(ភ្នំពេញ)៖ លោកឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បន្តស្នើដល់តំណាងរបស់សហភាពអឺរ៉ុប ជួយជំរុញអ្នកវិនិយោគរបស់អឺរ៉ុបចូលមកកម្ពុជាបន្ថែមទៀត ខណៈបច្ចុប្បន្នទំហំវិនិយោគរបស់អ្នកវិនិយោគពីអឺរ៉ុប នៅមានចំនួនតិចតួចនៅឡើយ។
សំណើរបស់លោកឧបនាយករដ្ឋមន្ត្រី បានធ្វើឡើងក្នុងជំនួបពិភាក្សាការងារជាមួយលោក Peteris Ustubs នាយកសម្រាប់មជ្ឈឹមបូពា៌ អាស៊ី និងប៉ាស៊ីហ្វិក នៃអគ្គនាយកដ្ឋានភាពជាដៃគូអន្តរជាតិ (DG INTPA) របស់សហភាពអឺរ៉ុប និងលោក Igor Driesmans ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុបប្រចាំនៅកម្ពុជា និងសហការី នារសៀលថ្ងៃចន្ទ ទី១១ ខែមីនា ឆ្នាំ២០២៤នេះ។
ក្នុងជំនួបនេះ លោកឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានថ្លែងអំណរគុណសហភាពអឺរ៉ុប ដែលបានគាំទ្រលើការផ្ដល់ជំនួយអភិវឌ្ឍន៍ កិច្ចសហប្រតិបត្តិការទ្វេភាគីនានា ជាមួយរាជរដ្ឋាភិបាលកម្ពុជា។
កិច្ចសហប្រតិបត្តិការវិនិយោគរវាងកម្ពុជា-សហភាពអឺរ៉ុប នៅមានកម្រិតតិចតួចនៅឡើយ ស្ថិតក្នុងរង្វង់ទឹកប្រាក់ប្រមាណ ៥៤០លានដុល្លារ បានពី ៦២គម្រោងវិនិយោគ គិតចាប់ពីឆ្នាំ១៩៩៤ ដល់បច្ចុប្បន្ន។ ក្នុងស្ថានភាពបែបនេះ លោកឧបនាយករដ្ឋមន្ត្រី បានជម្រាបជូនតំណាងសហភាពអឺរ៉ុប អំពីជំហររបស់កម្ពុជា ស្វាគមន៍រាល់វិនិយោគិនទាំងអស់ចូលមកវិនិយោគលើគ្រប់វិស័យ និងមានការលើកទឹកចិត្តលើវិស័យមួយចំនួនផងដែរ។ លោកឧបនាយករដ្ឋមន្ត្រីបន្ថែមថា កម្ពុជាបានទទួលវិនិយោគិនរួចរាល់ពីប្រទេសនានារួមមានសហរដ្ឋអាមេរិក កូរ៉េ ជប៉ុន ចិន ព្រមទាំងប្រទេសផ្សេងៗជាច្រើនទៀត ដែលក្នុងនោះកម្ពុជាចង់ឱ្យវិនិយោគិនពីតំបន់អឺរ៉ុបចូលមកវិនិយោគនៅកម្ពុជាបន្ថែមទៀតផងដែរ។
ឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល ជម្រាបតំណាងសហភាពអឺរ៉ុប អំពីផែនការអភិវឌ្ឍន៍ជាតិនានារបស់រដ្ឋាភិបាលដើម្បីគាំទ្រវិស័យឯកជនរួមមានលើវិស័យហេដ្ឋារចនាសម្ព័ន្ធ ការសាងផ្លូវជាតិ ផ្លូវល្បឿនលឿន ព្រលានយន្តហោះ កំពង់ផែ និងពិសេសផែនការមេគ្រប់ជ្រុងជ្រោយស្ដីពីប្រព័ន្ធដឹកជញ្ជូនអន្តរមធ្យោបាយ និងភស្ដុភារកម្មកម្ពុជា ២០២៣-២០៣៣ មានចំនួន ១៧៤គម្រោង ដែលក្រុមហ៊ុនឯកជនពីសហភាពអឺរ៉ុប អាចពិនិត្យលទ្ធភាពក្នុងការវិនិយោគ។
ស្របតាមផែនការរបស់រាជរដ្ឋាភិបាល ដើម្បីជំរុញផ្លាស់ប្ដូរកម្ពុជាពីការប្រើកម្លាំងពលកម្ម ទៅជាការប្រើប្រាស់ជំនាញកម្រិតមធ្យម និងជំនាញបច្ចេកទេសកម្រិតខ្ពស់ ព្រមទាំងការយកចិត្តទុកដាក់ក្នុងការអភិវឌ្ឍធនធានមនុស្ស កម្ពុជាក៏បានដាក់ចេញកម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេសទៅដល់យុវជនពីគ្រួសារក្រីក្រនិងងាយរងគ្រោះ ១,៥លាននាក់ ដើម្បីបង្កើនកម្រិតសមត្ថភាពការងារ។
លោក Peteris Ustubs បានឆ្លៀតឱកាសនេះអបអរសាទរដល់លទ្ធផលដ៏ល្អប្រសើរលើការអភិវឌ្ឍជាតិដែលទទួលបានពីកិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជា។ លោក Peteris Ustubs បានលើកឡើងផងដែរអំពីទស្សនកិច្ចទាក់ទាញវិនិយោគិនដែលកម្ពុជាអាចរៀបចំបានក្នុងសហភាពអឺរ៉ុប ដែលមាន ២៧ប្រទេស ដោយក្នុងនោះ លោកបានលើកទឹកចិត្តកម្ពុជាឱ្យជ្រើសយកវិស័យអាទិភាពសំខាន់ៗដើម្បីបង្ហាញជូនវិនិយោគិន។
លោក Peteris Ustubs ក៏បានជម្រាបជូនពីការយកចិត្តទុកដាក់របស់សហភាពអឺរ៉ុប ដែលបច្ចុប្បន្នផ្ដោតលើគម្រោងអភិវឌ្ឍន៍បៃតង និងបច្ចេកវិទ្យា៕