(ភ្នំពេញ)៖ រដ្ឋមន្ត្រីការបរទេសកាណាដា លោក Stéphane Dion នៅព្រឹកថ្ងៃសៅរ៍ ទី០៣ ខែកញ្ញានេះ បានអញ្ជើញទៅសិក្សាស្វែងយល់ លំអិតអំពីវឌ្ឍនភាព សកម្មភាពកំចាត់គ្រាប់មីននៅកម្ពុជា នៅមជ្ឈមណ្ឌលជាតិសកម្មភាពកម្ចាត់មីនកកម្ពុជា (ស៉ីម៉ាក់) ភ្នំពេញ។
ការអញ្ជើញចុះពិនិត្យ និងស្វែងយល់អំពីសកម្មភាពស៊ីម៉ាក់ របស់រដ្ឋមន្ត្រីការបរទេសកាណាដា លោក Stéphane Dion ទទួលបាននូវការស្វាគមន៍យ៉ាងកក់ក្តៅ ពីលោក ហេង រតនា ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយក ស៊ីម៉ាក់ និងមន្ត្រីស៊ីម៉ាក់ជាច្រើននាក់ទៀត។
លោក ហេង រតនា បានបញ្ជាក់ថា រដ្ឋមន្ត្រីការបរទេសកាណាដា បានស្វែងយល់ពីសកម្មភាពរបស់ស៉ីម៉ាក់ ក្នុងការរំដោះផ្ទៃដីមានបញ្ហាគ្រាប់មីន មិនត្រឹមតែសំរាប់ជួយរំដោះអាយុជីវតរបស់ប្រជាជន និងការអភិវឌ្ឍន៍ប៉ុណ្ណោះទេ ប៉ុនែ្តជាការចូលរួម ចំណែកយ៉ាងសំខាន់ ក្នុងការអនុសញ្ញាអន្តរជាតិ សី្តពីការហាមប្រាមការប្រើប្រាស់រាប់មីន ប្រឆាំងមនុស្សដែលកម្ពុជារដ្ឋភាគី នៃអនុសញ្ញានេះផងដែរ។
លោក ហេង រតនា បានបញ្ជាក់តាមរយៈ Facebook ផ្លូវការរបស់លោកថា កាណាដាជាប្រទេសកំណើត នៃអនុសញាអន្តរជាតិនេះ ដែលនិយមហៅកាត់ថា «អនុសញ្ញាអូតាវ៉ា» លោករដ្ឋមន្ត្រីការបរទេសកាណាដា មានការចាប់អារម្មណ៍ខ្លាំង និងមានបំណងបន្តផ្តល់ជំនួយ វិស័យមីនឡើងវិញ។ កន្លងមកជំនួយក្នុងវិស័យមីននេះ ក្នុងទូទាំងពិភពលោក ដែលកាណាដា បានជួយប្រមាណ១០០លានក្នុងរយៈពេល៣ឆ្នាំម្តងៗ ហើយកម្ពុជាទទួលបាន ប្រមាណជាង១០លានដុល្លារ ក្នុងរយៈពេលដូចគ្នានេះ។
លោកបន្ថែមថា កាណាដាជាដៃគូយ៉ាងសំខាន់របស់រាជរដ្ឋាភិបាល ក្នុងជួយគាំទ្រសកម្មភាពស៉ីម៉ាក់ តាំងពីការចាប់ផ្តើម ដោយបានជួយជាសម្ភារបរិក្ខា បច្ចកទេស និងថវិកា។ ការបាត់បង់ប្រទេសកាណាដា ពីវិស័យមីន ធ្វើឲ្យអនុសញ្ញាអូតាវ៉ា សិ្ថតក្នុងស្ថានភាពមិនប្រកដប្រជា និងធ្វើឲ្យកិតិ្តសព្ទ័កាដាណាក្នុងឆាកអន្តរជាតិប៉ះពាល់ផងដែរ ព្រោះថាអនុសញ្ញានេះ កកើតនៅលើទឹកដីកាណាដា និងជោគជ័យនៃនយោបាយអន្តរជាតិ របស់កាណាដា ក្នុងវិស័យមនុស្សធម៌ផងដែរ។
លោកបានឲ្យដឹងទៀតថា ក្រោយបក្សប្រឆាំង នៅកាណដាឈ្នះឆ្នោតនៅឆ្នាំ២០១២ បានលុបចោលគោលនយោបាយអន្តរជាតិនេះទាំងអស់ តែឥឡូវនេះ បក្សកាន់អំណាចឈ្នះឆ្នោតដឹកនាំវិញ កំពុងត្រូវកែសំរួលឡើងវិញ សង្ឃឹមថា អនុសញ្ញាអូតាវ៉ា នឹងបានសំរេចគោលដៅរបស់ខ្លួន៕