(ព្រៃវែង)៖ ដើម្បីឈានឆ្ពោះទៅអបអរខួបទី១៦១ ទិវាពិភពលោក កាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ ឧសភា ២០២៤ ក្រោមប្រធានបទ «រួមគ្នាជាមួយកាកបាទក្រហមកម្ពុជា ដើម្បីសហគមន៍មានសុខភាពល្អ និងមានភាពធន់នឹងអាកាសធាតុ» កាកបាទក្រហមកម្ពុជា ដែលមានសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន បានចាត់ លោក យូ ឡាណា អគ្គលេខាធិការរងទី២ កាកបាទក្រហមកម្ពុជា ដឹកនាំក្រុមការងារ ចុះផ្សព្វផ្សាយខ្លឹមសារខួបទី១៦១ ទិវាពិភពលោក កាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ ឧសភា ២០២៤។

ពិធីផ្សព្វផ្សាយនេះមានការចូលរួមពីលោក សុខ ផេង អនុប្រធានអចិន្ត្រៃយ៍សាខា, លោក ជឹម សុខ អនុប្រធានសាខាកាកបាទក្រហមកម្ពុជា ខេត្តព្រៃវែង ដែលមានសមាសភាពចូលរួមពីមន្ត្រី បុគ្គលិក សាខា អនុសាខា អ្នកស្ម័គ្រចិត្ត យុវជនកាកបាទក្រហមកម្ពុជា មន្ទីរអង្គភាពជុំវិញខេត្ត និងសប្បុរសជន នារសៀលថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៤។

លោកអគ្គលេខាធិការរងទី២ បានផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន និងបានបង្ហាញជូននូវគោលបំណងដូចតទៅ៖ (១) ផ្សព្វផ្សាយឱ្យសាធារណជនបានស្គាល់ និងយល់ដឹងពីអ្វីដែល កាកបាទក្រហមកម្ពុជា បាននឹងកំពុងធ្វើ  (២) បង្ហាញពីសមិទ្ធផល និងវឌ្ឍនភាពរបស់កាកបាទក្រហមកម្ពុជា (៣) បន្តអំពាវនាវដល់សប្បុរសជនគ្រប់មជ្ឈដ្ឋាន ដើម្បីកៀរគររកមូលនិធិសម្រាប់បន្តប្រតិបត្តិការមនុស្សធម៌ជួយប្រជាពលរដ្ឋងាយរងគ្រោះ និងចូលរួមក្នុងការដោះស្រាយបញ្ហាប្រឈមនានា។

ជាមួយគ្នា លោកយូ ឡាណា បានបន្តថា ទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ថ្ងៃទី៨ ខែឧសភា ធ្វើឡើងជារៀងរាល់ឆ្នាំដើម្បី៖ (១) រំលឹកដល់ការបង្កើតចលនាអន្តរជាតិកាកបាទក្រហម និងអឌ្ឍចន្ទក្រហម (ហៅកាត់ថា ចលនាអន្តរជាតិ) ឆ្នាំ១៨៦៣ (២) រំលឹកដល់ថ្ងៃកំណើតលោក ហង់រី ឌុយណង់ ស្ថាបនិករបស់ចលនាអន្តរជាតិ ថ្ងៃទី៨ ខែឧសភា (៣) ផ្សព្វផ្សាយព័ត៌មានឱ្យប្រជាជនទូទាំងសកលលោកបានដឹង និងយល់ជ្រួតជ្រាបពីអ្វីដែលចលនាអន្តរជាតិរួមជាមួយសមាគមជាតិនានា និងកម្លាំងអ្នកស្ម័គ្រចិត្ត។

​ទន្ទឹមនឹងនោះការផ្សព្វផ្សាយនេះ​ ជាការចូលរួមចំណែកលេីកកម្ពស់សុខភាព​ និងសុខុមាលភាពប្រជាជន ដើម្បីធ្វើយ៉ាងណាឱ្យសហគមន៍មានសុខភាពល្អ លោកអគ្គលេខាធិការរងទី២ បានបន្តថា «សូមយកចិត្តទុកដាក់ និងយល់ដឹងអំពីជំងឺមិនឆ្លងទាំងបួនមុខរួមមាន ជំងឺមហារីក, ជំងឺទឹកនោមផ្អែម, ជំងឺរលាកផ្លូវដង្ហើមរ៉ាំរ៉ៃ និងជំងឺបេះដូងសរសៃឈាម ដែលនៅតែជាបញ្ហាប្រឈមខ្ពស់នៃការស្លាប់ស្ទើរតែពាក់កណ្តាលក្នុងចំណោមការស្លាប់ទាំងអស់នៅកម្ពុជា នេះបើតាមការឱ្យដឹងពីក្រសួងសុខាភិបាល»

