(ភ្នំពេញ)៖ លោក ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ នាព្រឹកថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៤ បានដឹកនាំកិច្ចប្រជុំពិភាក្សាការងារ និងពង្រឹងកិច្ចសហប្រតិបត្តិការជាមួយអង្គការមិនមែនរដ្ឋាភិបាលក្នុងស្រុក និងបរទេស ជាមួយរដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អគ្គនាយក និងមន្រ្តីពាក់ព័ន្ធ តំណាងអង្គការមិនមែនរដ្ឋាភិបាលក្នុងស្រុក និងបរទេសសរុប៤៤អង្គការ ព្រមទាំងថ្នាក់ដឹកនាំមន្ទីរអភិវឌ្ឍន៍រាជធានី-ខេត្ត តាមប្រព័ន្ធអនឡាញ (Zoom)។
លោក ផូ ផារិទ្ធ រដ្ឋលេខាធិការ បានចាប់ផ្ដើមឡើងអានរបាយការណ៍សង្ខេបបញ្ជាក់ថា អង្គការមិនមែនរដ្ឋាភិបាលដែលកំពុងសហការជាមួយក្រសួងអភិវឌ្ឍន៍ជនបទនាពេលបច្ចុប្បន្នរួមមានអង្គការមិនមែនរដ្ឋាភិបាល បរទេស មានចំនួន ៣៣អង្គការ និងអង្គការមិនមែនរដ្ឋាភិបាលក្នុងស្រុកមានចំនួន ១១អង្គការ ដែលអង្គការទាំងអស់នេះបានចុះកិច្ចព្រមព្រៀងសហប្រតិបត្តិការជាមួយក្រសួងអភិវឌ្ឍន៍ជនបទ មានសុពលភាពរយៈពេល៣ឆ្នាំម្ដង ហើយបាននិងកំពុងអនុវត្តសកម្មភាពនៅតាមបណ្តារាជធានីខេត្តគោលដៅរបស់ខ្លួន។
លោក ឆាយ ប្ញទ្ធិសែន បានបានឱ្យដឹងថា រាជរដ្ឋាភិបាលកម្ពុជាបានដាក់ចេញនូវបេសកកម្មជាប្រវត្តិសាស្ត្រ ដើម្បីពន្លឿនការអភិវឌ្ឍឈានឆ្ពោះទៅសម្រេចបាននូវចក្ខុវិស័យកម្ពុជា ជាប្រទេសដែលមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងជាប្រទេសមានចំណូលកម្រិតខ្ពស់នៅឆ្នាំ២០៥០។ យុទ្ធសាស្រ្តបញ្ចកោណដំណាក់កាលទី១ មានបាវចនាចំនួន៥ គឺ កំណើន ការងារ សមធម៌ ប្រសិទ្ធភាព និងចីរភាព ដោយផ្អែកលើអាទិភាពគន្លឹះចំនួន៥ គឺ មនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យាឌីជីថល។
លោករដ្ឋមន្ដ្រីបានបន្ដថា ដើម្បីចូលរួមចំណែកអនុវត្តយុទ្ធសាស្រ្តបញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល ឱ្យសម្រេចបានជោគជ័យ ក្រសួងអភិវឌ្ឍន៍ជនបទ បាននឹងកំពុងអនុវត្តតាមចក្ខុវិស័យរបស់ខ្លួន គឺការលើកកម្ពស់គុណភាព និងគុណតម្លៃនៃជីវិតរស់នៅរបស់ប្រជាជនជនបទប្រកបដោយបរិយាបន្ន ទាំងផ្នែកសេដ្ឋកិច្ច សង្គម និងវប្បធម៌ តាមរយៈកម្មវិធីអាទិភាពចំនួន៤ ជាអាទិ៍ (១).ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធរូបវន្ត និងគមនាគមន៍ជនបទ (២). ការកែលម្អលក្ខខណ្ឌនៃការរស់នៅរបស់សហគមន៍ជនបទ (៣). ការធ្វើពិពិធកម្មសកម្មភាពសេដ្ឋកិច្ចជនបទ និង (៤). ការពង្រឹងស្ថាប័ន អភិវឌ្ឍសមត្ថភាព និងធនធានមនុស្ស។
ឯកឧត្ដមបានបន្តលើកឡើងពីទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងរាជរដ្ឋាភិបាលកម្ពុជា ជាមួយអង្គការមិនមែនរដ្ឋាភិបាល ជាពិសេសជាមួយក្រសួងអភិវឌ្ឍន៍ជនបទ ក្នុងគោលបំណងបន្តកិច្ចសហប្រតិបត្តិការនេះឱ្យកាន់តែល្អប្រសើរឡើង។
លោកបានបន្តទៀតថា រាជរដ្ឋាភិបាលបានប្រគល់ភារកិច្ចជូនក្រសួងអភិវឌ្ឍន៍ជនបទ យកចិត្តទុកដាក់បន្តយុទ្ធសាស្ត្រអភិវឌ្ឍន៍ជនបទ ដែលក្នុងនោះការអភិវឌ្ឍន៍ភូមិគំរូ ក៏ជាភារកិច្ចរបស់ក្រសួងដែលបច្ចុប្បន្នក្រសួងកំពុងអភិវឌ្ឍន៍ភូមិគំរូចំនួន ៣០ភូមិ និងមានផែនការពង្រីកវិសាលភាពអភិវឌ្ឍន៍ភូមិថ្មីបន្ថែមទៀត។
ជាមួយគ្នានេះដែរ លោករដ្ឋមន្រ្ដីបានផ្ដល់វេទិកាជូនទៅបណ្ដាអង្គការមិនមែនរដ្ឋាភិបាលដើម្បីបញ្ចេញនូវទស្សនៈ សូចនាករល្អៗរបស់ខ្លួន និងបទពិសោធន៍របស់ខ្លួនក្នុងនាមជាអង្គភាពជួយចូលរួមស្ថាបនា និងកិច្ចសហប្រតិបត្តិការ។
លោករដ្ឋមន្រ្ដីបានលើកឡើងថា ដើម្បីធ្វើឱ្យកាន់តែប្រសើរឡើងក្នុងភាពជាដៃគូរសហការដ៏ល្អរវាងគ្នា ក្រសួងសូមទទួលយកនូវសំណូលពរ ក៏ដូចជាមតិយោបល់ល្អ យកមកពិនិត្យ និងពិចារណា។ លោកបានបន្តលើកឡើងទៀតថាក្នុងការសហប្រតិបត្តការជាដៃគូ ត្រូវដាក់ប្រយោជន៍ប្រជាជនជាអទិភាព ធ្វេីយ៉ាងអោយជីវិតប្រពលរដ្ឋជនបទត្រូវបានលើកកម្ពស់ និងទទួលបាននូវគុណតម្លៃជីវិតប្រកបដោយបរិយាបន្នទាំងផ្នែកសេដ្ឋកិច្ច សង្គម និងវប្បធម៌។
លោករដ្ឋមន្រ្ដីក៏បានផ្តាំផ្ញើដល់ថ្នាក់ដឹកនាំជារដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ មន្ទីរអភិវឌ្ឍន៍ជនបទរាជធានី-ខេត្ត បន្តសហការជាមួយបណ្ដាអង្គការមិនមែនរដ្ឋាភិបាលឱ្យបានល្អ រួមគ្នាអនុវត្តយុទ្ធសាស្រ្ដបច្ចកោណដំណាកើកាលទី១ របស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្រ្ដី៕