(ភ្នំពេញ)៖ លោក ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមុខងារសាធារណៈ និងជាប្រធានគណៈកម្មការប្រឡងប្រជែងជ្រើសរើសមន្ដ្រីរាជការស៉ីវិល នៅរសៀលថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៤នេះ បានបង្ហាញអំពីបច្ចុប្បន្នភាពនៃការប្រកាសលទ្ធផលប្រឡងប្រជែងជ្រើសរើសមន្ដ្រីរាជការ ឲ្យចូលបម្រើការងារក្នុងក្របខ័ណ្ឌអង្គភាពប្រឆាំងអំពើពុករលួយ, ក្រសួងសាធារណៈការ និងដឹកជញ្ជូន និងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។

តាមរយៈសន្និសីទសារព័ត៌មាន ឧបនាយករដ្ឋមន្ដ្រី ហ៊ុន ម៉ានី បានគូសបញ្ជាក់ថា៖

* សម្រាប់លទ្ធផលនៃការប្រឡងក្របខ័ណ្ឌរបស់អង្គភាពប្រឆាំងអំពើពុករលួយ មានបេក្ខជនជាប់ជាស្ថាពរ ចំនួន៣៣នាក់ (ស្រី១៣នាក់)
* សម្រាប់លទ្ធផលនៃការប្រឡងក្របខ័ណ្ឌរបស់ក្រសួងសាធារណៈការ និងដឹកជញ្ជូន បេក្ខជនជាប់ជាស្ថាពរអង្គភាពថ្នាក់ជាតិ ចំនួន៨១នាក់ (ស្រី១៤នាក់), អង្គភាពថ្នាក់ក្រោមជាតិ ចំនួន១៨នាក់ (ស្រី៤នាក់)
* សម្រាប់លទ្ធផលនៃការប្រឡងក្របខ័ណ្ឌរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បេក្ខជនជាប់ស្ថាពរអង្គភាពថ្នាក់កណ្ដាល ចំនួន២៥នាក់ (ស្រី៩នាក់), អង្គភាពថ្នាក់រាជធានី-ខេត្ត ចំនួន២៧នាក់ (ស្រី៨នាក់)។

ឧបនាយករដ្ឋមន្ដ្រី ហ៊ុន ម៉ានី បានបន្ថែមថា បេក្ខជនដែលត្រូវបានជ្រើសរើសឲ្យចូលបម្រើការងារ ក្នុងក្របខ័ណ្ឌមន្ត្រីរាជការត្រូវគោរព អនុវត្ត និងបំពេញគ្រប់លក្ខខណ្ឌ តម្រូវដោយច្បាប់សហលក្ខន្តិកៈមន្ត្រីរាជការស៊ីវិល និងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធជាធរមានរបស់រាជរដ្ឋាភិបាល ព្រមទាំងមិនធ្លាប់ជាប់ទណ្ឌកម្ម បណ្តេញចេញ ឬលុបឈ្មោះចេញពីក្របខណ្ឌមន្ត្រីរាជការ ទាំងផ្នែកស៊ីវិល និងកងកម្លាំងប្រដាប់អាវុធ។

លោកបានសង្កត់ធ្ងន់ថា ក្នុងករណីមិនបានគោរព មិនបានអនុវត្ត ឬមិនបានបំពេញតាមលក្ខខណ្ឌតម្រូវ បេក្ខជននឹងត្រូវលុបឈ្មោះទោះបី បានជាប់ជាស្ថាពរ ជាប់បម្រុង កម្មសិក្សាការី ឬត្រូវបានតាំងស៊ប់ក្នុងក្របខណ្ឌមន្ត្រីរាជការហើយក៏ដោយ។

តាមរយៈលទ្ធផលដែលបានប្រកាសនៅពេលនេះ លោក ហ៊ុន ម៉ានី បានអះអាងថា លទ្ធផល នៃការប្រឡងប្រជែង នៅតែឆ្លុះបញ្ចាំងពីសមត្ថភាព ចេះគឺជាប់ ជាប់ដោយមោទនៈ ធ្លាក់ដោយអស់ចិត្ត។ លោកបន្ដថា គណៈកម្មការប្រឡងប្រជែង ក៏ទុករយៈពេល១សប្ដាហ៍ផងដែរ ដល់បេក្ខជនទាំងអស់ធ្វើការតវ៉ាចំពោះលទ្ធផលរបស់ខ្លួន ក្នុងករណីយល់ឃើញថា ខ្លួនមិនអស់ចិត្តចំពោះអ្វីដែលជាលទ្ធផលនៅពេលនេះ៕

សូមទស្សនាកិច្ចសម្ភាសរបស់ឧបនាយករដ្ឋមន្ដ្រី ហ៊ុន ម៉ានី ទាំងស្រុងនៅខាងក្រោមនេះ៖