(ភ្នំពេញ)៖ ក្នុងសន្និបាតបូកសរុបលទ្ធផលការងារ និងលើកទិសដៅបន្ដរបស់អគ្គនាយកដ្ឋានអន្ដោប្រវេសន៍ នៅរសៀលថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៤នេះ លោកសន្ដិបណ្ឌិត គៀត ច័ន្ទថារិទ្ធ រដ្ឋលេខាធិការក្រសួងមហាផ្ទៃ បានផ្ដាំផ្ញើដល់មន្ដ្រីនគរបាល នៃអគ្គនាយកដ្ឋានអន្ដោប្រវេសន៍ទាំងអស់ ត្រូវបន្ដយកចិត្តទុកដាក់ចំពោះការវិវឌ្ឍន៍របស់សភាពការណ៍ពិភពលោកទាំងក្នុងតំបន់ និងក្រៅតំបន់ ហើយក្ដាប់ឲ្យបាននូវមុខសញ្ញាដែលងាយ ឬអាចបង្កគ្រោះថ្នាក់ចូលមកប្រទេសកម្ពុជា។

លោកសន្ដិបណ្ឌិត គៀត ច័ន្ទថារិទ្ធ បានគូសបញ្ជាក់ថា ការងារអន្តោប្រវេសន៍ គឺជាកិច្ចការដ៏សំខាន់មួយក្នុងចំណោមកិច្ចការសំខាន់ៗដ៏ទៃទៀតរបស់ជាតិ និងក្រសួងមហាផ្ទៃ ដែលការងារនេះមានការពាក់ព័ន្ធដោយផ្ទាល់ទៅនឹងការរក្សាសន្តិសុខជាតិ អធិបតេយ្យភាពជាតិ បូរណភាពទឹកដី សុវត្ថិភាព និងសណ្តាប់ធ្នាប់សង្គម ក៏ដូចជា ការទាក់ទាញភ្ញៀវទេសចរ និងវិនិយោគិនបរទេសផងដែរ ដែលក្រសួងមហាផ្ទៃមានភារកិច្ចទទួលខុស ត្រូវទាំងស្រុងចំពោះមុខរាជរដ្ឋាភិបាល និងប្រជាជនផងដែរ។

លោករដ្ឋលេខាធិការ បានបន្ថែមទៀតថា ការងារអន្តោប្រវេសន៍ មានឥទ្ធិពលដល់ការអនុវត្តគោលនយោបាយសំខាន់ៗ របស់រាជរដ្ឋាភិបាល ដូចជា៖ នយោបាយ ការបរទេស នយោបាយទេសចរណ៍ វិនិយោគ ពាណិជ្ជកម្ម និងសេដ្ឋកិច្ច ជាដើម។ ហេតុនេះ ហើយ ទើបជានិច្ចកាលថា្នក់ដឹកនាំក្រសួងមហាផ្ទៃ តែងតែយកចិត្តទុកដាក់ពិនិត្យតាមដាន និងចង្អុលដឹកនាំលើការងារនេះប្រកបដោយការទទួលខុសត្រូវខ្ពស់។

លោកបន្ដថា ក្នុងការអនុវត្តកិច្ចការជំនាញ អគ្គនាយកដ្ឋានអន្តោប្រវេសន៍ បានដើរតួនាទីយ៉ាងសកម្ម ក្នុងការរួមចំណែកការពារអធិបតេយ្យភាពជាតិ ការពារសន្តិសុខ សុវត្ថិភាពសង្គមតាមរយៈការយក ចិត្តទុកដាក់ត្រួតពិនិត្យការចេញ-ចូល ឆ្លងកាត់ច្រកទ្វារអន្តរជាតិនានា ដើម្បីបង្ការទប់ស្កាត់ការ ជ្រៀតចូលរបស់មុខសញ្ញាភេរវកម្ម មុខសញ្ញាឧក្រិដ្ឋកម្មឆ្លងដែនគ្រប់ប្រភេទ និងមុខសញ្ញាល្មើស ច្បាប់ផ្សេងៗទៀត។

