(ភ្នំពេញ)៖ បណ្ឌិត គី សេរីវឌ្ឍន៍ អ្នកជំនាញសេដ្ឋកិច្ចនៃរាជបណ្ឌិត្យសភាកម្ពុជា នៅថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៤នេះ បានលើកឡើងថា កម្ពុជាគួរងាយមករកផលិតឧបករណ៍អេឡិចត្រូនិក និងគ្រឿងបង្គុំយានយន្ត ដើម្បីរក្សាភាពធន និងជំរុញកំណើនសេដ្ឋកិច្ចជាតិ។

ការលើកឡើងបែបនេះរបស់បណ្ឌិត គី សេរីវឌ្ឍន៍ ធ្វើឡើងក្នុងវេទិកាពិភាក្សា ស្ដីពី «ស្ថានភាពសេដ្ឋកិច្ច និងអចលនទ្រព្យនៅឆ្នាំ២០២៤» ដែលរៀបចំដោយក្លឹបអ្នកកាសែតកម្ពុជា (ក.អ.ក) នាថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៤នេះ។

បណ្ឌិត គី សេរីវឌ្ឍន៍ បានបញ្ជាក់យ៉ាងដូច្នេះថា «កម្ពុជាគួរតែងាកចេញ ទៅរកពិពិធកម្មផលិតឧស្សាហកម្ម ក្រៅតែពីវិស័យឧស្សាហកម្មកាត់ដេរ ឲ្យចេញមកឧស្សាហកម្មអេឡិចត្រូនិក, មកចេញឧស្សាហកម្មផលិតគ្រឿងបង្គុំរថយន្ដ ដែលដើរតួរនាទីសំខាន់ ក៏ប៉ុន្ដែអ្វីដែលខ្វះ គឺយើងខ្វះការផលិតវត្ថុធាតុដើម សម្រាប់បំពេញគ្រឿងបង្គុំ យើងនៅខ្វះច្រើនណាស់ យើងលក់តែវត្ថុធាតុដើមចេញ»

លោកបណ្ឌិតបានគូសបញ្ជាក់ថា ទិសដៅរាជរដ្ឋាភិបាល ដែលបណ្តុះបណ្តាលកម្មករជំនាញបច្ចេកទេស ១.៥លាននាក់ គឺធ្វើត្រូវ ប៉ុន្ដែទើបតែចាប់ផ្ដើម ដូច្នេះត្រូវតែជំរុញឲ្យបានស៊ីជម្រៅជាងនេះ ហើយងាកចេញពីការផលិតឲ្យមកការផលិតឧស្សាហកម្មទាំងឡាយណា ដែល​ប្រើបច្ចេកវិទ្យាឲ្យបានច្រើន គឺត្រូវតែបណ្ដុះបណ្ដាលវិជ្ជាជីវៈឲ្យបានច្រើន និងត្រូវពង្រឹងគុណភាពអប់រំ ចាប់ពីតូចឡើងទៅ។

បណ្ឌិត គី សេរីវឌ្ឍន៍ សូមលើកទឹកចិត្ដ ឲ្យមានការផលិតគ្រឿងបង្គុំនេះឲ្យបានច្រើន ដូចប្រទេសចិន ដើម្បីជំរុញកំណើនសេដ្ឋកិច្ចកម្ពុជា៕