(បាត់ដំបង)៖ សមាជិកគណៈកម្មាធិការកណ្តាល គណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារ ចុះជួយឃុំតាម៉ឺន និងឃុំអូរតាគី លោក សួស អង្គារ៍ បានជំរុញនិងរំលឹកអំពាវនាវប្រាប់ប្រជាពលរដ្ឋ ដែលមានអត្តសញ្ញាណប័ណ្ណ និងមានអាយុគ្រប់បោះឆ្នោតហើយ សូមអញ្ជើញទៅចុះឈ្មោះឆ្នោត ឲ្យបានគ្រប់ៗគ្នា ដែលមានរយៈពេល៩០ថ្ងៃ គឺចាប់ពីថ្ងៃទី១ខែកញ្ញាដល់ថ្ងៃទី២៩ខែវិច្ឆិកាឆ្នាំ២០១៦ ទើបមានសិទ្ធិទៅបោះឆ្នោតនាពេលខាងមុខបាន។
ការអះអាងបែបនេះ ខណៈដែលលោកប្រជុំជាមួយសមាជិកបក្សមូលដ្ឋានឃុំទាំង២ នាព្រឹកថ្ងៃទី៣ខែកញ្ញាឆ្នាំ២០១៦ នៅទីស្នាក់ការបក្សឃុំ ដោយមានសមាជិកចូលរួមក្នុងឃុំអូរតាគីនិងឃុំតាម៉ឺនស្រុកថ្មគោលចំនួន១២០នាក់ក្នុងនោះ ឃុំអូរតាគី៥០នាក់ និងនៅឃុំតាម៉ឺន មានចំនួន៦០នាក់។
លោក សួស អង្គារ៍ បានបញ្ជាក់ថា ប្រជាពលរដ្ឋនៅក្នុងឃុំទាំង២ថា ថ្ងៃនេះជាថ្ងៃទី៣ហើយ ដែលម្នាក់ៗមានអាយុគ្រប់បោះឆ្នោតនោះ គឺយើងទាំងអស់គ្នាដែលមានអត្តសញញាណប័ណ្ណហើយ យើងត្រូវទៅចុះឈ្មោះឲ្យមានក្នុងបញ្ជីបោះឆ្នោត និងត្រូវទៅបោះឆ្នោតឲ្យ បានគ្រប់ៗគ្នានាពេលខាងមុខនេះ ដើម្បីបំពេញការតព្វកិច្ចខ្លួនជាប្រជាពលរដ្ឋនិងដើម្បីជ្រើសរើសគណបក្សដែលយើងស្រឡាញ់ទុកចិត្ត។
តែបើយើងមិនបានទៅចុះឈ្មោះឆ្នោតទេ គឺប្រជាពលរដ្ឋដែលគាំទ្រគណបក្សប្រជាជនកម្ពុជាយើងត្រូវបាត់សិទ្ធទាំងស្រុងក្នុងការបោះឆ្នោត សូមមេត្តាសកម្មជនបក្សក្នុងមូលដ្ឋានត្រូវយកចិត្តទុកដាក់ឲ្យបានត្រឹមត្រូវនិងច្បាស់លាស់ផង។
លោកថា ក្នុងនាមយើងទាំងអស់គ្នាជាសមាជិកគាំទ្រ គណបក្សប្រជាជនកម្ពុជាដែលមានរូបសញ្ញាទេវតាបាចផ្កា គឺត្រូវបោះឆ្នោតជូន គណបក្សដែលយើងស្រឡាញ់ ។ ពិសេសមានតែគណបក្សប្រជាជនកម្ពុជា១គត់ ដែលបានបង្កើតរណៈសិរ្យសង្រ្គោះជាតិកម្ពុជា២ធ្នូ ១៩៧៨ តស៊ូរំដោះជាតិមាតុភូមិ រួចផុតពីរបបប្រល័យពូជសាសន៍ ប៉ុល ពត ៧មករា១៩៧៩ និងបានកសាងប្រទេសជាតិតាំងពីបាតដៃទទេ រហូតដល់មានការរីចម្រើនលើគ្រប់វិស័យ ជាប្រវត្តិសាស្រ្តរបស់ថ្នាក់ដឹកជាន់ខ្ពស់ដ៏ឆ្នើម គឺមានសម្តេចទាំង៣ និងឥស្សរជនជាច្រើនទៀត ពិសេសសម្តេចតេជោ នាយករដ្ឋមន្រ្តី ហ៊ុន សែន ជាប្រធានគណបក្សបច្ចុប្បន្ន។
