(កំពង់ឆ្នាំង)៖ ប្រជាពលរដ្ឋចំនួន៣៥នាក់ បានដាក់ពាក្យស្នើសុំលោកមេឃុំស្វាយជ្រុំ ជួយពន្លឿនដោះស្រាយករណីវិវាទដីធ្លីមួយកន្លែង ស្ថិតនៅភូមិកំពុងរាំង ឃុំស្វាយជ្រុំ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង ដែលនៅក្នុងពាក្យបណ្ដឹង ពួកគាត់បានអះអាងថា ដីនោះជាដីសាធារណៈរបស់រដ្ឋ និងជាទីសក្ការៈប្រជាពលរដ្ឋតែងគោរពបូជាតាំងពីយូរលុងមក រួមទាំងផ្លូវសាធារណៈមួយខ្សែ ដែលត្រូវបានគេរបិទយកធ្វើជាកម្មសិទ្ធិ ទើបពួកគាត់ដាក់បណ្ដឹងស្នើសុំឲ្យ អាជ្ញាធរឃុំជួយដោះស្រាយ តាំងពីថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៣ តែមកដល់ពេលនេះ មិនទាន់មានដំណោះស្រាយនៅឡើយ។
លោក គឺ រតនា តំណាងប្រជាពលរដ្ឋទាំង៣៥នាក់ បានប្រាប់បណ្ដាញព័ត៌មាន Fresh News នៅព្រឹកថ្ងៃទី៩ ខែមីនា ឆ្នាំ២០២៤ បានឱ្យដឹងថា លោកនិងប្រជាពលរដ្ឋទាំង៣៤នាក់ទៀត ដែលអ្នក ខ្លះរស់នៅក្នុង ភូមិកំពង់រាំងផ្ទាល់ និងអ្នកខ្លះរស់នៅភូមិផ្សេង តែធ្លាប់បានរួមគ្នាកសាងទីសក្ការៈបូជាខាងលើនេះ ដែលបម្រើដល់ផលប្រយោជន៍សាធារណៈ បានមើលឃើញមានបុគ្គលម្នាក់ទៅកាប់ដើមត្នោត និងជីកកកាយយកអាចម៌ដី នៅកន្លែងទីសក្ការៈគោរពបូជា រួមទាំងមានការបិទផ្លូវដើរសាធារណៈផងនោះ ពួកគាត់ទាំង៣៥នាក់ ក៏បានដាក់ពាក្យបណ្ដឹងទៅអាជ្ញាធរឃុំស្វាយជ្រុំ សុំឲ្យជួយដោះស្រាយ និងធ្វើការសម្របសម្រួល។
លោកបានឲ្យដឹងទៀតថា ពាក្យបណ្ដឹងរបស់ពួកគាត់ គឺបានដាក់ជូនអាជ្ញាធរឃុំស្វាយជ្រុំ តាំងពីថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៣មកម៉្លេះ តែមកដល់ពេលនោះពុំទាន់មានដំណោះស្រាយណាមួយ ជូនពួកគាត់នៅឡើយនោះទេ។ មិនតែប៉ុណ្ណោះ ក្នុងចំណោមប្រជាពលរដ្ឋទាំង៣៥នាក់ ដែលបានដាក់ពាក្យបណ្ដឹងទៅអាជ្ញាធរឃុំខាងលើនេះ ក្នុងនោះមាន៤នាក់ រួមទាំងរូបគាត់ផង ក៏ត្រូវបានបុគ្គលខាងលើនេះ ប្ដឹងទៅតុលាការដោយចោទពីបទ « ក្លែងបន្លំឯកសារសាធារណៈ ប្តឹងបរិហារបង្កាច់កេរ្តិ៍ និងជេរប្រមាថជាសាធារណៈ»។
