(រតនគិរី)៖ ឈ្មួញរកស៊ីដឹកជញ្ជូនឈើទៅវៀតណាម នៅពេលយប់ បានបញ្ជាកូនចៅឲ្យវាយរថយន្តអ្នកកាសែត មួយក្រុមមានគ្នាជិត១០នាក់ បណ្តាលឲ្យបែកកញ្ចក់រថយន្ត តែសំណាងល្អពុំមានគ្រោះថ្នាក់នោះឡើយ។

ហេតុការណ៍នេះកើតឡើងនាវេលាម៉ោង​ប្រមាណជាង១យប់អាធ្រាត្រ ថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០១៦ ស្ថិតនៅចំណុចភូមិអូរកន្តិល សង្កាត់​​បឹងកន្សែង ក្រុងបានលុង ខណៈដែលរថយន្តដឹកឈើនោះបើកគេចពីការតាមថតរបស់អ្នកយកព័ត៌មាន។

អ្នកយកព័ត៌មានម្នាក់ដែលស្ថិតនៅក្នុងហេតុការណ៍នេះ បាននិយាយថា ពួកគេមានគ្នា៦-៧នាក់ ប្រើរថយន្តកាមរីស្វិត៣គ្រឿង បានបើកតាមពីក្រោយរថយន្តសាំយ៉ុងដឹកឈើដែលបើកក្រឡឹងក្នុងក្រុងបានលុងក្នុងគោលបំណងយកឈើទៅលាក់ទុក។

ខណៈពួកគេព្យាយាមបើកពីក្រោយដើម្បីផ្តិតរូបភាពនោះឈ្មួញឈើដោយមានរថយន្តម៉ាកហាយប្រ៊ីដ ពណ៌ស បើកកាងពីក្រោយ រថយន្តសាំយ៉ុងដឹកឈើមកដល់ចំណុចខាងលើ ហើយក្រុមឈ្មួញឈើទាំងនោះ បានហៅបក្ខពួកប្រមាណ៦- នាក់ប្រដាប់ដោយ ដំបងឈើ និងដុំថ្មគប់ទៅ​លើរថយន្ត ពួកគាត់តែម្តង។

សម្រាប់ករណីនេះ បានបណ្តាលឲ្យរថយន្តមួយគ្រឿងរបស់លោក ស្រេង វរៈ អ្នកយកព័ត៌មានកាសែតភ្នំពេញប្រេសបែកកញ្ចក់ក្រោយទ្វារ ខាងធ្វេង និងបាក់ត្រចៀកខាងស្តាំ តែសំណាងល្អពុំមានរងគ្រោះថ្នាក់នោះទេ​។

សូមបញ្ជាក់ថា នៅក្នុងខេត្តរតនគិរីមានក្រុមអ្នកកាសែត ប្រមាណជាង១០០នាក់ កំពុងធ្វើសកម្មភាពដែលបានប្រាសចាកពីវិជ្ជាជីវៈ សារព័ត៌មានពិសេសគឺតាមប្រម៉ាញ់រថយន្ត ដឹកឈើតែម្តង។

សកម្មភាពខាងលើនេះ មន្ត្រីរាជការ និងប្រជាពលរដ្ឋក្នុងខេត្តរតនគិរីមានមតិលើកឡើងស្រដៀងគ្នាថា សូមឲ្យខាងមន្ទីរព័ត៌​មាន និងសមត្ថកិច្ចពាក់ព័ន្ធត្រួតពិនិត្យពួកគាត់ផង ព្រោះមិនដឹងថា ក្រុមអ្នកកាសែតខាងលើយកព័ត៌មានទៅចុះផ្សាយនៅឯណានោះទេ ពោលមានតែដេញតាមឡានឈើប៉ុណ្ណោះ៕