លោកបានរំលឹកជម្រាបដល់ប្រជាពលរដ្ឋទៀតថា យើងត្រូវគិតថា បើយើងបានហូបទឹកកុំភ្លេចបឹង បើបានហូបផ្លែឈើសូមកុំភ្លេចអ្នកដាំផង បើយើងបានរស់រានមានជីវិតជាលើកទី២ ហើយក៏មិនត្រូវភ្លេចអ្នកតស៊ូជួយរំដោះយើងដែរ។ អ្នកតស៊ូរំដោះជាតិនិងប្រជាជនពិតប្រាកដ គឺមានតែគណបក្សប្រជាជនកម្ពុជាទេ ដូច្នេះ បងប្អូនត្រូវពិចារណាឲ្យបានច្បាស់លាស់ និងត្រូវបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ដែលបាននាំមកនូវសុខសន្តិភាព ពេញបរិបូរណ៍ជូនជាតិនិងប្រជាជន និងមានឱកាសបន្តដឹកនាំប្រទេសកសាង និងអភិវឌ្ឍន៍កាន់តែ រីកចម្រើនថែមទៀត។
លោកប្រធានក្រុមការងារក៏បានរំលឹកដល់យុវជនបក្សក្នុងឃុំទាំង២ទាំងអស់ត្រូវយកចិត្តដាក់តាមដានពីសកម្មភាពការងារបក្សប្រឆាំង ដើម្បីរកវិធីទប់ទល់វាយបកត្រឡប់វិញនូវអ្វីដែលសម្មជនបក្សប្រឆាំងបានវាយប្រហារមកលើបក្សប្រជាជនកម្ពុជាយើង គ្រប់ពេលវេលា ហើយសមត្ថកិច្ចមូលដ្ឋានក៏ត្រូវទប់ស្កាត់ឲ្យបាន ដែលប្រជាពលរដ្ឋបានចាញ់បោកគេ មានបំណងទៅធ្វើបាតុកម្មប្រឆាំងនៅមុខតុលាការ ភ្នំពេញករណី កឹម សុខា ត្រូវបានតុលាការកោះហៅឲ្យចូលខ្លួននៅ ថ្ងៃទី៩ ខែកញ្ញា ខាងមុខនេះ។
យុវជននេះហើយដែលជាអ្នកបន្តវេណការងារទាំងនេះពីចាស់ៗ ទៅថ្ងៃមុខ សមាជិកបក្សទាំងអស់បានប្តេជ្ញាចិត្តទៅបោះឆ្នោត ដើម្បីដណ្តើម ជ័យជមន្នះជូនគណបក្សប្រជាជនកម្ពុជាផងដែរ។
ក្នុងឱកាសនោះដែរ លោក សួស អង្គារ៍ បានផ្តាំផ្ញើសាកសួរសុខទុក្ខពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា និងជាប្រធាន គណបក្សប្រជាជនកម្ពុជា និងសម្តេចក្រឡាហោម ស ខេង អនុប្រធានគណបក្ស ប្រធានក្រុមការងារចុះជួយខេត្ត ជាតំណាងរាស្រ្តមណ្ឌល បាត់ដំបង ដល់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន តែងតែដឹងសុខទុក្ខបងប្អូនជានិច្ចមិនដែលភ្លេចឡើយ។
ជាទីបញ្ចប់គណៈអធិបតីក៏បានបំពាក់កន្សែងអនុស្សាវរីយ៍ដល់សកម្មជនយុវជនបក្សមកពីឃុំទាំង២ ចំនួន៣៤នាក់ក្នុងម្នាក់ជូន២ម៉ឺនរៀល និងជូនថវិកាដល់សមាជិកបក្សភូមិ.ឃុំប្រចាំខែកក្កដា និងសីហា ដែលបានមកចូលរួមទាំង៧៤នាក់ក្នុងម្នាក់ៗ ទទួលបាន១០ម៉ឺនរៀល និងឧត្ថមអ្នកសង្កេតការណ៍ចុះឈ្មោះ បោះឆ្នោត ការីកុំព្យូទ័រ ៤នាក់ក្នុង១ឃុំ ក្នុងម្នាក់៦០ម៉ឺនរៀល ព្រមទាំងបានចំណាយផ្សេងៗ មួយចំនួនទៀតផង៕