ក្នុងពាក្យបណ្ដឹងភាគីខាងដើមបណ្ដឹង ក៏បានស្នើសុំឲ្យលោកព្រះរាជអាជ្ញា ចាត់វិធានការឲ្យបានតឹងរឹងបំផុត ដោយឲ្យឃាត់ខ្លួនពួកគាត់ទាំង៤នាក់ យកទៅផ្ដន្ទាទោសតាមច្បាប់ និងទារសំណងពីរូបគាត់ និងឈ្មោះ ស្រ៊ុន សុផល ក្នុងម្នាក់ៗចំនួន ២០,០០០ដុល្លារ។ ដោយឡែកប្រជាពលរដ្ឋ២នាក់ទៀត គឺទារសំណងក្នុងម្នាក់ៗចំនួន១០,០០០ដុល្លារផងដែរ។
ក្នុងនាមរូបគាត់ជាតំណាងឲ្យប្រជាពលរដ្ឋទាំង៣៤នាក់ ដែលបានចេញមុខការពារថែរក្សាសម្បត្តិសាធារណៈរបស់រដ្ឋខាងលើនេះ គាត់បានស្នើសុំដល់អាជ្ញាធរគ្រប់ជាន់ថ្នាក់ មេត្តាជួយដោះស្រាយករណីវិវាទដីសក្ការៈបូជា និងការបិទផ្លូវសាធារណៈខាងលើនេះ ស្ថិតនៅចំណុចភូមិកំពង់រាំង ឃុំស្វាយជ្រុំ ស្រុករប្អៀរ ដើម្បីរក្សាទុកជាទីសក្ការៈបូជា និងបម្រើជាផលប្រយោជន៍សាធារណៈតទៅជំនាន់ក្រោយទៀត ដោយក្តីអនុគ្រោះ។ ពួកគាត់ទាំង ៤នាក់ ដែលរងបណ្ដឹងរបស់ភាគីម្ខាងខាងលើនេះ ក៏បានស្នើសុំដល់លោកព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកំពង់ឆ្នាំង មេត្តាជួយផ្ដល់យុត្តិធម៌ឲ្យពួកគាត់ទាំងអស់គ្នា ដែលបានផ្ដិតមេដៃស្នើសុំទៅអាជ្ញាធរឃុំឲ្យជួយធ្វើការសម្របសម្រួល ករណីវិវាទដីខាង លើនេះសម្រាប់ជាប្រយោជន៍សាធារណៈតែប៉ុណ្ណោះផងចុះ។
ពាក់ព័ន្ធនឹងករណីខាងលើនេះលោក ម៉ែន នួន មេឃុំស្វាយជ្រុំ បានប្រាប់បណ្ដាញព័ត៌មាន Fresh News នៅរសៀលថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៤ ឲ្យដឹងថា ពិតជាមានករណីវិវាទរឿងដីធ្លីនៅចំណុចភូមិកំពង់រាំង ក្នុងឃុំស្វាយជ្រុំ ខាងលើនេះពិតប្រាកដមែន គឺលោកបានទទួលពាក្យបណ្ដឹងពីប្រជាពលរដ្ឋរួចហើយ ដោយប្រជាពលរដ្ឋបានប្ដឹងឱ្យជួយដោះស្រាយចំនួន៣ចំណុច រួមមាន៖
*ទី១៖ ពាក់ព័ន្ធនឹងដីទីសក្ការៈបូជា
*ទី២៖ ប្ដឹងឱ្យជួយដោះស្រាយដីបរិវេណសាលារៀន
*ទី៣៖ ឲ្យជួយដោះស្រាយបញ្ហាផ្លូវដើរចូលក្លោងទ្វារសាលា។
លោកបានបញ្ជាក់ថា ទាំង៣ចំណុចខាងលើនេះកន្លងមក លោកក៏បានធ្វើការដោះស្រាយនៅចំណុចទី១ ដែលពាក់ព័ន្ធនឹងដីបរិវេណសាលារៀនតែការដោះស្រាយមិនចុះសម្រុងគ្នា ទើបលោកបានបញ្ជូនសំណុំរឿងទាំងអស់ ខាងលើនេះ នឹងធ្វើរបាយការណ៍បញ្ជូនទៅរដ្ឋបាលស្រុក ដើម្បីឲ្យធ្វើការដោះស្រាយបន្ត ហើយលោកអភិបាលស្រុកក៏បានចារចំណារមកឲ្យលោកវិញផងដែរ ដោយឲ្យលោកស្រាវជ្រាវករណីនេះឲ្យ បានច្បាស់លាស់ជាថ្មីម្ដងទៀតផងដែរ។
