(កំពង់ធំ)៖ នៅថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៤ លោក សាយ គឹមឡម អភិបាលស្រុកស្ទោង ព្រះគ្រូចៅអធិការ និងគណៈកម្មការអាចារ្យវត្ត «ករណីដើម» បាននិមន្ត និងអញ្ជើញពិនិត្យមើលវឌ្ឍនភាព នៃការសាងសង់ និងការដាក់បំពាក់សូឡាបំភ្លឺ «វិថីអនុគណតូចអ៊ុល» ស្ថិតនៅក្នុងភូមិឈើទាល ឃុំកំពង់ចិនត្បូង ស្រុកស្ទោង ខេត្តកំពង់ធំ។
លោក សាយ គឹមឡម បានអំពាវនាវពុកម៉ែបងប្អូនដែលរស់នៅអមសងខាងផ្លូវ សូមបន្តជួយថែរក្សាផ្លូវនេះឲ្យបានស្អាត ប្រកបដោយសោភ័ណភាព បរិស្ថាន ជាពិសេសថែរក្សាប្រព័ន្ធបង្ហូរទឹកនៅអមសងខាងផ្លូវ កុំឱ្យមានការកកស្ទះ ឬមានក្លិនមិនល្អ ដែលជាការរំខាន និងនាំឲ្យខូចគុណភាពផ្លូវផងដែរ ហើយអាជ្ញាធរឃុំកំពង់ចិនត្បូង ត្រូវមើលការថែទាំវិថីនេះ ជាពិសេសការថែទាំផ្កា និងសួនច្បារ ព្រមទាំងសូឡាឲ្យបានជាប្រចាំ។
លោកបានណែនាំលោក ថេង ណាល់ ដែលជាអ្នកផ្គត់ផ្គង់ និងម៉ៅការបំពាក់សូឡា សូមបំពាក់សូឡាប្រកបដោយគុណភាព តាមបទដ្ឋានបច្ចេកទេសកិច្ចសន្យា ជាពិសេសគឺការថែទាំជាប្រចាំដើម្បីធានានូវគុណភាព និងការបំភឺបានល្អនិងយូអង្វែង។
គួរបញ្ជាក់ថា វិថីអនុគណតូចអ៊ុល ជាវិថីភ្លោះ ធ្វើពីបេតុងមានទទឹង ៩ម៉ែត្រ និងមានប្រវែង ៤៥០ម៉ែត្រ ហើយត្រូវបំពាក់សូឡាភ្លោះចំនួន២១ដើម ដែលត្រូវសាងសង់រួចរាល់ក្នុងពេលឆាប់ៗនេះ៕