(ភ្នំពេញ)៖ ជនជាតិចិនម្នាក់ (តៃវ៉ាន់) បម្រុងនាំគ្រឿងញៀនពីកម្ពុជាទៅជប៉ុន តាមជើងហោះហើរ ក៏ត្រូវសមត្ថកិច្ចកម្ពុជាបង្ក្រាប និងឃាត់ខ្លួនបាននៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ព្រមទាំងដកហូតថ្នាំញៀនចំនួន ៤៩៦៥.៣០ក្រាម។
ការបង្ក្រាបនេះធ្វើឡើងនាថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៤ សមត្ថកិច្ចគយ និងរដ្ឋាករប្រចាំអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ សហការជាមួយកម្លាំងជំនាញមន្ទីរប្រឆាំងគ្រឿងញៀន ដោយមានការសម្របសម្រួលពីលោក ស៊ិត វណ្ណៈ ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ។
ជនសង្ស័យរូបនេះមានឈ្មោះ ហ័ង ថឹងយ៉ាវ (HUANG TENG YAO) ជនជាតិចិន (តៃវ៉ាន់) ដែលជាអ្នកដំណើរតាមជើងយន្តហោះ ពីកម្ពុជាទៅកាន់ប្រទេសជប៉ុន។ វត្ថុតាងចាប់យកបាន គឺមានសារធាតុញៀនប្រភេទមេតំហ្វេតាមីន (ICE) ៣៥ដុំដែលរុំជាប់ខ្លួនជនល្មើស ទម្ងន់សរុប៤៩៦៥.៣០ក្រាម។
ក្រោយការឃាត់ខ្លួន សមត្ថកិច្ចជំនាញបានកសាងសំណុំរឿងបញ្ជូន ទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការតាមផ្លូវច្បាប់។
សូមជម្រាបថា ដោយទទួលបានបទបញ្ជាដ៏ម៉ឺងម៉ាត់ របស់នាយឧត្ដមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ ជំរុញឱ្យធ្វើការបោសសម្អាតឧក្រិដ្ឋជនគ្រឿងញៀនឲ្យអស់ កម្លាំងជំនាញមន្ទីរប្រឆាំងគ្រឿងញៀន បានប្តេជ្ញាចិត្ត និងខិតខំចុះបង្ក្រាបគ្រឿងញៀន តាមបណ្ដារាជធានី-ខេត្ដ យ៉ាងសស្រាក់សស្រាំដូចភ្លៀងរលឹម ធ្វើយ៉ាងណាបង្ក្រាបឱ្យដល់ឫសគល់នៃបទល្មើស។
ជាការគត់សម្គាល់កម្លាំងជំនាញនៃមន្ទីរប្រឆាំងគ្រឿងញៀន ដែលដឹកនាំដោយឧត្តមសេនីយ៍ឯក ឃឹង សារ៉ាត់ បង្ក្រាបបានករណីជួញដូរគ្រឿងញៀនជាប្រចាំ ស្ទើរតែរាល់ថ្ងៃ ដោយឃាត់ខ្លួនឧក្រិដ្ឋជនបញ្ជូនទៅតុលាការ ដើម្បីអនុវត្តន៍នីតិវិធី៕