(ភ្នំពេញ)៖ ដូចជាការគ្រោងទុក នៅល្ងាចថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០១៦នេះ មានតារាសម្តែងប្រុស-ស្រីល្បីរបស់ខ្មែរជាច្រើនរូប បានបង្ហាញវត្តមានក្នុងកម្មវិធីពិសេសមួយ គឺជំនួបរវាងតារាសិល្បៈ សម្តែងក្នុងភាពយន្តភាគខ្មែរ របស់ស្ថានីយទូរទស្សន៍ PNN និងប្រិយមិត្តអ្នកគាំទ្រដែលជំនួបនេះ បានធ្វើឡើងនៅផ្សាទំនើបអ៉ីអន រាធានីភ្នំពេញ។
តារាសម្តែងប្រុស-ស្រីល្បីៗ ដែលបង្ហាញវត្តមាននៅក្នុងជំនួប ជាមួយអ្នកគាំទ្រនាទំនើបអ៉ីអន រួមមានកញ្ញា ម៉ាក់ សែនសូនីតា ហៅតូតា, កញ្ញា ចេស៊ីកា, លោក ហេង នរៈកក្កដា, កញ្ញា ឡាយ សម្ផស្ស, កញ្ញា ង៉ែត សុវណ្ណលីតា, លោក អេវីន, កញ្ញា ផន ស្រីខួច, លោក សន កាយ៉ាឌី, តារាកំប្លែងអ្នកនាង គ្រត, លោក ជា សំណាង រួមនឹងវត្តមានតារាប្រុស-ស្រីល្បីៗជាច្រើនរូបទៀត។
ជាមួយគ្នានេះ អ្វីដែលកាន់តែពិសេស ត្រូវបានគេកត់សម្គាល់ឃើញថា នៅក្នុងកម្មវិធីទាំងមូល គឺបានបង្កបរិយាកាសសប្បាយរីករាយ ដោយមានការផ្តល់ជាវត្ថុអនុស្សាវរីយ៍ ពីសំណាក់តារាសម្តែងល្បីៗ ក្នុងរឿងភាគរបស់ស្ថានីយ ទូរទស្សន៍ប៉ុស្តិ៍ PNN សម្រាប់ទស្សនិកជន អ្នកគាំទ្រក្រោយពេល អ្នកចូលរួមទាំងនោះ បានឆ្លើយត្រូវ និងស្គាល់ឈ្មោះតារាសម្តែង ក្នុងដួងចិត្តរបស់ពួកគាត់ ដែលតែងគាំទ្ររហូតមក។
លោក Glen Felgate នាយកប្រតិបត្តិស្ថានីយ ទូរទស្សន៍ PNN ធ្លាប់បានថ្លែងប្រាប់ឲ្យដឹងថា សម្រាប់ព្រឹត្តិការណ៍ នៅផ្សារទំនើបអ៉ីអននេះ គឺគ្រាន់តែជាផ្នែកមួយ នៃយុទ្ធនាការផ្សព្វផ្សាយរបស់ PNN ដើម្បីឲ្យប្រជាជនកម្ពុជា មានការចាប់អារម្មណ៍ និងមានមោទនភាព ចំពោះរឿងភាគខ្មែរ។ មិនតែប៉ុណ្ណោះ ខ្សែភាពយន្តភាគខ្មែរថ្មីចំនួនពីររឿង នឹង ចាក់ផ្សាយលើកញ្ចក់ទូរទស្សន៍ PNN នោះ គឺរឿង «ម្ទេសហឹរ ប៉ះអំបិលប្រៃ» និងរឿង «សង្គ្រាមបេះដូង»។
សូមបញ្ជាក់ថា ខ្សែភាពយន្តរឿង «ម្ទេសហឹរ ប៉ះអំបិលប្រៃ» នឹងចាក់បញ្ចាំងនៅរៀងរាល់ថ្ងៃចន្ទ ដល់ពុធ ។ ចំណែករឿង «សង្គ្រាមបេះដូង» នឹងចាក់បញ្ចាំងនៅរៀងរាល់ ថ្ងៃព្រហស្បតិ៍ ដល់សៅរ៍ វេលាម៉ោង៨យប់ ចាប់ពីថ្ងៃចន្ទ ទី៥ ខែកញ្ញា ឆ្នាំ២០១៦ខាងមុខនេះតទៅ៕