ជុំវិញករណីខាងលើនេះលាក សេង វិចិត្រ អភិបាលស្រុករលាប្អៀរ បានប្រាប់បណ្ដាញព័ត៌មាន Fresh News ឲ្យដឹងថា ចំពោះវិវាទដីនៅភូមិកំពុងរាំងបុគ្គលម្នាក់ ដែលពូកែប្ដឹងនោះ គឺជាបុគ្គលដែលខូចជាងគេ គឺតែងតែទៅប្តឹងទាមទារយកខ្លួនឯង មិនបានថាដីនោះជាដីរួម ឬក៏ថាដីនោះជាទីសក្ការៈ បុគ្គលនេះសព្វថ្ងៃនេះត្រូវបានគេប្ដឹងទៅតុលាការហើយ ព្រោះគាត់ដើរកូរគេ និងដើរយកដីគេពេញតំបន់កំពង់រាំង។
បច្ចុប្បន្ននេះ លោកផ្ទាល់កំពុងតែរៀបចំនីតិវិធីដែរហើយ ពីព្រោះបុគ្គលនេះបានកែលើឯកសារប្លង់ស្លាបមាន់របស់រដ្ឋបាលសូរិយោដីស្រុក ឥឡូវលោកក៏បានរៀបចំឯកសារប្ដឹងទៅតុលាការដែរ ម្ចាស់គេក៏គេប្ដឹង ដោយសារតែបុគ្គល នោះកូរគេពេញតែនិង។ លោកកំពុងតែរៀបចំឯកសារជាមួយអាជ្ញាធរដើម្បីដាក់បណ្ដឹងផងដែរ ព្រោះបុគ្គលនេះដើរយកតែដីគេពេលដែលយកលែងបានក៏ប្រាប់គេថា ដីនេះជាដីរួមភូមិ ឬដីទីសក្ការៈបូជាផ្សេងៗ។ មិនតែប៉ុណ្ណោះ បុគ្គលនេះក៏បានយកមេដៃក្លែងបន្លំ ដោយប្រាប់គេថាយកមេដៃទៅធ្វើផ្លូវ ទៅធ្វើអ្វីមួយដូចជាស្ដារប្រឡាយ តែគាត់យកមេដៃនោះមកភ្ជាប់ជាមួយនិងពាក្យបណ្ដឹង។
លោកអភិបាលស្រុក បានបញ្ជាក់ឲ្យដឹងទៀតថា ចំណែកចំណារបស់លោក ដែលចារមកលោកមេឃុំនោះ គឺចារមកឱ្យលោកមេឃុំ ធ្វើការស្រាវជ្រាវជាមួយមន្ត្រីជំនាញ ដើម្បីវាស់វែងធ្វើលិខិតកាន់កាប់ដីឲ្យទៅឈ្មោះ សួស ស៊ីនួន តែដីនោះស្ថិតនៅទីតាំងផ្សេងគឺនៅក្បែរនោះដែរ។
គួររំលឹកថា ដីវិវាទខាងលើនេះកន្លងមក សមត្ថកិច្ចចម្រុះខេត្ត ដឹកនាំដោយលោក ឯក ស៊ុនរស្មី ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកំពង់ឆ្នាំង ក៏ធ្លាប់បានចុះ ទៅឃាត់គ្រឿងចក្រដែលជីកកកាយដីនៅទីតាំងនោះម្ដងរួច មកហើយដែរ។ កាលនោះ លោកព្រះរាជអាជ្ញា ក៏បានឲ្យមន្ត្រីជំនាញយកគ្រឿងចក្រ ទៅធ្វើការផាកពិន័យអន្តរការ និងឲ្យម្ចាស់ទីតាំងដី និងម្ចាស់គ្រឿងចក្រធ្វើច្បាប់ទម្លាប់ឲ្យបានត្រឹមត្រូវផងដែរ៕