុបជាង ៥០ម៉ឺនគ្រួសារ ឬប្រមាណ ១,៨ លាននាក់។
* កម្មវិធីជំនួយសង្គមជាសាច់ប្រាក់ជូនគ្រួសារងាយរងហានិភ័យ ដែលរងផលប៉ះពាល់ធ្ងន់ធ្ងរពីគ្រោះទឹកជំនន់៖ កម្មវិធីនេះត្រូវបានអនុវត្តនៅក្នុងតំបន់ភូមិសាស្ត្រនៃរាជធានី-ខេត្តគោលដៅចំនួន ១៦ និងមានគ្រួសារគោលដៅទទួលផលចំនួន ៩៩ ១៦៩ គ្រួសារ ឬស្មើនឹង ៣៧២ ៨៥៩ នាក់ សម្រាប់រយៈពេល ៣ខែ ចាប់ពីខែធ្នូ ឆ្នាំ២០២២ ដល់ខែកុម្ភៈ ឆ្នាំ២០២៣។
សម្រាប់ក្នុងក្របខណ្ឌប្រព័ន្ធសន្តិសុខសង្គម មានដូចជា ៖
* របបសន្តិសុខសង្គមផ្នែកប្រាក់សោធន ផ្នែកថែទាំសុខភាព និងផ្នែកហានិភ័យការងារសម្រាប់មន្ត្រីសាធារណៈ អតីតមន្ត្រីរាជការ និងអតីតយុទ្ធជន៖ រាជរដ្ឋាភិបាលរ៉ាប់រងទាំងស្រុងលើការបើកផ្តល់ប្រាក់សោធនជូននិវត្តជន។ របបនេះ មានសមាជិកជាអតីតមន្ត្រីរាជការស៊ីវិល និងអតីតយុទ្ធជន ប្រមាណ ១៣១ ១២៩ នាក់។
* របបសន្តិសុខសង្គមផ្នែកប្រាក់សោធន ផ្នែកថែទាំសុខភាព និងផ្នែកហានិភ័យការងារ សម្រាប់បុគ្គលទាំងឡាយដែលស្ថិតនៅក្រោមបទប្បញ្ញត្តិនៃច្បាប់ស្តីពីការងារ៖ មានសមាជិកក្នុងរបបភាគទានជាកាតព្វកិច្ចចំនួន ១ ៤៩៤ ៥៧៦ នាក់ និងសមាជិកសកម្មក្នុងរបបភាគទានដោយស្ម័គ្រចិត្តចំនួន ៤ ៣៣៨ នាក់។
* មូលនិធិសមធម៌សុខាភិបាល សម្រាប់ពលរដ្ឋដែលមានសមធម៌ និងក្រុមពលរដ្ឋគោលដៅមួយចំនួនទៀត៖ រាជរដ្ឋាភិបាលបានផ្ដល់ការថែទាំសុខភាព ដោយឥតគិតថ្លៃ តាមរយៈមូលនិធិសមធម៌សុខាភិបាល ជូនដល់ពលរដ្ឋក្រីក្រ គ្រួសារងាយរងហានិភ័យ និងក្រុមពលរដ្ឋដទៃទៀត រួមមាន កម្មករក្រៅប្រព័ន្ធ, អ្នកធាក់ស៊ីក្លូ, កីឡាករជម្រើសជាតិ, សមាជិកក្រុមប្រឹក្សាភូមិ-ឃុំ ក្រុមគ្រួសារជនពលីមរណៈ និងបុគ្គលបម្រើការក្នុងសេវាកម្សាន្តទេសចរណ៍នៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ ។
លោកស្រី ប៉ែន សុបភា បានគូសបញ្ជាក់បន្ថែមថា ជារួម ការវិនិយោគ (ចំណាយ) ក្នុងប្រព័ន្ធគាំពារសង្គម បានកើនឡើងពីប្រមាណ១% ក្នុងឆ្នាំ២០១៨ ដល់ប្រមាណ ៣% នៃផលិតផលសរុបក្នុងស្រុកក្នុងឆ្នាំ២០២២ ដោយអត្រាគ្របដណ្តប់បានកើនឡើងពី ២៦,៥% ក្នុងឆ្នាំ២០១៨ ដល់ប្រមាណ ៤២% នៃចំនួនប្រជាជនសរុបក្នុងឆ្នាំ២០២២ ដែលការណ៍នេះបានឆ្លុះបញ្ចាំងពីឆន្ទៈ និងកិច្ចខិតខំរបស់រាជរដ្ឋាភិបាលក្នុងការកសាង និងពង្រឹងប្រព័ន្ធគាំពារសង្គមកម្ពុជាឱ្យកាន់តែប្រសើរឡើងប្រកបដោយបរិយាបន្ន។
