(ស្វាយរៀង)៖ លោកបណ្ឌិត សម តារា អ្នកតំណាងរាស្ត្រមណ្ឌលស្វាយរៀង បានស្នើស្ត្រីត្រូវសិក្សារៀនសូត្របន្ថែមអំពីបច្ចេកវិទ្យា ដើម្បីដើរឲ្យទាន់បរិវត្តកម្មឌីជីថលក្នុងការប្រើប្រាស់បច្ចេកវិទ្យានេះ ឲ្យមានប្រយោជន៍ដល់ខ្លួនឯង និងសង្គមជាតិ។

ការថ្លែងស្នើបែបនេះរបស់លោកបណ្ឌិត សម តារា នៅក្នុងឱកាសដែលលោកបណ្ឌិត បានអញ្ជើញចូលរួមនៅក្នុងពិធីអបអរសាទរទិវានារីអន្តរជាតិ ៨ មីនា ២០២៤ ខួបលើកទី១១៣ ក្រោមប្រធានបទ «ស្ត្រី និងក្មេងស្រីក្នុងបរិវត្តកម្មឌីជីថល» នាព្រឹកថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៤។

ពិធីនេះមានការចូលរួមពីលោក ប៊ុន សាវ៉ាន់ សមាជិកក្រុមប្រឹក្សាខេត្តស្វាយរៀង, លោក សុច ពិសី អភិបាលស្រុកកំពង់រោទិ៍ និងលោកស្រីភរិយាលោកបណ្ឌិត សម តារា ព្រមទាំងលោកស្រីជាអភិបាលរងស្រុក សមាជិកក្រុមប្រឹក្សាស្រុក និងស្ត្រីជាសមាជិកក្រុមប្រឹក្សាឃុំជាច្រើនរូបទៀតផងដែរ។

លោកបណ្ឌិតបានពាំនាំការសាកសួរសុខទុក្ខពីសំណាក់សម្ដេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងសម្ដេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន អនុប្រធានគណបក្សប្រជាជនកម្ពុជា, សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ជូនដល់លោកស្រីដែលជាអភិបាលរង និងសមាជិកក្រុមប្រឹក្សាស្រុក សមាជិកក្រុមប្រឹក្សាឃុំនៅទូទាំងស្រុកកំពង់រោទិ៍ផងដែរ។

ជាមួយគ្នានេះ លោកបណ្ឌិតបានបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជាអាណត្តីទី៧ បានដាក់ចេញនូវយុទ្ធសាស្រ្តបញ្ចកោណ ដំណាក់កាលទី១ ដែលរួមបញ្ចូលការងាររបស់ស្ត្រី ជាការចូលរួមចំណែកអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមជាតិ ហើយបានផ្តល់ឱកាស និងលើកទឹកចិត្តឱ្យស្រ្តីមានតួនាទី និងមុខដំណែងជាអ្នកគ្រប់គ្រង និងដឹកនាំចាប់តាំងពីថ្នាក់ក្រោមជាតិរហូតដល់ថ្នាក់ដឹកនាំកំពូល។

ជាក់ស្តែង យើងមានសមាសភាពជានារីនៅក្នុងជួរថ្នាក់ដឹកនាំចាប់ពី ឃុំ សង្កាត់ ស្រុក ខណ្ឌ រាជធានី ខេត្ត ក្រសួងស្ថាប័ន ជាងនេះទៅទៀត ក្នុងជួររាជរដ្ឋាភិបាល រដ្ឋសភា និងព្រឹទ្ធសភាផងដែរ។ លោកបណ្ឌិតក៏បានណែនាំ ស្ត្រី ត្រូវថែរក្សាសុខភាពឱ្យបានល្អ ស្រ្តីជាមាតា មានសុខភាពល្អ នោះកូន ស្វាមី និងគ្រួសារ ទាំងមូលក៏មានសុខភាពល្អ មានសុភមង្គល និងមានឱកាស ចូលរួមសង្គមយ៉ាងពេញលេញក្នុងកិច្ចអភិវឌ្ឍន៍ សង្គមជាតិបានដោយរលូនផងដែរ។

លោកបណ្ឌិតបានសំណូមពរអ្នកប្រើប្រាស់ប្រព័ន្ធអ៊ីនធឺណែត ត្រូវផ្តោត​ការ​យកចិត្តទុក្ខខ្ពស់ក្នុងការប្រើប្រាស់ ប្រកបដោយការទទួលខុសត្រូវខ្ពស់ និងត្រូវចេះត្រិះរិះពិចារណាឱ្យបានល្អិតល្អន់ ព្រោះថា បចេ្ចកវិទ្យាក៏បានជួយសម្រួល ដល់ការបម្រើការងារប្រចាំថ្ងៃ ប៉ុន្តែបច្ចេកវិទ្យាក៏អាចធ្វើឱ្យអ្នកប្រើប្រាស់មានបញ្ហានោះដែរ ប្រសិនបើយើងប្រើប្រាស់ដោយខ្វះការពិចារណានិងមិនចំគោលដៅ។

នៅក្នុងឱកាសនៅលោកបណ្ឌិត សម តារា និងលោកស្រី ក៏បានឧបត្ថម្ភដល់ស្ត្រីដែលបានចូលរួមក្នុងម្នាក់ៗទទួលបានសារុង១និងថវិកា ៥ ម៉ឺនរៀលព្រមទាំងផ្ដល់អាហារសម្រន់និងភេសជ្ជៈផងដែរ៕