(ព្រះវិហារ)៖ អំណោយមនុស្សធម៌របស់កាកបាទក្រហមកម្ពុជាត្រូវបានលោក ហោ ប៊ុនហួរ អភិបាលស្រុករវៀង ខេត្តព្រះវិហារ និងជាប្រធានកិត្តិយសអនុសាខាកាកបាទក្រហមកម្ពុជាស្រុក នៅរសៀលថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៤ បានដឹកនាំក្រុមការងារយកទៅប្រគល់ជូនគ្រួសាររងគ្រោះដោយអគ្គីភ័យបណ្តាលឱ្យឆេះផ្ទះ១គ្រួសារ ស្ថិតក្នុងភូមិរំចេក ឃុំរមណីយ ស្រុករវៀង ខេត្តព្រះវិហារ។

ក្នុងនាមលោក គីម រិទ្ធី អភិបាលខេត្តព្រះវិហារ និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត, លោក ហោ ប៊ុនហួរ បានសំដែងនូវការចូលរួមសោកស្តាយ ជាមួយបងប្អូនប្រជាពលរដ្ឋជាម្ចាស់ផ្ទះ ដែលបានជួបនូវគ្រោះអកុសល បណ្តាលឱ្យភ្លើងឆេះផ្ទះ និងខូចខាតទ្រព្យសម្បត្តិជាច្រើនទៀត។

លោក ហោ ប៊ុនហួរ បានថ្លែងលើកទឹកចិត្តដល់ជនរងគ្រោះជាម្ចាស់ផ្ទះ សូមកុំមានការអស់សង្ឃឹមក្នុងជីវិតឱ្យសោះ កាកបាទក្រហមកម្ពុជាដែលមានសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន និងលោក គីម រិទ្ធី ជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តព្រះវិហារ មិនទុកឱ្យបងប្អូនប្រជាពលរដ្ឋក្រីក្រ ប្រជាពលរដ្ឋរងគ្រោះដោយគ្រោះធម្មជាតិផ្សេងៗរស់នៅក្នុងភាពឯកោរ អស់សង្ឃឹមនោះទេ។

ជាក់ស្តែងនៅពេលនេះ ក្រោយទទួលបានព័ត៌មានស្តីពីហេតុការណ៍គ្រោះអគ្គីភ័យដែលបណ្តាលឱ្យផ្ទះប្រជាពលរដ្ឋខូចខាតនោះ លោក គីម រិទ្ធី បានចាត់រូបលោកឱ្យដឹកនាំក្រុមការងារចុះសួរសុខទុក្ខ និងនាំអំណោយមកចែក ជូនភ្លាម​ ដែលជាការសង្គ្រោះបឋម។

សម្ភារដែលផ្តល់ជូននៅពេលនេះរួមមាន៖ ថវិកាចំនួន៩៧.០០០០រៀល អង្ករ ២៥គីឡូក្រាម មី១កេស ត្រីខ១យួរ ទឹកស៊ីអ៉ីវ ១យួរ តង់១ សារុង១ មុង១ ភួយ១ ក្រមា១ ចាន ឆ្នាំង ក្រែឈើ១ផង ហើយលោកសន្យានឹងរកជំនួយពីសប្បុរសធម៌មកជួយជាបន្តទៀត។

សូមបញ្ជាក់ថា កាលពីវេលាម៉ោង ៩៖១០នាទីព្រឹកថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៤ មានករណីអភ្គិភ័យមួយកើតឡើង បណ្តាលឱ្យផ្ទះប្រជាពលរដ្ឋ១ខ្នងទំហំ ៦ម៉ែត្រគុណ ៨ម៉ែត្រ ធ្វើអំពីឈើប្រក់ក្បឿង និងសម្ភារជាច្រើនទៀត រងការខូចខាតទាំងស្រុង ដែលករណីនេះបណ្តាលមកពីទុស្សេចរន្តអគ្គិសនី។

ទាក់ទងនិងគ្រោះអគ្គីភ័យនេះលោក ហោ ប៊ុនហួរ បានថ្លែងអំពាវនាវប្រជាពលរដ្ឋត្រូវមានការប្រុងប្រយ័ត្នជានិច្ច ដោយត្រូវបិទចរន្តអគ្គិសនី ពន្លត់ភ្លើងចង្រ្កាន ពេលចាកចេញពីផ្ទះ ពិសេសត្រូវសម្អាតជុំវិញផ្ទះ ដើម្បីការពីភ្លើងព្រៃផងដែរ៕