(ភ្នំពេញ)៖ សម្តេចព្រះមហាសង្ឃរាជ បួរ គ្រី ព្រះសាកលវិទ្យាធិការ នៅថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៤ បានដឹកនាំកិច្ចប្រជុំពិភាក្សា ស្តីពីផែនការអភិវឌ្ឍកិច្ចសហប្រតិបត្តិការអន្តរជាតិ នៃពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជា ឆ្នាំ២០២៤-២០២៥។
កិច្ចប្រជុំនេះ ដោយមានការចូលរួមពីគណៈគ្រប់គ្រង និងគណៈប្រតិភូដៃគូអន្តរជាតិដែលដឹកនាំដោយ Dr. Kerl សមាជិកក្រុមប្រឹក្សាទទួលស្គាល់គុណភាពអប់រំអន្តរជាតិ នៃប្រទេសអូស្ត្រាលី Mr. Sanjeewa និងសហការី មកពីប្រទេសស្រីលង្កា នៅពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជា។
ក្នុងកិច្ចប្រជុំនេះ Dr. Kerl តំណាងក្រុមប្រឹក្សាទទួលស្គាល់គុណភាពនៃប្រទេសអូស្ត្រាលី បានថ្វាយពានរង្វាន់កោតសរសើរស្នាព្រះហស្តដ៏ថ្លៃថ្លា របស់សម្តេចជាអម្ចាស់ ដែលបានយកព្រះទ័យទុកដាក់ប្រឹងប្រែងអភិវឌ្ឍពុទ្ធិកសាកលវិទ្យាល័យ ឱ្យមានការរីកចំរើនរុងរឿង កំណើននៃការចុះឈ្មោះចូលរៀនរបស់និស្សិត និងការផ្តល់អាហារូបករណ៍ ជូនដល់និស្សិតមកពីគ្រប់ទិសទីនៃប្រទេសកម្ពុជា។
ជាងនេះទៅទៀត Dr. Kerl និងលោក Sanjeewa បានលើកឡើងពីគំនិតផ្តួចផ្តើមបង្កើតមូលនិធិ និងសមាគមសាកលវិទ្យាល័យអន្តរជាតិ ពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជា ក្នុងគោលបំណងប្រមូលផ្តុំសាកលវិទ្យាល័យជាតិ និងអន្តរជាតិនានាចូលជាសហគមតែមួយ ដោយមានការទទួលស្គាល់គុណភាពអប់រំជាលក្ខណៈអន្តរជាតិរួមគ្នា ដើម្បីផ្តល់ឱកាសដល់សាស្ត្រាចារ្យ បុគ្គលិកសិក្សា និងនិស្សិតអាចផ្លាស់ប្តូរបទពិសោធន៍ និងចំណេះដឹងតាមរយៈការសិក្សានៅសាកលវិទ្យាល័យនៅក្រៅប្រទេសផ្សេងៗ ជាងនេះទៀត គណៈប្រតិភូដៃគូអន្តរជាតិ បានទស្សនកិច្ចតាមថ្នាក់រៀន សាលប្រជុំ បណ្ណាល័យ និងការិយាល័យសិក្សា ដើម្បីសម្តែងការគួរសមចំពោះបុគ្គលិក និងផ្តល់ការលើកទឹកចិត្តដល់និស្សិតឱ្យខិតខំប្រឹងប្រែងរៀនសូត្រផងដែរ។
សម្តេចជាអម្ចាស់ ថ្នាក់ដឹកនាំ និងគណៈប្រតិភូអន្តរជាតិ បានថតរូបអនុស្សាវរីយ៍ជុំគ្នាប្រកបដោយស្នាមញញឹម បង្ហាញពីមិត្តភាព សាមគ្គីភាព និងកិច្ចសហប្រតិបត្តិការដ៏រឹងមាំ៕