(ភ្នំពេញ)៖ លោក ស៊ន សៀប ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា នៅថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៤នេះ បានលើកឡើងថា វិស័យចលនទ្រព្យនៅកម្ពុជា ឆ្នាំ២០២៤នេះ មានភាពវិជ្ជមានជាងឆ្នាំ២០២៣។

ការលើកឡើងបែបនេះរបស់លោក ស៊ន សៀប ធ្វើឡើងក្នុងវេទិកាពិភាក្សា ស្ដីពី «ស្ថានភាពសេដ្ឋកិច្ច និងអចលនទ្រព្យនៅឆ្នាំ២០២៤» ដែលរៀបចំដោយក្លឹបអ្នកកាសែតកម្ពុជា (ក.អ.ក) នាថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៤នេះ។

លោក ស៊ន សៀប បានបញ្ជាក់យ៉ាងដូច្នេះថា «ឆ្នាំ២០២៤នេះ ក៏នៅតែលំបាក ប៉ុន្ដែខ្ញុំឃើញសញ្ញាធៀបជាមួយនឹងឆ្នាំ២០២៣ មានភាពវិជ្ជមានជាងមុន ប៉ុន្ដែដល់ពេលដែលយើងកំពុងតែលំបាកអីចឹង គឺយើងអាចមើលឃើញថា វាមិនឃើញកំណើនខុសគ្នាទេ»

ទន្ទឹមគ្នានេះ ប្រធានសមាគមរូបនេះ បានបង្ហាញក្ដីរំពឹងថា វិស័យចលនទ្រព្យនៅកម្ពុជា នឹងត្រឡប់ទៅរកស្ថានភាពល្អឡើងវិញ នៅឆ្នាំ២០២៦ ឬឆ្នាំ២០២៧។

លោកបានលើកឡើងថា អចលនទ្រព្យតាមការសង្កេតរបស់លោក បន្ទាប់ពីសេដ្ឋកិច្ចធ្លាក់ចុះប្រហែលជា ៦ខែ ទៅ១ឆ្នាំ គឺចាប់ផ្ដើមចុះតាមក្រោយដែរ ហើយនៅដែលសេដ្ឋកិច្ចឡើង ៦ខែទៅ១ឆ្នាំឡើងដែរ។

លោកជឿជាក់ថា ខេត្ដព្រះសីហនុនឹងមានការរីកចម្រើន ដូចបណ្ដាទីក្រុង ដែលជាប់សមុទ្ររបស់ប្រទេសចិន ជាហេតុធ្វើឲ្យអ្នកវិនិយោគចិន មកវិនិយោគនៅទីក្រុងព្រះសីហនុច្រើន៕