(ភ្នំពេញ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ប្រកាសបន្តរៀបចំពិសាអាហារស្រាយបួសខែរ៉ម៉ាឌន ជូនខ្មែរឥស្លាម ដែលនឹងធ្វើនៅថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៤ខាងមុខនេះ។
ពលរដ្ឋខ្មែរឥស្លាមនឹងចាប់ផ្តើមចូលបួសខែរ៉ម៉ាឌននៅថ្ងៃអង្គារ ទី១ ខែរ៉ម៉ាឌន ឆ្នាំ១៤៤៥ មូហាំម៉ាត់សករាជ ត្រូវនឹងថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៤ស្អែកនេះហើយ។ ជាមួយការចាប់ផ្តើមចូលបួសខែរ៉ម៉ាឌន ខែពិសិដ្ឋរបស់ពលរដ្ឋខ្មែរឥស្លាម, សម្តេចធិបតី ហ៊ុន ម៉ាណែត បានចូលរួមអបអរសាទរ និងសូមជូននូវពរជ័យ សិរីសួស្ដី សុភមង្គល ជូនដល់សាសនិកខ្មែរឥស្លាមទាំងនៅក្នុង និង ក្រៅប្រទេសកម្ពុជា រួមទាំងសាសនិកឥស្លាមនៅទូទាំងពិភពលោកផងដែរ។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានផ្ញើក្តីនឹករឭក និងអរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះខ្មែរឥស្លាមកម្ពុជា ដែលបានចូលរួមបន្តថែរក្សាសុខសន្តិភាព សុខដុមនីយកម្មជាតិសាសន៍ និងសាសនា ហើយមានការជឿជាក់លើការដឹកនាំរបស់សម្តេច, របស់សម្តេចតេជោ ហ៊ុន សែន ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាអតីតនាយករដ្ឋមន្ត្រី និង របស់គណបក្សប្រជាជនកម្ពុជា តាំងពីដើមតរៀងមក រួមជាមួយប្រជាជនកម្ពុជា។
សម្តេចធិបតីនាយករដ្ឋមន្ត្រី បានបញ្ជាក់ថា ដោយបន្តពីរាជរដ្ឋាភិបាលនីតិកាលមុន និង ដើម្បីបង្ហាញពីការយកចិត្តទុកដាក់ខ្ពស់របស់រាជរដ្ឋាភិបាល ចំពោះកិច្ចប្រណិប័តន៍ជំនឿរបស់សាសនិកឥស្លាម នៅថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៤ខាងមុខនេះ រាជរដ្ឋាភិបាល នឹងរៀបចំពិធីពិសាអាហារស្រាយបួសខែរ៉ម៉ាឌន នៃសាសនាឥស្លាមកម្ពុជា លើកទី៨ នៅរាជធានីភ្នំពេញ ដែលនឹងមានអ្នកចូលរួមជាភ្ញៀវជាតិ និងអន្តរជាតិប្រមាណ ៦,២០០នាក់ ។
សម្តេចធិបតី បានឱ្យដឹងថា ឆ្នាំនេះក៏មានមិត្តភក្ដិបរទេសមកចូលរួមទាំងនៅក្នុង និងក្រៅប្រទេសប្រមាណជាង ៤០០នាក់ មកពី ៣៩ជាតិសាសន៍ ជាពិសេសមានតំណាងអគ្គលេខាធិការអង្គការសហប្រតិបត្តិការឥស្លាម (OIC), លោក Wan Muhamadnoor Matha ប្រធានរដ្ឋសភាថៃ និង អតីត-ថ្នាក់ដឹកនាំជាន់ខ្ពស់នៃបណ្ដាប្រទេសជិតខាងមកចូលរួមជាច្រើនផងដែរ ។
សម្តេចធិបតី ជូនពរដល់បងប្អូនខ្មែរឥស្លាមកម្ពុជា ទាំងក្នុង និង ក្រៅប្រទេស ព្រមទាំងឥស្លាម លើសាកលលោកសូមជួបប្រទះតែសេចក្តីសុខ សុភមង្គល និងជោគជ័យក្នុងកិច្ចប្រតិបត្តិជំនឿសាសនាឥស្លាម អំឡុងខែបួសរ៉ម៉ាឌនឆ្នាំ ២០២៤នេះ៕