(ភ្នំពេញ)៖ នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ អគ្គមេបញ្ជាការរង នាយសេនាធិការចម្រុះ នៃកងយោធពលខេមរភូមិន្ទ នៅថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៤នេះ បានអញ្ជើញបើកសិក្ខាសាលាស្តីពីការផ្សព្វផ្សាយផនការហ្វឹកហ្វឺនកងយោធពលខេមរភូមិន្ទឆ្នាំ២០២៤។
នាឱកាសនោះដែរ នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ បានពាំនាំនូវការសួរសុខទុក្ខពីសំណាក់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា, នាយឧត្ដមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ, នាយឧត្ដមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការ នៃកងយោធ ពលខេមរភូមិន្ទ ជូនចំពោះដល់នាយទាហាន នាយទាហានរង និងពលទាហានទាំងអស់។
ជាមួយគ្នានេះដែរ នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះទីចាត់ការហ្វឹកហ្វឺន អគ្គបញ្ជាការដ្ឋាន ដែលបានខិតខំដឹកនាំការងារហ្វឹកហ្វឺនរយៈពេលកន្លងមក ក្នុងកងយោធពលខេមរភូមិន្ទទទួលបានជោគជ័យ និងសូមកោតសរសើរចំពោះបណ្តាសាលា បញ្ជាការដ្ឋានប្រភេទទ័ពទាំងអស់ ដែលបានចូលរួមអនុវត្តផែនការហ្វឹកហ្វឺនឆ្នាំ២០២៣ កន្លងមកនេះ ទទួលបានជោគជ័យយ៉ាងត្រចះត្រចង់។
គោលបំណងនៃការបើកសិក្ខាសាលានេះ ដើម្បីធ្វើការវាយតម្លៃបូកសរុបចំណុចខ្លាំង ចំណុចខ្សោយ ដែលបានអនុវត្តកន្លងមក និងរួមគ្នាពិនិត្យរាល់បញ្ហាដែលប្រឈម ដើម្បីដោះស្រាយបញ្ហាទាំងអស់នោះ។
នាឱកាសនោះដែរ នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ បានផ្ដាំផ្ញើមួយចំនួនដល់សិក្ខាកាមរួមមាន៖
ទី១៖ ទាំងអស់គ្នាយកចិត្តទុកដាក់ក្នុងការជ្រួតជ្រាបអំពីផែនការហ្វឹកហ្វឺនឆ្នាំ២០២៤ និងយកទៅអនុវត្តដោយមានប្រសិទ្ធភាព ជាពិសេសការធ្វើផែនការ ការរៀបចំចាត់តាំងវគ្គហ្វឹកហ្វឺន ការធានាយោធាចារ្យ ការរៀបចំខ្លឹមសារ និងការធានាដល់ការហ្វឹកហ្វឺន បានទាន់ពេលវេលា និងតាមសំណូមពរនៃការងារហ្វឹកហ្វឺន។
ទី២៖ ស្នើអង្គសិក្ខាសាលាទាំងមូលយកចិត្តទុកដាក់ពិនិត្យ ចូលរួមយោបល់ និងវាយតម្លៃលើចំណុចខ្លាំង ចំណុចខ្សោយ និងបញ្ហាប្រឈមដើម្បីរួមគ្នាដោះស្រាយធ្វើឱ្យការងារហ្វឹកហ្វឺន ទទួលបានជោគជ័យនៅពេលខាងមុខនេះ។
និងទី៣៖ គ្រប់កងឯកភាពកងយោធពលខេមរភូមិន្ទ ចូលរួមអនុវត្តឱ្យបានត្រឹមត្រូវតាម (ផែនការរួម នៃការងារហ្វឹកហ្វឺន) របស់កងយោធពលខេមរភូមិន្ទ ជាពិសេសយកចិត្តទុកដាក់លើការ រៀបចំសាលាតាមបណ្តាថ្នាក់ដែលបានកំណត់កន្លងមក និងរៀបចំសាលាឱ្យមានហេដ្ឋារចនាសម្ព័ន្ធហ្វឹកហ្វឺនគ្រប់គ្រាន់យោធាចារ្យ និងរៀបចំការធានាឱ្យបានត្រឹមត្រូវដើម្បីដំណើរការហ្វឹកហ្វឺន៕