(ប៉ៃលិន)៖ ក្រុមការងារមូលនិធិគាំទ្រសុខភាព និងសង្រ្គោះបន្ទាន់របស់ លោកស្រី បាន ស្រីមុំ អ្នកតំណាងរាស្រ្តគណបក្សប្រជាជនកម្ពុជា មណ្ឌលប៉ៃលិន បានជួបសំណេះសំណាល និងសួរសុខទុក្ខលោកយាយ លោកតា ចាស់ជរាគ្មានទីពឹង និងមានជីវភាពខ្វះខាត ចំនួន ១៦០នាក់ ដែលអញ្ជើញមកទទួលប្រាក់ឧបត្ថម្ភប្រចាំខែកញ្ញា ឆ្នាំ២០១៦ នៅព្រឹកថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០១៦។
ការផ្តល់ជូនប្រាក់ឧបត្ថម្ភប្រចាំខែ ពីសំណាក់ លោកស្រី បាន ស្រីមុំ អ្នកតំណាងរាស្រ្តគណបក្សប្រជាជនកម្ពុជា បានធ្វើឡើងក្រោយពេលដែល លោកយាយ លោកតាចាស់ជរាគ្មានទីពឹងក្នុងខេត្តប៉ៃលិន អស់រយៈពេល ជាង៥ឆ្នាំ កន្លងមកហើយ មិនបានទទួលប្រាក់ឧបត្ថម្ភ សម្រាប់ផ្គត់ផ្គង់ជីវភាព។ លោកយាយលោកតា ដែលទទួលបានប្រាក់ឧបត្ថម្ភប្រចាំខែ មានចំនួន១៦០នាក់ ដោយក្នុងម្នាក់ៗទទួលបានថវិកា ១០០,០០០រៀល (មួយសែនរៀលគត់) ហើយចំពោះ លោកយាយ លោកតា ដែលមានទីលំនៅ ឆ្ងាយពិបាកធ្វើដំណើរ គឺក្រុមការងារបានយកថវិកាទៅប្រគល់ជូនដល់គេហដ្ឋានផងដែរ។
ក្នុងឱកាសនោះ ក្រុមការងារ បាននាំបណ្តាំផ្ញើសួរសុខទុក្ខ ពីសំណាក់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និងជាប្រធានគណបក្សប្រជាជនកម្ពុជា សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន និងសម្តេច ក្រឡា ហោម ស ខេង ជូនចំពោះលោកយាយ លោកតា និងបងប្អូនប្រជាពលរដ្ឋក្នុងខេត្តប៉ៃលិនទាំងអស់ផងដែរ។
ក្រុមការងារខាងលើបានបន្ថែមថា សម្តេចតេជោ ហ៊ុន សែន សូមអំពាវនាវ ឲ្យពុកម៉ែបងប្អូនប្រជាពលរដ្ឋទាំងអស់ក្នុងខេត្ត ដែលគ្រប់អាយុ សូមអញ្ជើញទៅចុះឈ្មោះបោះឆ្នោតឲ្យបានគ្រប់ៗគ្នា នៅតាមទីតាំង សាលាឃុំ សង្កាត់ និងទីតាំងចល័តតាមភូមិ ដែលបានកំណត់ដោយក្រុមប្រឹក្សាឃុំ សង្កាត់ មានរយៈពេល ៣ខែ គឺចាប់ពីថ្ងៃទី០១ ខែកញ្ញា រហូតដល់ថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០១៦ និងធ្វើការបោះឆ្នោតជូន គណបក្សប្រជាជនកម្ពុជា ដើម្បីបន្តដឹកនាំប្រទេស រក្សាការពារបាននូវសុខសន្តិភាព ស្ថេរភាព និងការអភិវឌ្ឍន៍ប្រកបដោយនិរន្តរភាព គឺគណបក្សប្រជាជនកម្ពុជា ពុំបានសន្យា តែបានធ្វើគ្រប់សព្វបែបយ៉ាង ជូនប្រជាពលរដ្ឋ និងសង្គមជាតិ។
គួរបញ្ជាក់ថា មូលនិធិគាំទ្រសុខភាព និងសង្រ្គោះបន្ទាន់នេះ គឺមានការផ្តួចផ្តើមធ្វើឡើងពីសំណាក់លោក អ៉ី ឈាន ប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាលចុះជួយខេត្តប៉ៃលិន និងលោកស្រី អ្នកតំណាងរាស្រ្ត គណបក្សប្រជាជនកម្ពុជា មណ្ឌលប៉ៃលិន ចាប់តាំងពីឆ្នាំ២០១១មកម្លេះ គិតមកដល់ពេលនេះមានរយៈពេលជាង៥ឆ្នាំមកហើយ៕