(ភ្នំពេញ)៖ អង្គការរក្សាកុមារ បានរៀបចំទិវាការស្តាប់ឮកម្ពុជា លើកទី៧ ឆ្នាំ២០២៤ ក្រោមប្រធានបទ «ចូរផ្លាស់ប្តូរផ្នត់គំនិត៖ តោះធ្វើឲ្យការថែទាំត្រចៀក និងការស្តាប់ឮក្លាយជាការពិត ដើម្បីទាំងអស់គ្នា» ដើម្បីបង្កើនការយល់ដឹង និងការចែករំលែកព័ត៌មាន អំពីការស្តាប់ឮ ដល់សាធារណជន និងអ្នកផ្តល់សេវាសុខាភិបាល។
ទិវាការស្តាប់ឮកម្ពុជាលើកទី៧ ឆ្នាំ២០២៤ រៀបចំឡើងក្រោមការចូលរួមពីលោកសាស្ត្រាចារ្យបណ្ឌិតសភាចារ្យ សុក ស៊ីផាន់ណា សហស្ថាបនិកអង្គការរក្សាកុមារ និងលោក ឈឹម គឹមហ៊ាន និងលោកស្រី កែប ច័ន្ទសមា ស្ថាបនិក និងនាយកប្រតិបត្តិរង នៃអង្គការផ្តល់នូវក្តីសង្ឃឹមកម្ពុជា រៀបចំឡើងនៅថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៤។
អង្គការសុខភាពពិភពលោកបានបញ្ជាក់ថា ៨០% នៃប្រជានជនលើពិភពលោក ដែលទាមទារតម្ហែទាំការស្តាប់ឮ ពុំទទួលបានការថែទាំនោះទេ ដែលបញ្ហានេះត្រូវការថវិកាប្រមាណមួយទ្រីលានដុល្លារអាមេរិក ដើម្បីដោះស្រាយ។
បញ្ហាស្តាប់ឮ មិនមែនជាបញ្ហាដែលប៉ះពាល់តែសរីរាង្គកាយប៉ុណ្ណោះទេ តែក៏អាចបណ្ដាលអោយមានបញ្ហាផ្លូវចិត្ត ដោយសារការទទួលយកមិនបាននូវព័ត៌មាន និងឧបសគ្គក្នុងទំនាក់ទំនង។ ដូចនេះគោលបំណងនៃទិវាស្តាប់ឮ សម្រាប់ឆ្នាំនេះ គឺផ្តល់នូវព័ត៌មានជាក់លាក់ សម្រាប់ជំរុញឲ្យសាធារណជន ក៏ដូចជាសង្គម និងរាជរដ្ឋាភិបាល យកចិត្តទុកដាក់លើការផ្តល់សេវា ថែទាំត្រចៀក និងការស្តាប់ឮឲ្យមានបរិយាបន្នខ្ពស់។
ក្នុងប្រទេសកម្ពុជាផ្ទាល់ អង្គការផ្តល់នូវក្តីសង្ឃឹមកម្ពុជា បានចូលរួមជួយផ្តល់ការថែទាំការស្តាប់ឮ ដល់អ្នកជម្ងឺប្រមាណ ២៥០០០នាក់ តាំងពីឆ្នាំ២០២០មក។ ជាមួយគ្នានេះអង្គការគ្រួសារថ្មី ដែលបានចូលរួមនៅក្នុងកម្មវិធីនាថ្ងៃនេះផងដែរ ក៏បានចូលរួមជួយដល់កុមារដែលមានបញ្ហាស្តាប់ឮប្រហែល៦៥០នាក់ ដែលក្នុងនោះ២០០នាក់ នៅសាលាអប់រំពិសេសភ្នំពេញថ្មី និងមានកុមារនៅបណ្ដាសាលាផ្សេងៗទៀតរួមមាន សាលានៅច្បារអំពៅ សៀមរាប បាត់ដំបង និងកំពង់ចាម។
យ៉ាងណាម៉ិញ តម្រូវការនៃតម្ហែទាំការស្តាប់ឮ ទាំងនៅតាមបណ្ដាគ្រឹះស្ថានអប់រំ និងគ្រឹះស្ថានសុខាភិបាល នៅតែមានតម្រូវការបន្ថែមជាចាំបាច់ តាមតម្រូវការជាក់ស្តែង ដើម្បីការការពារ ការថែទាំង និងការព្យាបាល ដែលគួរតែត្រូវបានចាត់ទុកថា ជាតម្រូវការមូលដ្ឋាននិងចាំបាច់។
ដើម្បីចូលរួមចំណែកលើកស្ទួយ លើកទឹកចិត្ត ក៏ដូចជាជួយផ្សព្វផ្សាយបន្ថែមអំពីការថែទាំការស្តាប់ឮ អង្គការរក្សាកុមារ ក្រោមការដឹកនាំ និងចង្អុលបង្ហាញរបស់លោកស្រីបណ្ឌិត ជា សិរី បានរៀបចំទិវាស្តាប់ឮជារៀងរាល់ឆ្នាំ ដោយផ្តោតលើប្រធានបទផ្សេងៗគ្នា ស្របតាមការកំណត់របស់អង្គការសុខភាពពិភពលោក។
សូមបញ្ជាក់ថា ទិវាស្តាប់ឮតែងត្រូវបានប្រារព្វឡើងជាប្រចាំឆ្នាំនៅលើសកលលោក ដោយកំណត់យកថ្ងៃទី៣ ខែមីនា ដែលអាចចូលរួមរៀបចំដោយ ក្រុមហ៊ុន អង្គការ សមាគម ឬស្ថាប័នរដ្ឋជាដើម៕