(កំពង់ឆ្នាំង)៖ លោកវរសេនីយ៍ឯក លី ណា នាយការិយាល័យចរាចរណ៍ផ្លូវគោកខេត្តកំពង់ឆ្នាំង បានប្រាប់បណ្ដាញព័ត៌មាន Fresh News ឲ្យដឹងថា កាលពីថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៤ វេលាម៉ោង១៦៖០០នាទី នៅលើផ្លូវជាតិលេខ៥ ចន្លោះបង្គោលគីឡូម៉ែត្រលេខ៩៣-៩៤ ភូមិខ្វិត ឃុំពង្រ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង មានករណីគ្រោះថ្នាក់ចរាចរណ៍មួយរវាងរថយន្ត១គ្រឿងម៉ាក TOYOTA HIACE ពណ៌ស ពាក់ផ្លាកលេខ ភ្នំពេញ 2AF-1183 អ្នកបើកបរដោយឈ្មោះ ជា វណ្ណា រស់នៅភូមិភ្នំជញ្ជាំង ឃុំជប់វារី ស្រុកព្រះនេតព្រះ ខេត្តបន្ទាយមានជ័យ បើកបរពីទិសខាងត្បូង ទៅទិសខាងជើង។

លុះបើកបរមកដល់ត្រង់ចំណុចកើតហេតុ ក៏បានបុកជាមួយរថយន្ត១គ្រឿងទៀតម៉ាក FORD RANGER ពណ៌ស ពាក់ផ្លាកលេខ ភ្នំពេញ 2BO- 2797 បើកបរដោយឈ្មោះ ឈឹម ឌិនចន្រ្ទា អាយុ៦៤ឆ្នាំ រស់នៅភូមិត្នោតជុំ៤ សង្កាត់បឹងទំពន់ ខណ្ឌមានជ័យ រាជធានីភ្នំពេញ បើកបរពីទិសខាងកើត ទៅទិសខាងលិច។

រួចក៏បន្តល្បឿនទៅបុកជាមួយម៉ូតូ៣គ្រឿងទៀត ដែលកំពុងឈប់នៅចិញ្ចើមផ្លូវបម្រុងឆ្លងឆ្លូវជាតិលេខ៥។ ម៉ូតូទាំង៣គ្រឿងខាងលើនេះ រួមមាន៖

*ទី១៖ ម៉ាក HONDA C125 ពាក់ផ្លាកលេខ ភ្នំពេញ 1CB-8955 បើកបរដោយឈ្មោះ យ៉ង់ ថេត អាយុ៥៥ឆ្នាំ រស់នៅភូមិចំការតាម៉ៅ ឃុំស្រែថ្មី ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង
*ទី២៖ ម៉ូតូម៉ាក HONDA C125 ពណ៌ខ្មៅ ពាក់ផ្លាកលេខ ភ្នំពេញ 1DH-5059 បើកបរដោយឈ្មោះ ស៊ឹម សុធា អាយុ២១ឆ្នាំ រស់នៅភូមិថ្មស ឃុំខ្នារ ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង ដោយមានអ្នករួមដំណើរម្នាក់ទៀត ឈ្មោះ ស៊ុន សុខនាង អាយុ២៨ឆ្នាំ រស់នៅភូមិឆ្នុកទ្រូ ឃុំឆ្នុកទ្រូ ស្រុកបរិបូរណ៌ ខេត្តកំពង់ឆ្នាំង។
*ទី៣៖ ម៉ូតូម៉ាក HO NDA C125 ពណ៌ខ្មៅ ពាក់ផ្លាកលេខ កំពង់ឆ្នាំង 1A-4461 បើកបរដោយឈ្មោះ សាន គឹមសេង អាយុ៤២ឆ្នាំ រស់នៅភូមិដំបូកកកោះ ឃុំក្រាំងដីមាស ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង ក្នុងដំណើរខ្វែងទិសគ្នា។

ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ បណ្តាលឲ្យរងរបួសមនុស្ស៥នាក់ (ស្រី១នាក់) ក្នុងនោះរងរបួសធ្ងន់១នាក់ប្រុស និងខូចខាតរថយន្ត២គ្រឿង ម៉ូតូ៣គ្រឿង។

វត្ថុតាងត្រូវបានយកមករក្សាទុកនៅ អធិការដ្ឋាននគរបាលស្រុករលាប្អៀរ ដើម្បីកសាងសំណុំរឿងតាមនីតិវិធី។ លោកបញ្ជាក់ទៀតថា ករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ គឺមូលហេតុបណ្តាលមកពីអ្នកបើកបរមិនគោរពផ្លាកសញ្ញា បើកបរក្នុងល្បឿនលឿន ម្យ៉ាងទៀតអ្នកបង្ករស់នៅក្រៅខេត្ត ចំណែកអ្នកបើកបរម៉ូតូមិនពាក់មួកសុវត្ថិភាព ទើបបណ្ដាលឱ្យកើតមានគ្រោះថ្នាក់បែបនេះកើតឡើង។

ឆ្លៀតក្នុងឱកាសនោះ លោកនាយការិយាល័យចរាចរណ៍ផ្លូវគោក សូមអំពាវនាវបងប្អូនប្រជាពលរដ្ឋដែលជាអ្នកប្រើប្រាស់ផ្លូវទាំងអស់សូមមេត្តាបើកបរមានការប្រុងប្រយ័ត្ន ពិសេសត្រូវគោរពនូវផ្លាកសញ្ញាចរាចរណ៍ ដែលមានដាក់នៅតាមដង ផ្លូវស្រាប់ សុំកុំបើកបរក្នុងស្ថានភាពស្រវឹង និងបើកបរត្រូវចេះយោគយល់អធ្យាស្រ័យឲ្យគ្នា ពិសេសបងប្អូនប្រជាពលរដ្ឋដែលនៅខេត្តឆ្ងាយមិនធ្លាប់បានឆ្លង កាត់តាមផ្លូវថ្មីចំណុចផ្លូវវាងក្រុងនេះ ក៏សូមមានការប្រុងប្រយ័ត្នដោយបើកបរតាមល្បឿនកំណត់ព្រោះផ្លូវវាងក្រុងកំពង់ឆ្នាំងនេះមានផ្លូវខ្វែងជា៤ច្រើនកន្លែង ដែលបងប្អូនត្រូវតែបើកបរមានការប្រុងប្រយ័ត្នឲ្យបានខ្ពស់៕