(កំពង់ធំ)៖ រដ្ឋបាលខេត្តកំពង់ធំ បានបើកយុទ្ធនាការតេស្តរកសារធាតុញៀន ចំពោះមន្ត្រីរាជការទូទាំងខេត្ត ដើម្បីបញ្ជាក់ពីភាពស្អាតស្អំ។ យុទ្ធនាការនេះបានចាប់ពីថ្ងៃទី១១ ដល់ថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៤ ដែលមានមន្ត្រីរាជការប្រមាណ ៧,៣០០នាក់ នៃមន្ទីរ-អង្គភាពជុំវិញខេត្ត។
សម្រាប់ការបើកយុទ្ធនាការធ្វើតេស្តរកសារធាតុញៀនលើមន្ត្រីរាជការសាលាខេត្ត និងមន្ទីរអង្គភាពជុំវិញខេត្ត ព្រមទាំង រដ្ឋបាលក្រុង ស្រុក ឃុំ សង្កាត់ និងសមាជិកភូមិ ជំហានបន្ទាប់នឹងឈានទៅដល់ការធ្វើតេស្តក្រុមគ្រូបង្រៀន និងក្រុមគ្រូពេទ្យផងដែរ។
ការធ្វើតេស្តមន្ត្រីរាជការ និងមន្ត្រីជាប់កិច្ចសន្យា ដើម្បីចូលរួមចំណែកធានាប្រសិទ្ធភាព នៃការអនុវត្តយុទ្ធនាការប្រឆាំងគ្រឿងញៀនខុសច្បាប់លើកទី៩ ដែលជាអាទិភាពនយោបាយរបស់រាជរដ្ឋាភិបាល ក៏ដូចជាការលើកកម្ពស់ជំនឿទុកចិត្តប្រសិទ្ធភាពការងារ និងអភិបាលកិច្ចល្អនៅក្នុងស្ថាប័ន មន្ទីរ អង្គភាពជុំវិញខេត្ត៕