(ភ្នំពេញ)៖ គណៈប្រតិភូវេទិការដ្ឋាភិបាលឌីជីថល ដែលជាមន្ត្រីមកពីបណ្តាប្រទេសអាស៊ាន ក៏ដូចជាអង្គការដៃគូអភិវឌ្ឍន៍ បានកោតសរសើរលើការរៀបចំវេទិការដ្ឋាភិបាលឌីជីថល ក៏ដូចជាការតាំងពិព័រណ៍ឌីជីថល និងបច្ចេកវិទ្យាឌីជីថលកម្ពុជា-អន្តរជាតិលើកទី១នៅកម្ពុជា។
ការកោតសរសើរនេះ បានធ្វើឡើងនៅពេលគណៈប្រតិភូ ដឹកនាំដោយលោក GOBIND SINGH DEO រដ្ឋមន្ត្រីក្រសួងឌីជីថលម៉ាឡេស៊ី ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជានៅរសៀលថ្ងៃចន្ទ ទី១១ ខែមីនា ឆ្នាំ២០២៤នេះ។ គណៈប្រតិភូនេះ កំពុងចូលរួមក្នុងវេទិការដ្ឋាភិបាលឌីជីថលនៅកម្ពុជា ហើយពួកគេនឹងឡើងចែករំលែកបទពិសោធន៍នានាពាក់ព័ន្ធនឹងឌីជីថលផងដែរ។
ក្នុងជំនួបជាមួយសម្តេចធិបតី, លោក GOBIND SINGH DEO បានថ្លែងអំណរគុណសម្តេចធិបតី ដែលបានឆ្លៀតពេលវេលាដ៏មមាញឹកអនុញ្ញាតឱ្យរូបលោក និងគណៈប្រតិភូ ជួបសម្តែងការគួរសម។
លោក GOBIND SINGH DEO បានថ្លែងកោតសរសើការរៀបចំវេទិកានៅកម្ពុជា ធ្វើបានល្អ។ លោកសង្ឃឹមថា វេទិកានេះនឹងបន្តធ្វើឡើងនៅបណ្តាប្រទេសអាស៊ានទាំងអស់ ដើម្បីឱ្យអ្នកចូលរួម ក្នុងតំបន់អាស៊ានអាចជួបគ្នា និងសម្រួចការពិភាក្សា ធានាបានការតភ្ជាប់ឌីជីថល។
បន្ថែមលើនេះ លោករដ្ឋមន្ត្រី បានសម្តេចធិបតី ថា វេទិកានេះបានផ្តល់នូវអត្ថប្រយោជន៍ជាច្រើនដល់អ្នកចូលរួម ជាពិសេសទំនាក់ទំនងរវាងរដ្ឋាភិបាល-រដ្ឋាភិបាល និង វិស័យឯកជន-ឯកជន។ លោករដ្ឋមន្ត្រី និងគណៈប្រតិភូ បានវាយតម្លៃខ្ពស់ចំពោះការរៀបចំវេទិកានេះ និងបានបង្ហាញសុទិដ្ឋិនិយមថា កម្ពុជានឹងសម្រេចបានការកសាងសេដ្ឋកិច្ច និងសង្គមឌីជីថលនាពេលអនាគត ហើយបណ្តាប្រទេសក្នុងតំបន់អាស៊ានត្រៀមខ្លួនជាស្រេចក្នុងការចូលរួមចំណែកជំរុញវិស័យឌីជីថល, រដ្ឋាភិបាល ឌីជីថល, សេដ្ឋកិច្ចឌីជីថល និងឈានទៅរកសង្គមឌីជីថល ដែលមានការរីកចម្រើនលូតលាស់ប្រកបដោយការគាំពារសន្តិសុខឌីជីថល ដើម្បីអាចទប់ស្កាត់នូវបទល្មើសបច្ចេកវិទ្យា សន្តិសុខសាយប័រ និងឧក្រិដ្ឋកម្មឆ្លងដែននានា ដែលប្រើប្រាស់តាមប្រព័ន្ធអនឡាញ។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានស្វាគមន៍លោករដ្ឋមន្ត្រី និងគណៈប្រតិភូ ដែលបានអញ្ជើញចូលរួមវេទិការដ្ឋាភិបាលឌីជីថល និងពិព័រណ៍រដ្ឋាភិបាលឌីជីថល និងបច្ចេកវិទ្យាឌីជីថល កម្ពុជា-អន្តរជាតិ លើកទី១។
