(ភ្នំពេញ)៖ អធិការនគរបាលខណ្ឌដូនពេញ លោក ហួត ចាន់យ៉ារ៉ាន់ បានបញ្ជាក់ថា នៅយប់រំលងអាធ្រាត្រចូលថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០១៦ កម្លាំងនគរបាលរបស់លោក សហការជាមួយកម្លាំងនគរបាលការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល និងកម្លាំងអន្តរាគមន៍ ក្រោមការបញ្ជាផ្ទាល់ពីនាយឧត្តមសេនីយ៍ ជួន សុវណ្ណ បានបើកប្រតិបត្តិការចុះបង្ក្រាបករណីចែកចាយ និងប្រើប្រាស់គ្រឿងញៀន ដោយធ្វើការឃាត់ខ្លួនជនសង្ស័យ៥នាក់ ព្រមទាំងដកហូតថ្នាំញៀន១២កញ្ចប់ និងវត្ថុតាងមួយចំនួន ក្នុង២ករណីផ្សេងគ្នា។

ករណីទី១ កម្លាំងផ្នែកយុត្តិធម៌ និងប៉ុស្តិ៍នគរបាលរដ្ឋបាលផ្សារកណ្តាលទី២ នៃអធិការដ្ឋាននគរបាលខណ្ឌដូនពេញ សហការជាមួយម្លាំង ការិ.ព្រហ្មទណ្ឌកំរិតស្រាល និងកម្លាំងកងអន្តរាគមន៍ពិសេសនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឃាត់ខ្លួនជនសង្ស័យចំនួន០៤នាក់ ជាបន្តបន្ទាប់នៅចំណុចផ្លូវលេខ១៣០កែង​ ផ្លូវព្រះនរោត្តមភូមិ១ សង្កាត់ផ្សារចាស់ ខណ្ឌដូនពេញ និងនៅចំណុចក្នុងបន្ទប់លេខ១០២ជាន់ទី១ផ្ទះសំណាក់ លូ ទូស មានទីតាំងផ្លូវលេខ១៣៦ ភូមិ៤ សង្កាត់ផ្សារកណ្តាលទី២ ខណ្ឌដូនពេញ ពីបទជួញដូរដោយខុសច្បាប់នូវសារធាតុញៀន។

ជនសង្ស័យត្រូវឃាត់ខ្លួនរួមមាន ទី១ ឈ្មោះញ៉ូ ហិុនរីរដ្ឋានី ភេទប្រុស អាយុ២៣ឆ្នាំ មុខរបរមិនប្រាកដមានទីលំនៅមិនប្រាកដ ទី២ឈ្មោះភួង រ៉ាវីន ភេទប្រុស អាយុ២១ឆ្នាំ មុខរបរនិងទីលំនៅមិនពិតប្រាកដ ទី ៣ ឈ្មោះសុទ្ធ ថាប់ ភេទស្រីអាយុ៣៣ឆ្នាំ មុខរបរនិងទីលំនៅមិនប្រាកដ និងទី ៤ ឈ្មោះសួ មករា ភេទប្រុសអាយុ៣២ឆ្នាំ មុខរបរនិងទីលំនៅមិនប្រាកដ។

វត្ថុតាងចាប់យកបានមានក្រាមពណ៌សថ្លាសង្ស័យជាគ្រឿងញៀនចំនួន១០កញ្ចប់ ជញ្ជីងសំរាប់ថ្លឹងគ្រឿងញៀនចំនួនមួយ កូនថង់ប្លាស្ទីចសំរាប់ច្រកគ្រឿងញៀនមួយចំនួន. ទូរសព្ទ័ដៃចំនួន៥គ្រឿង.កូនកន្រ្តៃមួយនិងម៉ូតូមួយគ្រឿងម៉ាកSTEPពណ៌សពាក់ស្លាកលេខភ្នំពេញ1V.9378.។

ដោយឡែកករណីទី២ ថ្ងៃទី០៣ ខែកញ្ញា ២០១៦វេលាម៉ោង០៣ម៉២០នាទីកំលាំងផ្នែកយុត្តិធម៌នៃអធិការដ្ឋាននគរបាលខណ្ឌដូនពេញបានសហការជាមួយកំលាំងកា.រិព្រហ្មទណ្ឌកំរិតស្រាល កំលាំងកងអន្តរាគមន៍ពិសេសនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឃាត់ខ្លួនជនសង្ស័យម្នាក់ ឈ្មោះអិុត សុផានិត អាយុ៤១ឆ្នាំ មុខរបរមិនប្រាកដមានទីលំនៅផ្ទះជួលផ្លូវរទេះភ្លើងភូមិ៣សង្កាត់ស្រះចកខណ្ឌដូនពេញ ពីបទជួញដូរដោយខុសច្បាប់នូវសារធាតុញៀន។

វត្ថុតាងចាប់យកបានមាន ក្រាមពណ៌សថ្លា សង្ស័យជាគ្រឿងញៀនចំនួន០២កញ្ចប់តូច.ជញ្ជីងសំរាប់ថ្លឹងគ្រឿងញៀនចំនួនមួយ .កូនថង់ប្លាស្ទីចសំរាប់ច្រកគ្រឿងញៀនមួយចំនួន .ទូរសព្ទ័ដៃមួយគ្រឿង កូនកាបូបពណ៌ក្រហមសំរាប់ដាក់គ្រឿងញៀនមួយ និងម៉ូតូមួយគ្រឿងម៉ាកសីុរូស ពណ៌ក្រហមមួយ។

បច្ចុប្បន្នជនសង្ស័យទាំងនេះ កំពុងឃាត់ខ្លួន នៅអធិការដ្ឋាននគរបាលខណ្ឌដូនពេញ ដើម្បីកសាងសំណុំរឿងតាមនិតិវិធី៕