(ភ្នំពេញ)៖ គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់មួយ បានកើតឡើងកាលពីវេលាម៉ោង ១០៖៤៥នាទីព្រឹកថ្ងៃទី១១ ខែមិនា ឆ្នាំ២០២៤ នៅលើមហាវិថីឈ្នះឈ្នះ ជិតស្ពានផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ ភូមិចែងម៉ែង សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ បណ្ដាលឲ្យក្មេងស្រីសិស្សសាលាម្នាក់ស្លាប់ភ្លាមៗ និង២នាក់ទៀត រងរបួសធ្ងន់បាក់ជើងទាំង២នាក់ ខណៈដែលពួកគេជិះម៉ូតូ១គ្រឿងឌុបគ្នាជ្រុលទៅបុកពីក្រោយកន្ទុយរថយន្ត សម្រាប់ដឹកទូកុងតឺន័រ១គ្រឿង ដែលកំពុងបើកឆ្លងផ្លូវ។
ក្មេងស្រីម្នាក់ដែលស្លាប់ឈ្មោះ ដិន សុធាវី អាយុ១៤ឆ្នាំ មានទីលំនៅភូមិសាមគ្គី១ សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ។ ចំណែក២នាក់ទៀតរងរបួសធ្ងន់ទី១ ឈ្មោះ ញ៉ែម រក្សា អាយុ១៣ឆ្នាំ មានទីលំនៅភូមិវាល សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ បាក់ជើងឆ្វេង និងបែកភ្នែក។ ទី២ ឈ្មោះ គឹម ឌីណា អាយុ១៣ឆ្នាំ មានទីលំនៅភូមិសាមគ្គី១ សង្កាត់ត្រពាំងក្រសាំង រងរបួសបាក់ជើងឆ្វេង គឺជាកូនលោកមេភូមិសាមគ្គី១។
មុនពេលកើតហេតុ ពួកនាងបានជិះម៉ូតូ១គ្រឿង ម៉ាកហុងដាឌ្រីមសេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1JK-0621 ធ្វើដំណើរលឿនក្នុងទិសដៅពីត្បូងទៅជើង។ ដោយឡែករថយន្តសណ្ដោងកន្ទុយរ៉ឺម៉កសម្រាប់ដឹកទូកុងតឺន័រ ម៉ាកDAEWOO ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 3E-2749 បើកបរដោយបុរសម្នាក់ក្នុងទិសដៅស្របគ្នា។
លុះពេលទៅដល់ត្រង់ចំណុចកើតហេតុ ស្រាប់តែរថយន្តនេះបត់ឆ្វេងឆ្លងផ្លូវចូលទៅក្នុងក្រុមហ៊ុនផែស្ងួតតេងឡាយ ធ្វើឲ្យម៉ូតូវ៉ាក់អើគេចមិនទាន់ ក៏ជ្រុលទៅបុកពីក្រោយកន្ទុយរ៉ឺម៉ក់រថយន្តនេះពេញទំហឹង បណ្ដាលឲ្យក្មេងស្រីដែលជាអ្នកបើកបរម៉ូតូ ស្លាប់ភ្លាមៗ នៅនឹងកន្លែង រីឯក្មេងស្រី២នាក់ទៀត ដែលជាអ្នករួមដំណើររងរបួសបាក់ជើងទាំង២នាក់ ហើយម៉ូតូបានគាបជាប់ជាមួយកាងក្រោយរ៉ឺម៉ក់រថយន្តតែម្ដង។
ក្រោយពេលកើតហេតុអ្នកបើកបររថយន្តបានចុះរត់គេចខ្លួនទៅបាត់។ បន្ទាប់មកនគរបាលប៉ុស្តិ៍សំរោងក្រោម បានចុះទៅកាន់កន្លែងកើតហេតុ ហើយរាយការទៅកាន់នគរបាលការិយាល័យចរាចរផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ចុះទៅធ្វើការវាស់វែង និងនាំយករថយន្ត និងម៉ូតូ ទៅរក្សាទុករង់ចាំការដោះស្រាយគ្នានៅពេលក្រោយ។
ដោយឡែកសព ត្រូវបានក្រុមគ្រួសារនាំយកទៅធ្វើបុណ្យតាមប្រពៃណី ហើយក្មេងស្រីដែលរងរបួសធ្ងន់២នាក់ ត្រូវបានបញ្ជូនទៅសង្រ្គោះបន្ទាន់នៅមន្ទីរពេទ្យតេជោសន្តិភាព៕