(រតនគិរី)៖ លោក ឌុច ចាន់តូ អភិបាលរងខេត្ត តំណាងលោក ញ៉ែម សំអឿន អភិបាលខេត្តរតនគិរី បានក្រើនរម្លឹកដល់នាយទាហាន នាយទាហានរង និងពលទាហាន កុំពាក់ព័ន្ធនឹងគ្រឿងញៀន ព្រោះបើរកឃើញ នឹងត្រូវចាត់វិធានការបញ្ចប់មុខតំណែង និងបណ្ដេញចេញពីក្របខ័ណ្ឌរដ្ឋដោយគ្មានការលើកលែង។

លោក ឌុច ចាន់តូ រម្លឹកបែបនេះ នាព្រឹកថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៤ នៅទីបញ្ជាការតបន់ប្រតិបត្តិការសឹករងរតនគិរី ក្នុងពិធីបិទកិច្ចប្រជុំបូកសរុបលទ្ធផលការងារយោធាឆ្នាំ២០២៣ និងទិសដៅអនុវត្តការងារយោធា ឆ្នាំ២០២៤ ។

ក្នុងឱកាសនោះ លោក ឌុច ចាន់តូ បានធ្វើការកោតសរសើរដល់កម្លាំង តំបន់ប្រតិបត្តិការសឹករងរតនគិរី ដែលកន្លងមកបានប្រឹងប្រែងសម្រេចបានជោគជ័យគ្រប់ភារកិច្ចដែលថ្នាក់លើដាក់ជូន។ លោកអភិបាលរងខេត្ត បានចាត់ទុកកងទ័ពគឺជាកម្លាំងមិនអាចខ្វះបាន ព្រោះថាកងទ័ពគឺជាខឿនការពារជាតិ និងដើរតួនាទីយ៉ាងសំខាន់ក្នុងការរក្សាសន្តិភាពជូនប្រទេសជាតិ។

ក្នុងនោះផងដែរ លោក ឌុច ចាន់តូ បានជម្រាបជូននាយទាហាន នាយទាហានរង និងពលទាហានថា ក្រោមការដឹកនាំរបស់សម្តេចមហាបវរធិបតីហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ដែលបានដាក់ចេញនូវយុទ្ធសាស្ត្រ បញ្ចកោណដំណាក់កាលទី១ នីតិកាលទី៧ នៃរដ្ឋសភា ដោយសម្តេចធិបតីបានចេញបទបញ្ជាលេខ០១ ស្ដីពីវិធានការយ៉ាងម៉ឺងម៉ាត់ក្នុងការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ នៅតាមក្រសួងស្ថាប័ន និងរដ្ឋបាលថ្នាក់ជាតិថ្នាក់ក្រោមជាតិ ទាំងក្នុងជួរកងទ័ព ដាច់ខាតគ្រប់ក្រសួងស្ថាប័ន និងរដ្ឋបាលថ្នាក់ក្រោមជាតិ ត្រូវបង្កើនការត្រួតពិនិត្យជាប្រចាំចំពោះមន្ត្រីរាជការស៊ីវិល មន្ត្រីនគរបាលជាតិ និងមន្ត្រីយោធា ព្រមទាំងមន្ត្រីជាប់កិច្ចសន្យាដែលស្ថិតនៅក្រោមឱវាទរបស់ខ្លួន លើការគ្រប់គ្រងប្រើប្រាស់គ្រឿងញៀនខុសច្បាប់ ឬមានការពាក់ព័ន្ធនឹងគ្រឿងញៀនខុសច្បាប់ ត្រូវចាត់វិធានការបញ្ចប់មុខតំណែង និងបណ្ដេញចេញពីក្របខ័ណ្ឌរដ្ឋដោយគ្មានការលើកលែង។

ក្នុងនាមលោកអភិបាលខេត្ត និងជាប្រធានគណៈបញ្ជាការឯកភាពខេត្តលោក ឌុច ចាន់តូ បានស្នើឲ្យនាយទាហាន នាយទាហានរង និងពលទាហាន ទូទាំងតំបន់ប្រតិបត្តិការសឹករងរតនគិរីទាំងអស់ យកចិត្តទុកដាក់ថែរក្សាសន្តិសុខ សុវត្ថិភាពជូនប្រទេសជាតិ, សាមគ្គីភាពផ្ទៃក្នុងនិងគោរពវិន័យ, ចូលរួមសហការគ្នាជាមួយកងកម្លាំងនគរបាលកងរាជអាវុធហត្ថដើម្បីការពារគ្រប់កម្មវិធីរបស់ថ្នាក់នាំ, ត្រូវដើរល្បាត និងការពារតាមខ្សែបន្ទាត់ព្រំដែនជាប់ជាប្រចាំ ព្រមទាំងរាយការណ៍រាល់បញ្ហាដែលកើតមានឡើងជូនថ្នាក់ដឹកនាំឲ្យបានទាន់ពេលវេលា។

លោកឧត្តមសេនីយ៍ទោ លី សូរ៉ារិទ្ធ មេបញ្ជាការយោធភូមិភាគទី១ បានលើកឡើងថា លទ្ធផលដែលអង្គភាពទទួលបាន គឺពិតជាការរួមចំណែកពីនាយទាហាន នាយទាហានរង និងពលទាហានទាំងអស់ នៅក្នុងតំបន់ប្រតិបត្តិការសឹករងរតនគិរីទាំងមូល ដែលបានចូលរួមគិត ចូលរួមធ្វើ និងទទួលខុសត្រូវខ្ពស់ ដោយឈរលើផែនការការងារ របស់យោធភូមិភាគទី១ ធ្វើឱ្យទីបញ្ជាការ ធានាបានគ្រប់ភារកិច្ចដែលថ្នាក់លើប្រគល់ជូន ជាពិសេសលើការងារហ្វឹកហ្វឺន ប្រមូលផ្តុំគ្រប់គ្រងកម្លាំង ជំរុញការងារបង្កបង្កើនផល ចិញ្ចឹមសត្វ ធានាជីវភាពកងទ័ព ហើយបានបញ្ជូនកម្លាំងចុះប្រតិបត្តិការជួយសង្រ្គោះប្រជាពលរដ្ឋរងគ្រោះដោយធម្មជាតិ គ្រោះទឹកជំនន់ ខ្យល់កន្រ្តាក់ ជួយកសាង ជួសជុលលំនៅឋាន និង បានបន្តដាក់បទបញ្ជា លើការងារកសាងពង្រឹងប្រៀបការពារជាតិ។

លោកឧត្តមសេនីយ៍ទោ បានផ្តាំផ្ញើដល់គ្រប់អង្គភាពចំណុះតំបន់ប្រតិបត្តិការសឹករងរតនគិរី ត្រូវពង្រឹងការងារហ្វឹកហ្វឺន ការងារអប់រំចិត្តសាស្រ្ត និងការងារបច្ចេកទេស ការគ្រប់គ្រងអាវុធ គ្រឿងចក្រ ត្រូវបន្តយកចិត្តទុកដាក់ឱ្យបានម៉ឺងម៉ាត់ ម្ចាស់ការត្រួតពិនិត្យ និងតាមដានឱ្យបានជាប់ជាប្រចាំ ដើម្បីធានាការពារឱ្យបាននូវបូរណភាពដឹកដី និងទប់ស្កាត់ឱ្យបាននូវរាល់បទល្មើសផ្សេងៗ៕