បន្ថែមលើនេះដើម្បីឱ្យសហគមន៍មានភាពធន់នឹងអាកាសធាតុ លោកបានលើកឡើងអំពីផលប៉ះពាល់ពីការប្រែប្រួលអាកាសធាតុ ការរេចរឹលបរិស្ថាន និងការបំពុលខ្យល់ជាដើម។ ក្នុងការចូលរួមកាត់បន្ថយ និងបន្សាំការប្រែប្រួលអាកាសធាតុ ដែលបច្ចុប្បន្នកម្ពុជាកំពុងប្រឈមនឹងការកើនឡើងកំដៅខ្លាំងលោក បានលើកឡើងនូវវិធានសំខាន់ៗចំនួន ៨ចំណុចឱ្យប្រជាពលរដ្ឋចូលរួមក្នុងការយល់ដឹងការពារការប៉ះពាល់ដល់អាយុជីវិតខ្លួនរួមមាន៖

១៖ រក្សាជាតិទឹក៖ ពិសាជាតិទឹកឱ្យបានច្រើន
២៖ ស្លៀកពាក់ឱ្យសមរម្យ៖ ស្លៀកសម្លៀកបំពាក់ស្រាល រលុង និងពណ៌ស្រាល
៣៖ ជៀសវាងកម្ដៅខ្លាំង៖ សូមស្នាក់នៅក្នុងផ្ទះ ឬស្វែងរកម្លប់ក្នុងពេលក្តៅខ្លាំង
៤៖ សម្រាកក្នុងបរិយាកាសត្រជាក់៖ សម្រាកឱ្យបានទៀងទាត់នៅកន្លែងត្រជាក់ ឬម៉ាស៊ីន ត្រជាក់ ឬប្រើក្រមា/កន្សែងជ្រលក់ទឹក
៥៖ ប្រើសម្ភារការពារ៖ ពាក់មួកហាមធំទូលាយ វ៉ែនតា និងប្រើឡេការពារកម្ដៅថ្ងៃ
៦៖ តាមដានបុគ្គលដែលងាយរងគ្រោះ៖ យកចិត្តទុកដាក់ចំពោះមនុស្សចាស់ កុមារ ស្ត្រីមានផ្ទៃពោះ និងអ្នកជំងឺរាំរ៉ៃ
៧៖ កុំទុកនរណាម្នាក់នៅក្នុងឡានថត៖ ជៀសវាងទុកកុមារ សត្វចិញ្ចឹម ឬអ្នកផ្សេងទៀត នៅក្នុងឡានចត ទោះបីរយៈពេលខ្លីក៏ដោយ
៨៖ ត្រូវដឹងពីសញ្ញាព្រមាន៖ អស់កម្លាំង ក្តៅខ្លួន វិលមុខ ឈឺក្បាល ចង្អោរ បេះដូងលោតញាប់ អារម្មណ៍ច្របូកច្របល់ ឬដួលសន្លប់។

ជាមួយគ្នានេះ លោក យូ ឡាណា បានថ្លែងអំណរគុណលោក សួន សុម៉ាលីន ប្រធានគណៈកម្មាធិការសាខា លោក លោកស្រី ឧកញ៉ា សមាជិក សមាជិកា គណៈកម្មាធិការសាខា សប្បុរសជនដែលបានជួយដល់កាកបាទក្រហមកម្ពុជាកន្លងមក និងសូមបន្តអំពាវនាវចូលរួមគាំទ្រជួយដល់កាកបាទក្រហមកម្ពុជា ដេីម្បីបុព្វហេតុមនុស្សធម៌ជួយដល់ជនរងគ្រោះ និងជនងាយរងគ្រោះជាដើម។

បើតាមអនុប្រធានអចិន្ត្រៃយ៍សាខា បានឲ្យដឹងថា ក្នុងរយៈពេល១ឆ្នាំ ២ខែ កាកបាទក្រហមកម្ពុជា រួមជាមួយសាខាខេត្ត និងអនុសាខាក្រុង ស្រុក បាននាំយកអំណោយមនុស្សធម៌ផ្តល់ជូនដល់គ្រួសាររងគ្រោះដោយសារគ្រោះមហន្តរាយផ្សេងៗ ការងារសុខភាពនិងការថែទាំសុខភាពក្នុងសហគមន៍ សរុបបានចំនួន ១,៥៧០គ្រួសារ /នាក់ ស្មើនឹង ៥៦៥លើក ក្នុងនោះរងគ្រោះដោយសារគ្រោះមហន្តរាយផ្សេងៗ សរុបចំនួន ៤៩៥គ្រួសារ/នាក់ ស្មើនឹង២៦៩លើក ការងារសុខភាព និងការថែទាំសុខភាពក្នុងសហគមន៍ សរុបចំនួន ១,០៤៥គ្រួសារ ស្មើនឹង ២៦៦លើក បង្គន់អនាម័យ ចំនួន ១៧បង្គន់ ការងារផ្តល់ជំនួយសុខុមាលភាពសង្គមចំនួន ៣០គ្រួសារ ស្មើនឹង ៣០លើក និងប្រគល់ផ្ទះបានចំនួន ៣០ខ្នងផ្ទះ ព្រមទាំងបានអនុវត្តនូវកិច្ចការងារសំខាន់ៗបានជោគជ័យជាច្រើនទៀតផងដែរ៕