សម្តេចធិបតីនាយករដ្ឋមន្ត្រី បានគូសបញ្ជាក់ថា ការរៀបចំវេទិកានេះពិតជាមានសារៈសំខាន់សម្រាប់ការស្វែងរកមធ្យោបាយក្នុងការតភ្ជាប់ឌីជីថលសម្រាប់បច្ចុប្បន្ន និងនាពេលអនាគត ហើយវេទិកានេះនឹងក្លាយទៅជាវេទិកាមួយសម្រាប់ប្រើប្រាស់ជាបន្តបន្ទាប់ទៀតនៅក្នុងកិច្ចការអាស៊ានផ្នែកឌីជីថល ដើម្បីកសាង និងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធឌីជីថល និងភ្ជាប់ទំនាក់ទំនងរវាងប្រទេសក្នុងតំបន់អាស៊ាន។
សម្តេចធិបតី ក៏បានគូសបញ្ជាក់ថា ការធានាឱ្យបាននូវការតភ្ជាប់ឌីជីថល (Digital Connectivity) ក្នុងតំបន់អាស៊ានឱ្យបានរឹងមាំ ទាមទារផងដែរនូវការពង្រឹងផ្នែកសន្តិសុខ ផ្នែកឌីជីថល និងបទបញ្ញត្តិនានា ប្រកបដោយភាពត្រឹមត្រូវ និងអាចជឿជាក់បាន។
ក្នុងជំនួបនោះ សម្តេចធិបតី បានស្នើឱ្យតំណាងគណៈប្រតិភូសិក្សាស្វែងយល់ពីសក្តានុពលកម្ពុជា ទាំងផ្នែកទេសចរណ៍ និងវិស័យនានា ដើម្បីពាំនាំនូវភាពល្អពិតប្រាកដនៃកម្ពុជាជូនទៅបណ្តាប្រទេសអាស៊ាន ជាពិសេសភ្ញៀវទេសចរណ៍ និងធុរជននានា។
សូមបញ្ជាក់ថា កម្ពុជាកំពុងរៀបចំវេទិកាឌីជីថលលើកទី១។ វេទិកានេះមានរយៈពេលពីរថ្ងៃ គឺថ្ងៃទី១១ និងទី១២។ វេទិកានេះ ធ្វើឡើងក្នុងគោលបំណងចែករំលែកបទពិសោធន៍នៃការធ្វើបរិវត្តកម្មរដ្ឋាភិបាលឌីជីថល និងការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការរវាងអ្នកជំនាញបរិវត្តកម្មឌីជីថលនៃបណ្តាប្រទេសក្នុងតំបន់ ក៏ដូចជាការបង្ហាញអំពីសមិទ្ធផលរបស់គណៈកម្មាធិការរដ្ឋាភិបាលឌីជីថលកម្ពុជា ដែលបានបង្កើតឡើងរយៈពេលប្រមាណ១៨ខែកន្លងមកនេះស្របតាមក្របខណ្ឌគោលនយោបាយសេដ្ឋកិច្ច និងសង្គមឌីជីថល២០២១-២០៣៥ និងគោលនយោបាយរដ្ឋាភិបាលឌីជីថលកម្ពុជា២០២២-២០៣៥ ជាពិសេសបញ្ចកោណទី៥ នៃយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជា។
វេទិកានេះត្រូវបានបែងចែកចេញជាពីរផ្នែក ដែលផ្នែកទី១ជាទម្រង់សិក្ខាសាលា ដែលមានការរៀបចំកិច្ច ពិភាក្សា និងការចែករំលែកអំពីប្រធានបទសំខាន់ៗ ពីវាគ្មិនជាតិ និងអន្តរជាតិពាក់ព័ន្ធទិដ្ឋភាពគោលនយោបាយ និន្នាការនៃការរីកចម្រើនរបស់បច្ចេកវិទ្យាឌីជីថល ការផ្លាស់ប្ដូរបទពិសោធន៍ និងឧត្តមានុវត្តនៃការ ជំរុញល្បឿនបរិវត្តកម្មឌីជីថល និងការប្រើប្រាស់បច្ចេកវិទ្យាថ្មីៗ។
ផ្នែកទី២ ជាទម្រង់ពិព័រណ៍ឌីជីថល ដែលមានការតាំងពិព័រណ៍ពីបច្ចេកវិទ្យាឌីជីថល ផលិតផល និងដំណោះស្រាយបម្រើឱ្យរដ្ឋាភិបាលឌីជីថល ដែលមានការចូលរួមពីក្រសួងស្ថាប័ន និងក្រុមហ៊ុនជាតិ និងអន្តរជាតិផងដែរ៕