ចំណាយនេះ គិតមិនទាន់រាប់បញ្ចូល កម្មវិធីជំនួយសង្គមមួយចំនួនទៀតពាក់ព័ន្ធនឹងការឆ្លើយតបនឹងគ្រោះអាសន្ន ដូចជាប្រព័ន្ធស្បៀងបម្រុង, កម្មវិធីបណ្ដុះបណ្ដាលសម្ថភាពជំនាញវិជ្ជាជីវៈ និងការជួយកម្មករព្យូរកិច្ចសន្យាការងារ, ការឧបត្ថម្ភសាច់ប្រាក់ជូនកម្មករក្រោយបិទខ្ទប់, និងកម្មវិធីឧបត្ថមសាច់ប្រាក់ជូនគ្រួសារជួបការលំបាកក្រោយការបិទខ្ទប់នោះទេ ដែលអាចមានចំណាយប្រមាណ ៥% នៃផលិតផលក្នុងស្រុកសរុប។
អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងជាប្រធានក្រុមប្រឹក្សាជាតិគាំពារសង្គម មានប្រសាសន៍ថា «ក្របខណ្ឌគោលនយោបាយជាតិគាំពារសង្គម ២០១៦-២០២៥» បានដើរតួយ៉ាងសំខាន់ ក្នុងការតម្រង់ទិសនៃការអភិវឌ្ឍប្រព័ន្ធគាំពារសង្គមកម្ពុជា បានយ៉ាងគាប់ប្រសើរ។ គិតត្រឹមដើមឆ្នាំ ២០២៤នេះ ការគ្របដណ្តប់នៃប្រព័ន្ធគាំពារសង្គម មានប្រមាណជាង ៤២.១% នៃប្រជាជនសរុប ។ ប៉ុន្តែជាមួយនឹងការវិវត្តយ៉ាងឆាប់នព្រឹត្តការណ៍សកល ក៏ដូចជា លទ្ធផលនៃការវាយតម្លៃពាក់កណ្ដាលអាណត្តិកន្លងមក រាជរដ្ឋាភិបាលមើលឃើញពីភាពចាំបាច់ ក្នុងការធ្វើបច្ចុប្បន្នភាព ក្របខណ្ឌគោលនយោបាយនេះ ទៅជា «ក្របខណ្ឌគោលនយោបាយជាតិគាំពារសង្គម ៖ ចក្ខុវិស័យ ឆ្នាំ២០៣០»។
អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន បន្ថែមថា «ក្របខណ្ឌគោលនយោបាយជាតិគាំពារសង្គម៖ ចក្ខុវិស័យ ឆ្នាំ ២០៣០» ក៏នឹងបន្តស្មារតី ក្នុងការនាំកម្ពុជា ឆ្ពោះទៅការគ្របដណ្តប់សុខភាពជាសកល ដែលជារបៀបវារៈ និងជំហានគោលនយោបាយ ដ៏សំខាន់មួយ ដែលត្រូវបានកំណត់ជាគោលនយោបាយអាទិភាពទី១ ក្នុងចំណោមគោលនយោបាយអាទិភាពទាំង៦ នៃយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១។ គោលនយោបាយអទិភាពនេះ មិនត្រឹមតែពង្រីកវិសាលភាព នៃរបបថែទាំសុខភាពដល់ប្រជាជន ប្រមាណ ៩ លាននាក់ ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំង ជំរុញការគូសវាសផែនទីបង្ហាញផ្លូវមួយ សម្រាប់ការពង្រីកវិសាលភាព, ទាំងការគ្របដណ្ដប់ប្រជាជន, ការគ្របដណ្តប់សេវាសុខាភិបាលសារវន្ត និង ទាំងការគាំពារផ្នែកហិរញ្ញវត្ថុ៕