(ភ្នំពេញ)៖ ថ្លែងនាឱកាសអញ្ជើញជាអធិបតីប្រារព្ធទិវាជាតិអំណាន ១១ មីនា ២០២៤ ក្រោមប្រធានបទ៖ «អំណានជាមូលដ្ឋានគ្រឹះ សម្រាប់ទាំងអស់គ្នាក្នុងជីវិត» ដែលបានធ្វើឡើងនៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា បណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ដ្រីក្រសួងអប់រំ យុវជន និងកីឡា បានថ្លែងបញ្ជាក់ថា ការអានក៏ជាមធ្យោបាយដ៏មានប្រសិទ្ធភាពខ្ពស់បំផុតមួយ ក្នុងការលើកកម្ពស់លទ្ធផលសិក្សា និងការយល់ដឹងពីពិភពលោក។
លោកបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន បានបន្ថែថា ខណៈពេលដែលបច្ចេកវិទ្យាកំពុងរីកចម្រើនជារៀងរាល់ថ្ងៃ មធ្យោបាយសម្រាប់អំណាន ក៏មានច្រើនជម្រើសសម្រាប់អ្នកចូលចិត្តអំណានរួមមាន៖ អានសៀវភៅ អានលើឧបករណ៍អេឡិកត្រូនិក អាននៅលើទូរសព្ទវៃឆ្លាត និងអាននៅលើកុំព្យូទ័រ ដែលទាំងនេះសុទ្ធសឹងជាមធ្យោបាយសំខាន់ៗ នាំអ្នកអានទាំងឡាយ ឱ្យសម្រេចគោលបំណងអានរបស់ខ្លួន។ ម៉្យាងវិញទៀតអំណាន ដោយប្រើមធ្យោបាយបច្ចេកវិទ្យាទំនើប ចំណាយពេលតិច ងាយស្រួលអាន និងជួយដល់បរិស្ថានផងដែរ។
នាពេលបច្ចុប្បន្ននេះសិស្ស និស្សិត និងយុវជនកម្ពុជា ដែលស្រឡាញ់អំណាន ក៏កំពុងតែប្រើប្រាស់មធ្យោបាយអានទាំងនេះផងដែរ បើក្រឡេកមើលទៅប្រទេសជឿនលឿន ទោះបីបច្ចេកវិទ្យារីកចម្រើនខ្លាំងយ៉ាងណា អំណានតាមរយៈសៀវភៅនៅតែមានសន្ទុះខ្លាំងក្លាដដែល។ ក្នុងន័យនេះក្រសួងអប់រំ យុវជន និងកីឡា បានប្រារព្ធទិវាជាតិ អំណាន ចំនួន៨លើករួចមកហើយ ចាប់តាំងពីឆ្នាំ២០១៦ មកដល់ពេលនេះ។
លោកបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន បានបញ្ជាក់ទៀតថា សម្រាប់ឆ្នាំ២០២៤នេះ ជាឆ្នាំទី៩ ដែលក្រសួងបានរៀបចំប្រារព្ធទិវាជាតិអំណាន ដូចឆ្នាំកន្លងមកដែរ ក្រសួងបានបង្កើតការប្រឡង ប្រជែងអានអត្ថបទ ស្មូតកំណាព្យ និងតែងនិពន្ធ នៅថ្នាក់ក្រោមជាតិ និងថ្នាក់ជាតិ ដើម្បីទទួលពានរង្វាន់សម្តេចតេជោ ហ៊ុន សែន ដោយជ្រើសរើសសិស្សទៅតាមកម្រិតសិក្សានីមួយៗ អនុលោមទៅតាមវិញ្ញាសា៣ សំខាន់ៗសម្រាប់សិស្សានុសិស្សរួមមាន៖ ការប្រឡងប្រជែងអានអត្ថបទ, ការប្រឡងប្រជែងស្មូតកំណាព្យ និងការប្រឡងប្រជែងតែងនិពន្ធ និងការប្រកួតប្រជែងបកស្រាយប្រធានបទ «តួនាទីព្រះពុទ្ធសាសនា ក្នុងការលើកកម្ពស់ការអប់រំ សីលធម៌និង ចរិយាធម៌» ផងដែរ។
បើតាមលោកបណ្ឌិតសភាចារ្យ រាជរដ្ឋាភិបាលកម្ពុជា អាណត្តិទី៧ ក្រោមការដឹកនាំដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានដាក់ចេញនូវយុទ្ធសាស្ត្របញ្ចកោណ ដោយបានចាត់ទុកការអភិវឌ្ឍនធានមនុស្សជាអាទិភាពទី១។ ក្នុងយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ ក្រសួងអប់រំ យុវជន និងកីឡា នឹងបន្តការធ្វើកំណែទម្រង់វិស័យអប់រំ ដោយផ្តោតលើគុណភាពអប់រំគ្រប់កម្រិតសិក្សា ជំរុញការអប់រំឌីជីថល បង្កើនការចូលរៀនផ្នែកវិទ្យា សាស្ត្រនិងបច្ចេកវិទ្យា ពង្រឹងការបណ្តុះបណ្តាលជំនាញដល់យុវជន ពង្រឹងការអប់រំកាយនិងកីឡា ការអប់រំ សុខភាព និងភាពជាពលរដ្ឋពេញលេញ។
ទន្ទឹមនឹងនោះក្រសួងក៏បានធ្វើមូលដ្ឋានីយកម្មគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព ស្តីពីការអប់រំឆ្នាំ២០៣០ និងផែនការយុទ្ធសាស្ត្រកំណែទម្រង់វិស័យអប់រំ ២០២៣- ២០២៨ ដែលឈរលើគោលនយោបាយធំៗពីរគឺ៖ ១) ធានាឱ្យការអប់រំមានគុណភាព ប្រកបដោយសមធម៌ បរិយាបន្ន និងលើកកម្ពស់ឱកាសក្នុងការសិក្សាពេញមួយជីវិត សម្រាប់ទាំងអស់គ្នា និង ២) ធានាភាពស័ក្តិសិទ្ធិនៃភាពជាអ្នកដឹកនាំ និងគ្រប់គ្រងមន្ត្រីអប់រំគ្រប់លំដាប់ថ្នាក់៕