(ភ្នំពេញ)៖ នៅថ្ងៃចន្ទ ទី១១ ខែមីនា ឆ្នាំ២០២៤ រដ្ឋបាលរាជធានីភ្នំពេញ សហការជាមួយមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទារាជធានីភ្នំពេញ បានរៀបចំវគ្គបណ្តុះបណ្តាល ស្តីពី «កម្មវិធីជាតិជំនួយសង្គមក្នុងកញ្ចប់គ្រួសារ» ដែលជាកម្មវិធីជាតិជំនួយសង្គម មានលក្ខណៈអចិន្រ្តៃយ៍ និងប្រក្រតី ដែលនឹងត្រូវអនុវត្ត ចាប់ពីខែមេសា ឆ្នាំ២០២៤ ជូនដល់លោក លោកស្រី មន្ត្រីបង្គោល ថ្នាក់ ខណ្ឌ សង្កាត់ទាំង១០៥ និងមូលដ្ឋានសុខាភិបាលសាធារណៈ នៅក្នុងរាជធានីភ្នំពេញ រយៈពេល០១ថ្ងៃ ។

វគ្គបណ្តុះបណ្តាលនេះ ក្រោមអធីបតីភាព លោកស្រី កែវ សុខពិសី អភិបាលរង នៃគណៈអភិបាលរាជធានីភ្នំពេញ និងជាតំណាងលោក ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ ដោយមានការចូលរួមពីមន្ត្រីបង្គោលមកពីសង្កាត់ ខណ្ឌ ចំនួន៣៦៨នាក់ ស្រី ១៧៤ ក្នុងរាជធានីភ្នំពេញ ។

លោកស្រី មុំ ចាន់ដានី ប្រធានមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទារាជធានីភ្នំពេញ បានឲ្យដឹងថា «កម្មវិធីជាតិជំនួយសង្គមក្នុងកញ្ចប់គ្រួសារ» នេះ គ្រោងនឹងដំណើរអនុវត្តជាផ្លូវការនៅក្នុងខែមេសា ឆ្នាំ២០២៤ ខាងមុខនេះ។

តាមរយៈកម្មវិធីជាតិជំនួយសង្គមក្នុងកញ្ចប់គ្រួសារ ក៏ផ្តល់នូវការឧបត្ថម្ភគោលសម្រាប់គ្រួសារដែលមានបណ្ណសមធម៌ទាំងអស់ និងគិតគូរដល់សមាជិកគ្រួសារដែលរស់នៅជាមួយមេរោគ/ជំងឺអេដស៍ ផងដែរ។

គួរបញ្ជាក់ថា កម្មវិធីជាតិជំនួយសង្គមក្នុងកញ្ចប់គ្រួសារ នឹងត្រូវអនុវត្តន៍លើគ្រួសារគោលដៅចំនួន៤ រួមមាន៖ កម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនស្ត្រីមានផ្ទៃពោះ និងកុមារអាយុក្រោម២ឆ្នាំ, កម្មវិធីអាហារូបករណ៍សម្រាប់សិស្សក្រីក្រថ្នាក់បឋមសិក្សា និងមធ្យមសិក្សា, កម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនជនមានពិការភាព, កម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនជនចាស់ជរា (អាយុ ៦០ឆ្នាំឡើង)។

ក្នុងវគ្គបណ្តុះបណ្តាលនេះផងដែរ ទទួលបានការអញ្ជើញចូលរួមជាគណៈអធិបតី ពីលោក ជួប ខុន សមាជិកក្រុមប្រឹក្សារាជធានីភ្នំពេញ, ប្រធានគណៈកម្មាធិការពិគ្រោះយោបល់ស្ត្រី និងកុមាររាជធានីភ្នំពេញ, លោក លោកស្រី អភិបាលរងនៃគណៈអភិបាលខណ្ឌទទួលបន្ទុក តាមបណ្តាខណ្ឌទាំង១៤, លោក លោកស្រីចៅសង្កាត់, មន្ត្រីការិយាល័យស្រុកប្រតិបត្តិ មន្ត្រីអ្នកកាន់ថេបប្លេត និងមន្ត្រីប្រតិបត្តិថ្នាក់សង្កាត់ផងដែរ៕