បច្ចុប្បន្ននេះ សភាពការណ៍ពិភពលោក និងក្នុងតំបន់បានបន្តវិវត្តប្រែប្រួលយ៉ាងឆាប់ រហ័ស ស្មុគស្មាញ និងពិបាកប៉ាន់ស្មានស្របពេលដែលបញ្ហាប្រឈមធំៗមួយចំនួននៅសេសសល់ ពុំទាន់មានវិធីដោះស្រាយនៅឡើយ។ ទន្ទឹមនោះ ការប្រកួតប្រជែងនៃប្រទេសមហាអំណាចដើម្បី ដណ្តើមភូមិសាស្ត្រនយោបាយ យោធា សេដ្ឋកិច្ច បច្ចេកវិទ្យា មានលក្ខណៈកាន់តែតានតឹងឡើង ជាពិសេសវិបត្តិសង្គ្រាមរវាងប្រទេសមួយចំនួន ដែលនៅតែបន្តអូសបន្លាយរហូតមកដល់ពេល បច្ចុប្បន្ននេះបានបង្កឲ្យមានបញ្ហាជនភៀសខ្លួន ការឡើងថ្លៃនៃតម្លៃប្រេងឥន្ធនៈ និងទំនិញមួយចំនួន ដែលនាំឲ្យមានផលប៉ះពាល់ដល់ប្រទេសយើងផងដែរ។

ទោះបីសភាពការណ៍សាកល លោក និងតំបន់មានការវិវត្តប្រែប្រួលស្មុគស្មាញយ៉ាងនេះក្តី ក៏រាជរដ្ឋាភិបាលនៅតែប្រកាន់ជំហរ ពង្រឹងពង្រីកកិច្ចសហប្រតិបត្តិការអន្តរជាតិ ដើម្បីបើកទូលាយការងារការទូត និងទំនាក់ទំនង ពាណិជ្ជកម្ម វិនិយោគ ព្រមទាំងបន្តអនុវត្តគោលនយោបាយបើកចំហរជើងមេឃ ដើម្បីស្រូបទាញ ភ្ញៀវទេសចរ និងអ្នកវិនិយោគបរទេស បង្កើតការងារជូនពលរដ្ឋ និងបង្កើនចំណូលថវិកាជាតិ។

ក្នុងន័យនេះ លោក គៀត ច័ន្ទថារិទ្ធ គូសបញ្ជាក់ថា អគ្គនាយកដ្ឋានអន្តោប្រវេសន៍ ដែលជាសេនាធិការដ៏សំខាន់មួយរបស់ក្រសួងមហាផ្ទៃ បានចូលរួមចំណែកទទួលខុសត្រូវក្នុងការបង្ការ ទប់ស្កាត់នូវការ ជ្រៀតចូលមកស្នាក់នៅនៃមុខសញ្ញាឧក្រិដ្ឋជនគ្រប់ប្រភេទ ដើម្បីធានាការពារសន្តិសុខ សុវត្ថិភាព ក្នុងព្រឹត្តិការណ៍សំខាន់ៗរបស់ជាតិ និយាយដោយឡែក និងនិយាយជារួម ដើម្បីរក្សាសុខសន្តិភាព សន្តិសុខជាតិ និងសុវត្ថិភាពសង្គម ព្រមទាំងចូលរួមក្នុងការអនុវត្តគោលនយោបាយនានា របស់ រាជរដ្ឋាភិបាល និងគោលការណ៍ដឹកនាំរបស់ក្រសួងមហាផ្ទៃ ជាពិសេសគោលនយោបាយទេសចរណ៍ និងវិនិយោគ ដើម្បីស្រូបទាញភ្ញៀវទេសចរ និងអ្នកវិនិយោគចូលមកកម្ពុជា៕