(ភ្នំពេញ)៖ កាលពីថ្ងៃអាទិត្យ ទី១០ ខែមីនា ឆ្នាំ២០២៤ លោកឧបនាយករដ្ឋមន្ត្រី សុខ ចិន្តាសោភា រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកអង្គស្នួលបានចូលរួមជាអធិបតីក្នុងពិធីអបអរសាទរខួបលើកទី១១៣ ទិវានារីអន្តរជាតិ ៨ មីនា ក្រោមមូលបទ៖ ស្ត្រី និងក្មេងស្រី ក្នុងបរិវត្តកម្មវិធីឌីជីថល នៅទីស្នាក់ការគណបក្សស្រុកអង្គស្នួល ខេត្តកណ្តាល។ ពិធីនេះក៏មានការចូលរួមពីសំណាក់លោក លោកជំទាវ អនុប្រធានក្រុមការងារចុះមូលដ្ឋានស្រុកអង្គស្នួល សមាជិកគណៈអចិន្ត្រៃយ៍គណបក្សស្រុក ប្រធានគណបក្សឃុំ គណៈចលនានារីស្រុក ចលនានារីឃុំ កុមារី ក្រុមកីឡាករ កីឡាការិនី និងក្រុមគ្រូបង្វឹកកីឡាករ សរុប ២៧៤នាក់។
ក្នុងឱកាសនោះ លោក សុខ ចិន្តាសោភា ប្រធានក្រុមការងារ បានលើកឡើងពីសមិទ្ធផលសំខាន់ៗ និងគុណបំណាច់ដែលមិនអាចកាត់ថ្លៃបានរបស់គណបក្សប្រជាជនកម្ពុជា ក្រោមការដឹកនាំរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្ស ក្នុងការជួយ សង្គ្រោះប្រជាជនកម្ពុជាឱ្យរស់រានមានជីវិតឡើងវិញ ដែលនាំឱ្យប្រជាពលរដ្ឋមានជីវភាពរុងរឿង និងការអភិវឌ្ឍយ៉ាងឆាប់រហ័សរហូតមកដល់សព្វថ្ងៃនេះ។ គណបក្សប្រជាជនកម្ពុជាបានខិតខំបំពេញកិច្ចការងារជាច្រើនដោយមិនខ្លាចនឿយហត់ ដើម្បីបម្រើដល់ប្រជាជន និងបានយកចិត្តទុកដាក់ខ្ពស់បំផុតលើវិស័យអប់រំ ជាពិសេស តាមរយៈការសាងសង់សាលារៀន ផ្តល់សម្ភារៈសិក្សា ជាដើម។
លោកប្រធានក្រុមការងារ ក៏បានលើកឡើងថា មូលបទនៃទិវានារីអន្តរជាតិឆ្នាំនេះគឺពិតជាត្រឹមត្រូវណាស់។ ជាការពិត នៅតាមបណ្តាប្រទេសមួយចំនួននៅលើសកលលោក ស្ត្រីពុំមានសិទ្ធិស្មើនឹងបុរសដូចនៅប្រទេសកម្ពុជាទេ រួមទាំងពុំមានសិទ្ធិក្នុងការបើកបរ និងពុំមានសិទ្ធិក្នុងការចូលរួមបោះឆ្នោត ដូចការចូលរួមរបស់នារីក្នុងបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ នៅកម្ពុជា កាលពីថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣កន្លងទៅនោះទេ។
លោកប្រធានក្រុមការងារក៏បានសង្កត់ធ្ងន់អំពីសារសំខាន់នៃការអប់រំ ដោយបានថ្លែងអំណរគុណដល់ឱពុកម្តាយទាំងអស់ដែលបានបញ្ជូនកូនរបស់ខ្លួនទៅសាលារៀន។ ក្នុងបរិបទបច្ចុប្បន្ននេះ សិស្សានុសិស្សមិនត្រឹមតែត្រូវមានចំណេះដឹងមូលដ្ឋាន ប៉ុណ្ណោះទេ ប៉ុន្តែត្រូវមានចំណេះដឹងផ្នែកបច្ចេកវិទ្យា និងឌីជីថលទៀតផង។ សម្រាប់មូលដ្ឋានស្រុកអង្គស្នួល កាលពីឆ្នាំ២០១៤ អត្រាសិស្សានុសិស្សដែលបានប្រឡងជាប់កម្រិតបាក់ឌុប មានត្រឹមតែ ៣៣ភាគរយប៉ុណ្ណោះ ប៉ុន្តែតែនៅឆ្នាំមុននេះ អត្រាសិស្សានុសិស្សបានប្រឡងជាប់មានរហូតដល់ជិត ៩០ភាគរយ ក្នុងនោះ សិស្សានុសិស្សនិទ្ទេស A មានរហូតដល់ទៅ ២២នាក់ ដែលមិនធ្លាប់មានពីមុនឡើយ។ លទ្ធផលនៃការសិក្សាដ៏ត្រចះត្រចង់នេះ មានការចូលរួមពីតួអង្គ៣ សំខាន់ៗ គឺសិស្ស លោកគ្រូអ្នកគ្រូ និងឳពុកម្តាយ។
លោកប្រធាន និងអនុប្រធានក្រុមការងារបានប្រគល់បាច់ផ្កាជូនតំណាងនារី និងការឧបត្ថម្ភមួយចំនួន ដល់គណៈចលនានារីស្រុក-ឃុំ កុមារី ក្រុមកីឡាករនិងកីឡាការិនី និងគ្រូបង្វឹក ព្រមទាំងឧបត្ថម្ភកំព្យូទ័រយួរដៃចំនួន ១០គ្រឿងដល់ចលនានារីឃុំសម្រាប់ទុកបម្រើការផងដែរ។
នៅក្នុងកម្មវិធីនេះ លោកជំទាវ រ័ត្ន ម៉ានី អនុប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកអង្គស្នួល បានអានព្រះរាជសាររបស់ សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ក្នុងឱកាសអបអរខួបលើកទី១១៣ ទិវាអន្តរជាតិនារី ៨មីនាផងដែរ។
ក្រោយការសំណេះសំណាលរបស់លោកប្រធានក្រុមការងាររួច ក៏មានការពិសារអាហារសាមគ្គីរួមគ្នាផងដែរ។ អ្នកចូលរួមបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់លោកប្រធាន លោក លោកជំទាវ អនុប្រធានក្រុមការងារ សមាជិកគណៈអចិន្ត្រៃយ៍គណបក្សស្រុក ប្រធានគណបក្សឃុំ និងសមាជិក-សមាជិកាក្រុមការងារចុះមូលដ្ឋានស្រុកអង្គស្នួលទាំងអស់ដែលតែងតែយកចិត្តទុកដាក់ចំពោះតម្រូវការ និងជីវភាពរបស់ប្រជាជន ព្រមទាំងបន្តចូលរួមអភិវឌ្ឍក្នុងមូលដ្ឋានស្រុកអង្គស្នួលឱ្យកាន់តែរីកចម្រើន៕